ប្រជាពលរដ្ឋកាន់តែច្រើននៅសហរដ្ឋអាមេរិក បានស្លាប់ដោយសារតែជំងឺគ្រុនផ្តាសាយច្រើនជាងជំងឺកូវីដ ១៩ ជាលើកដំបូង នៅក្នុងសប្តាហ៍ដែលបញ្ចប់ត្រឹមថ្ងៃទី២៥ ខែមករា បើគិតចាប់តាំងពីការផ្ទុះរាតត្បាតពីវីរុសឆ្លងតាមផ្លូវដង្ហើមមួយនេះ។ នេះបើយោងទៅតាមទិន្នន័យប្រចាំសប្តាហ៍ ដែលចេញផ្សាយដោយមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ និងបង្ការ (CDC)។
សម្រាប់សប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី២៥ ខែមករា អ្នកស្លាប់ជិត ១,៧% ក្នុងចំណោមអ្នកស្លាប់ទូទាំងប្រទេស គឺបណ្តាលមកពីគ្រុនផ្តាសាយ ខណៈដែលជំងឺកូវីដ ១៩ បានធ្វើឱ្យមានមនុស្សស្លាប់ត្រឹមតែ ១,៥% ប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នានេះ។ នេះបើយោងទៅតាមទិន្នន័យរបស់ CDC។
អត្រាអ្នកដែលទទួលការព្យាបាលជំងឺគ្រុនផ្តាសាយ កើនឡើងខ្ពស់ជាង អ្នកដែលទទួលការព្យាបាលជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យ ដល់ទៅ៣ដង អំឡុងពេលមានការឆ្លងជំងឺគ្រុនផ្តាសាយយ៉ាងគំហុក នៅរដូវកាលនេះ។
ទិន្នន័យ CDA បង្ហាញថា តួលេខអ្នកស្លាប់ដោយសារតែគ្រុនផ្តាសាយ បានកើនខ្ពស់រហូតដល់ ២% ក្នុងចំណោមអ្នកស្លាប់ទាំងអស់ នៅត្រឹមសប្តាហ៍ ដែលបញ្ចប់នៅថ្ងៃទី១ ខែកុម្ភៈ ពោលគឺច្រើនជាងចំនួនអ្នកស្លាប់ដោយសារតែកូវីដ ១៩ ទូទាំងប្រទេស ដែលមានត្រឹមតែ ១,៥%។
នៅក្នុងរដ្ឋចំនួន២២របស់អាមេរិក អត្រាអ្នកស្លាប់ដោយសារជំងឺគ្រុនផ្តាសាយ បានកើនឡើងខ្ពស់ជាងអ្នកស្លាប់ដោយសារតែជំងឺកូវីដ ១៩ រយៈពេល៥សប្តាហ៍ពេញនៃដើមឆ្នាំ២០២៥នេះ។
មន្ត្រីសុខាភិបាល ចាត់ទុកភាគរយនៃចំនួនអ្នកស្លាប់ប្រចាំសប្តាហ៍ គឺជាសន្ទស្សន៍បឋមនៃការវាស់វែងទំនោអ្នកស្លាប់ដោយសារតែជំងឺគ្រុនផ្តាសាយ និងកូវីដ ១៩។
CDC សន្និដ្ឋានថា ការស្លាប់ដោយសារតែជំងឺផ្តាសាយចន្លោះពី ១ ៣០០នាក់ ទៅ ៦៥ ០០០នាក់ បានកើតឡើង រួចជាស្រេចនៅរដូវកាលមកទល់ពេលនេះ ដែលជាចំនួនច្រើនជាងតួលេខអ្នកស្លាប់ដោយសារតែផ្តាសាយពេញមួយរដូវកាលមុន ទៅទៀត។
នេះគឺជាតួលេខច្រើនជាងអ្នកស្លាប់ដោយសារតែកូវីដ ១៩ ទៅទៀត ដែលមានត្រឹមតែចន្លោះពី ១៨ ០០០នាក់ ទៅ ៣១ ០០០នាក់ ប៉ុណ្ណោះ ដែល CDC បានព្យាករថា បានកើតឡើងនៅត្រឹមរដូវរងាមកទល់ពេលនេះ៕
ចំណុចសំខាន់
ប្រជាពលរដ្ឋកាន់តែច្រើននៅសហរដ្ឋអាមេរិក បានស្លាប់ដោយសារតែជំងឺគ្រុនផ្តាសាយច្រើនជាងជំងឺកូវីដ ១៩ ជាលើកដំបូង នៅក្នុងសប្តាហ៍ដែលបញ្ចប់ត្រឹមថ្ងៃទី២៥ ខែមករា បើគិតចាប់តាំងពីការផ្ទុះរាតត្បាតពីវីរុសឆ្លងតាមផ្លូវដង្ហើមមួយនេះ។ នេះបើយោងទៅតាមទិន្នន័យប្រចាំសប្តាហ៍ ដែលចេញផ្សាយដោយមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ និងបង្ការ (CDC)។
CDC សន្និដ្ឋានថា ការស្លាប់ដោយសារតែជំងឺផ្តាសាយចន្លោះពី ១ ៣០០នាក់ ទៅ ៦៥ ០០០នាក់ បានកើតឡើង រួចជាស្រេចនៅរដូវកាលមកទល់ពេលនេះ ដែលជាចំនួនច្រើនជាងតួលេខអ្នកស្លាប់ដោយសារតែផ្តាសាយពេញមួយរដូវកាលមុន ទៅទៀត។
នេះគឺជាតួលេខច្រើនជាងអ្នកស្លាប់ដោយសារតែកូវីដ ១៩ ទៅទៀត ដែលមានត្រឹមតែចន្លោះពី ១៨ ០០០នាក់ ទៅ ៣១ ០០០នាក់ ប៉ុណ្ណោះ ដែល CDC បានព្យាករថា បានកើតឡើងនៅត្រឹមរដូវរងាមកទល់ពេលនេះ។