ការពិនិត្យ និងស្ទាបរកដុំមហារីកសុដន់ដោយខ្លួនឯងជាប្រចាំអាចកាត់បន្ថយហានិភ័យមហារីកសុដន់រីករាលដាល និងអាចជួយស្រ្តីព្យាបាលមហារីកសុដន់បានទាន់ពេល និងជោគជ័យ។ តើស្រ្តីអាចពិនិត្យ និងស្ទាបរកដុំមហារីកសុដន់ដោយខ្លួនឯងបានដោយវិធីណា? ញឹកញាប់កម្រិតណា និងនៅពេលណា?
សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រីជាប្រធានមន្ទីរពហុព្យាបាល និងសម្ភពត្បូងពេជ្របានលើកឡើងថា ស្រ្តីពេញវ័យគួរពិនិត្យ និងស្ទាបរកដុំមហារីកសុដន់ដោយខ្លួនឯងជាប្រចាំរៀងរាល់ខែ បន្ទាប់ពីមករដូវរួចស្អាតខ្លួន ៤ ទៅ ៦ ថ្ងៃ ព្រោះក្រោយពេលមករដូវហើយលើសុដន់ស្រ្តីមិនមានភាពតឹង ឬរឹងដោយសារបំរែបំរួលអ័រម៉ូនមានការថយចុះទេ។
លោកបន្តថា ប្រសិនបើមានដុំ ឬដុំពកលើសុដន់ ស្រ្តីងាយនឹងស្ទាប ឬប៉ះដឹង តែប្រសិនបើស្រ្តីពិនិត្យនៅពេលជិតមករដូវ សុដន់ស្រ្តីអាចរីកធំ ឬឡើងតឹងដោយសារបំរែបំរួលអ័រម៉ូនដែលធ្វើឱ្យស្រ្តីមានការពិបាកក្នុងការពិនិត្យ និងស្ទាបរកដុំមហារីកសុដន់។
ស្រ្តីអាចធ្វើការពិនិត្យសុដន់ដោយមើលកញ្ចក់។ ប្រសិនបើស្រ្តីពិនិត្យសុដន់ខាងស្តាំ ស្រ្តីត្រូវលើកដៃខាងស្តាំដាក់លើក្បាល ហើយយកម្រាមដៃខាងធ្វេងស្ទាបរកដុំកូនកណ្តុរ ឬដុំចាប់ពីក្រោមក្បៀក ហើយអូសច្បូតចុះម្តងបន្តិចៗរហូតដល់ចុងសុដន់។
បន្ទាប់មកស្ទាបមើលដុំក្នុងសុដន់ដោយស្ទាបសុដន់ក្នុងចលនារង្វង់ពីចុងសុដន់រហូតដល់គល់សុដន់។ ជាចុងក្រោយ លោក វេជ្ជបណ្ឌិតថា ស្រ្តីត្រូវធ្វើការច្របាច់ចុងសុដន់ដើម្បីពិនិត្យមើលថាមានដុំ មានការហូរទឹករងៃ ឈាម ឬទឹកដោះដែរឬទេ?
បន្ទាប់មកស្រ្តីត្រូវធ្វើការពិនិត្យសុដន់ខាងឆ្វេងទៀតដោយត្រូវលើកដៃខាងឆ្វេងដាក់លើក្បាល រួចធ្វើតាមការណែនាំដូចការពិនិត្យសុដន់ផ្នែកខាងស្តាំអ៊ឹចឹងដែរ។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
ពេលពិនិត្យ និងស្ទាបរកដុំមហារីកសុដន់ដោយខ្លួនឯង ស្រ្តីត្រូវសង្កេតរកមើលរោគសញ្ញាមហរីកសុដន់ទាំង ១២ ដូចខាងក្រោម៖
- ស្បែកសុដន់មានសភាពក្រាស់ ឬក្រាស់ឃ្មឹកដែលមិនមានភាពទន់រលោងដូចធម្មតា
- ស្បែកសុដន់មានស្នាម ខួច ឬខូងចូលក្នុង
- ចុងសុដន់មានសភាពស្ងួត រឹង ប្រេះ បែកស្រកា ឬឈឺ
- លើសុដន់មានការរលាក ឡើងក្រហម ឬក្តៅ
- ចុងសុដន់មានហូរទឹករងៃ ឈាម ឬទឹកដោះ (មិនមែនពេលបំបៅដោះ ឬមានផ្ទៃពោះ) ពេលសង្កត់លើ ឬច្របាច់
- ស្បែកសុដន់ឈឺពេលប៉ះ
- លើសុដន់មានដុំពក
- លើសុដន់មានឡើងសរសៃឈាមធំៗខុសធម្មតា
- ចុងសុដន់លិបចូលក្នុងទោះសង្កត់ហើយក៏មិនលៀនចេញវិញ (មិនមែនពីកំណើត)
- សុដន់សងខាងប្រែប្រួលរូបរាង អាចរីកធំខុសធម្មតា ឬធំម្ខាងតូចម្ខាង
- លើស្បែកសុដន់មានជាំដុំៗ
- ស្បែកសុដន់មានសភាពដូចសំបកក្រូចពោធិ៍សាត់
[embed-health-tool-ovulation]
ការពិនិត្យ និងស្ទាបរកដុំមហារីកសុដន់ដោយខ្លួនឯងអាចជួយឱ្យស្រ្តីរកឃើញមហារីកសុដន់នៅដំណាក់ដំបូង។ ប្រសិនបើស្រ្តីប្រទះឃើញ ឬសង្កេតឃើញមានរោគសញ្ញាណាមួយដូចលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតបានលើកឡើង ឬមានការសង្ស័យអ្វីមួយ គួរទៅជួបគ្រូពេទ្យជាបន្ទាន់ដើម្បីធ្វើរោគវិនិច្ឆ័យឱ្យបានទាន់ពេលវេលា។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?
- មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប
ចំណុចសំខាន់
- ប្រសិនបើស្រ្តីពិនិត្យសុដន់ខាងស្តាំ ស្រ្តីត្រូវលើកដៃខាងស្តាំដាក់លើក្បាល
- ហើយយកដៃខាងធ្វេងស្ទាបរកដុំកូនកណ្តុរ ឬដុំចាប់ពីក្រោមក្បៀក រួចអូសច្បូតចុះម្តងបន្តិចៗរហូតដល់ចុងសុដន់
- បន្ទាប់មកស្ទាបមើលដុំក្នុងសុដន់ដោយស្ទាបសុដន់ក្នុងចលនារង្វង់ពីចុងសុដន់រហូតដល់គល់សុដន់
- ជាចុងក្រោយ ស្រ្តីត្រូវធ្វើការច្របាច់ចុងសុដន់ដើម្បីពិនិត្យមើលថាមានដុំ មានការហូរទឹករងៃ ឈាម ឬទឹកដោះ
- បន្ទាប់មកស្រ្តីត្រូវធ្វើការពិនិត្យសុដន់ខាងឆ្វេងទៀតដោយត្រូវលើកដៃខាងឆ្វេងដាក់លើក្បាល រួចធ្វើតាមការណែនាំដូចការពិនិត្យសុដន់ផ្នែកខាងស្តាំដែរ