ជំងឺ​ម្យ៉ាង​ឧស្សាហ៍​កើត​លើ​ទ្វារ​មាស ស្រីៗគួរដឹង

ដោយ ត្រួតពិនិត្យដោយ Chan Sineth.

គិតៗ​ទៅ​ស្រីៗ​ពិបាក​សព្វមុខ មិន​ថា​ការ​ដើរ​ហើរ ការងារ​ក្នុង​ផ្ទះ ឬ​ឱកាស​ខ្ពស់​​ក្នុង​ការ​ជំងឺ​ផ្សេងៗ ពាក់ព័ន្ធ​ផ្លូវ​ភេទ។ ​ជាក់​ស្ដែង​ដូច​​ជំងឺ​(រោគស្ត្រី) ម្យ៉ាង​ហៅ​ថា Vaginismus ដែល​បង្ក​ឲ្យ​ តឹង​ណែន​នៃ​សាច់​ដុំ​ជុំវិញ​តំបន់​ទ្វារមាស ឬ​ឈឺ​ចាប់​ខ្លាំង​ពេល​រួមភេទ។ ៣​ចំណុច​ខាង​ក្រោម ជា​ចំណេះ​ដឹង​ខ្លីៗ ស្រីៗ​គ្នា​យើង​គួរ​ដឹង​ពី​បញ្ហា​ទាក់ទង​នឹង​ជំងឺ​ប្រភេទ​នេះ។

– #មូលហេតុនាំឲ្យមនុស្សស្រីមានជំងឺ Vaginismus

ទោះ​ជា​មក​ទល់​ពេល​នេះ​ក្រុមគ្រូពេទ្យ​ជំនាញ​ រួម​ទាំង​អ្នក​ស្រាវ​ជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​មិនទាន់​រក​ឃើញ​មូល​ហេតុ​ជាក់​លាក់​នាំ​ស្រីៗ​គ្នា​យើង​កើត​ជំងឺ​ប្រភេទ​នេះ​ក៏​ពិត​មែន ​ប៉ុន្តែ​កត្តា​ប្រ​ឈម​មួយ​ចំនួន​ត្រូវ​គេ​ជឿ​ថា អាច​នាំ​ឲ្យ​កើត​ជំងឺ​នេះ៖

ទ្វារ​មាស​មាន​ទំហំ​តូច​ពេក

ឈឺ​ចាប់​អំឡុង​ពេល​រួមភេទ

ខូច​ទ្រង់​ទ្រាយ​ទ្វារ​មាស​ក្រោយ​ពេល​សម្រាល​កូន

ធ្លាប់​ត្រូវ​បាន​គេ​បំពាន​​ផ្លូវ​ភេទ ( . ធ្លាប់​ត្រូវ​​គេ​ចាប់​​រំលោភ)

មាន​រោគ​ស្ត្រីផ្សេតទៀ ដូច​ជា​ជំងឺ​ផ្សិត​ក្នុង​ទ្វារ​ស

ខ្លាច​មាន​ផ្ទៃ​ពោះ

មាន​ការ​ឈឺ​ចាប់​ខ្លាំង​ពេល​រួម​ភេទ​ដំបូង

មាន​ទំនាក់​ទំនង​មិន​ល្អ​ជាមួយ​ដៃ​គូ​រួម​ភេទ ឬ ជំងឺ Vaginismus ក៏​អាច​កើត​ឡើង​ដោយ​សារ​កត្តា​បញ្ហា​ផ្លូវ​ចិត្ត​ និង​ផ្លូវ​កាយ។

– #អាការៈផ្សេងពេលកើតជំងឺ

ទោះ​ជា​រោគ​សញ្ញា​ជំងឺ​នេះ​អាច​ប្រែ​ប្រួល​ទៅ​តាម​បុគ្គលិក​លក្ខណៈ​មនុស្ស​ម្នាក់ៗ ប៉ុន្តែ​រោគ​សញ្ញា​ចម្បង គឺ​ការ​តឹង​ណែន​សាច់​ដុំ​ទ្វារ​មាស​ក្នុង​ពេល​រួមភេទ ធ្វើ​ឲ្យ​ប្រដាប់​ភេទ​បុរស​ពិបាក​ជ្រៀត​ចូល។

យើង​អាច​មាន​អារម្មណ៍​ឈឺ ក្រហាយ នៅ​ពេល​ប្រដាប់​ភេទ​បុរស​ព្យាយាម​ជ្រៀត​ចូល អាចធ្វើ​ឲ្យ​អារម្មណ៍​យើង​ខ្លាច​រអា​ការ​ជ្រៀត​ចូល​នោះ​ថែម​ទៀត​ផង (ធ្វើ​ឲ្យ​ភាគី​​ខាង​ស្រី​គិត​ថា ការ​ជ្រៀត​ចូល​នោះ​អាច ធ្វើឲ្យ​ខូច​ទ្រង់​ទ្រាយ​ទ្វារ​មាស) ជាហេតុ​នាំ​ឲ្យ​បាត់​បង់​ចំណង់​ផ្លូវភេទ។ ករណី​នេះ​ដៃ​គូ​ខាង​ស្រី​ប្រហែល​ជា​ត្រូវ​ជ្រើស​វិធី​រួម​ភេទ​ផ្សេង​ទៀត​ដូច​ជា​Oral sex ជាដើម។

ជម្រើស​ល្អ​បំផុត​កុំ​ទុក ឬ​គេច​ការ​ព្យាបាល បើ​គិត​ថា​អ្នក​មាន Vaginismus ​សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។

– #វិធីសាស្ត្រព្យាបាល

ការ​ព្យាបាល​ជំងឺ​នេះ​ល្អ​បំផុត គឺ​ធ្វើ​លំ​ហាត់​ប្រាណ និង​ទទួល​ការ​ប្រឹក្សា​យោបល់​ពី​គ្រូ​ពេទ្យ​ជំនាញ ខណៈ​ករណី​វះកាត់​កម្រ​កើត​មាន​ណាស់។

     #ប្រឹក្សាយោបល់៖ ស្រីៗ​គ្នា​យើង គួរ​ណាត់​ជួប​ជា​មួយ​អ្នក​ជំនាញ​ខាង​ចិត្ត​សាស្ត្រ គួរឲ្យ​ជឿទុក​ចិត្ត​បាន ព្យាយាម​កាត់​បន្ថយ​អារម្មណ៍​ខ្មាស​អៀន ប្រឹក្សា​យោបល់​រក​ដំណោះស្រាយ។ អ្នក​ជំនាញ​ចិត្ត​សាស្ត្រ អាច​ធ្វើ​ការ​ណែនាំ​យើង ទាក់​ទង​ទៅ​នឹង​វិធី​សាស្ត្រ​ពេល​រួម​ភេទ​ផង​ដែរ។

     #ការធ្វើលំហាត់ប្រាណ៖ ធ្វើ​លំហាត់​ប្រាណ ដូចជា​លំហាត់​ប្រាណ បែប​ Kegel exercises (គេង​រាប​ស្មើ បញ្ឈរ​ជង្គង់ លើក​ត្រគាក​ឡើងចុះៗ)អាច​ជួយ​ឲ្យ​សាច់​ដុំ​ទ្វារ​មាស​រលា​បន្តិច​ម្តងៗ ឬ​អាច​ពិភាក្សា​ជាមួយ​អ្នក​ឯកទេស​ផ្លូវ​ភេទ ដើម្បី​ទទួល​បាន​ការ​ណែនាំ​អំពី​លំហាត់ ប្រាណ​ផ្សេង​ៗ។

     #ករណីវះកាត់៖ បើ​សិន​ជា​វិធី​សាស្ត្រ​ខាង​លើ នៅ​តែ​មិន​មាន​ប្រសិទ្ធភាព គ្នា​យើង​អាច​ជ្រើស​រើស ការ​វះ​កាត់ ដើម្បី​ពង្រីក​ទំហំ​ទ្វារ​មាស​ដោយ​កាត់​ជាលិកា​រឹត​ត្បៀត​ទាំង​នោះ​ចោល។

ជំងឺ Vaginismus កើត​ឡើង​លើ​ស្ត្រី​គ្រប់​គ្នា​​ហើយ​វា​បង្ក​ឲ្យ​មាន​បញ្ហា​ក្នុង​ជីវិត​ផ្លូវ​ភេទ ដូច​នេះ ហើយ​យើង​គួរ​តែ​ស្វែង​យល់​ពី​មូលហេតុ រោគ​សញ្ញា ក៏​ដូច​ជា​វិធី​ព្យាបាល​ដើម្បី​ការពារ​ទុក​ជាមុន។

គិតៗ​ទៅ​កើត​ជា​មនុស្ស​ស្រី ប្រឈម​នឹង​ជំងឺ បែបៗ​នេះ ច្រើន​ជាង​ប្រុសៗ គិត​ចឹង​អត់?

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 7, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 7, 2019

ប្រភព
អ្នកអាចចូលចិត្ត