ស្ត្រីមានហានិភ័យខ្ពស់ប្រឈមនឹងបញ្ហាផ្សេងៗដែលកើតទៅលើស្បូន ដូចជា គីស ដុំស្បូន ហើយជំងឺដែលសាហាវជាងគេនោះ គឺមហារីកស្បូន។ មានស្ត្រីមួយចំនួនគិតថា ឲ្យតែកើតដុំសាច់ក្នុងស្បូន ដឹងតែកើតទៅជាមហារីកហើយ តែគ្រូពេទ្យជំនាញមិនគិតអ៊ីចឹងទេ។
“ជាទូទៅ ជំងឺដុំសាច់ស្បូន គឺជាដុំសាច់ស្លូត ហើយមិនសូវឲ្យមានជាសញ្ញាអ្វីទេ ហើយជំងឺដុំស្បូននេះ គឺមិនមែនជាមហារីកទេ។” នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ចាន់ រស្មី ឯកទេសផ្នែកសម្ភព និងរោគស្ត្រី។
ជំងឺដុំស្បូនភាគច្រើនកើតទៅលើស្ត្រីដែលមានអាយុលើសពី៣០ឆ្នាំ ស្ត្រីគ្មានកូន ស្ត្រីធាត់ខ្លាំង និងប្រវត្តិគ្រួសារធ្លាប់មានជំងឺនេះហើយដុំស្បូនអាចវិវត្តទំហំចាប់ពីប៉ុនផ្លែពុទ្រា រហូតដល់ប៉ុនផ្លែក្រូចថ្លុង។ ជំងឺដុំសាច់ស្បូន ឧស្សាហ៍កើតច្រើននៅលើទីតាំងចំនួន៣៖
ទី១.ដុំសាច់នៅលើសាច់ស្បូន
ទី២.ដុំសាច់នៅក្នុងសាច់ស្បូន
ទី៣.ដុំសាច់នៅក្នុងរន្ធស្បូន
លោកវេជ្ជបណ្ឌិតបន្តថា បច្ចុប្បន្ននេះ មូលហេតុដែលបណ្ដាលឲ្យកើតជំងឺដុំសាច់ស្បូននៅមិនទាន់ដឹងច្បាស់នៅឡើយទេ តែពេទ្យបានកំណត់កត្តាប្រឈមដូចជា ភាពមិនប្រក្រតីនៃហ្សែន កត្តាអ័រម៉ូនអេស្ត្រូសែន តំណពូជ និងជាតិសាសន៍។ ក្នុងករណីដែលស្ត្រីកើតជំងឺដុំសាច់ស្បូននេះ ស្ត្រីប្រឈមនឹងផលប៉ះពាល់ច្រើនយ៉ាងរួមមាន៖
– ធ្លាក់ឈាមរហូតធ្វើឲ្យស្លេកស្លាំង
– ការបង្កកំណើតមានការថយចុះ ដោយសារទីតាំងរបស់ដុំស្បូន
– ពេលមានផ្ទៃពោះ វាអាចបង្កឲ្យកូនរលូត ឬកើតមិនគ្រប់ខែ
– សង្កត់ទៅលើសរីរាង្គនៅក្បែរ បើដុំនៅខាងមុខ វាសង្កត់លើប្លោកនោម ធ្វើឲ្យរំខានដល់ការបត់ជើងតូច (នោមញឹក) បើសង្កត់ខាងក្រោយ ធ្វើឲ្យទល់លាមក។
[embed-health-tool-bmi]