ជំងឺទឹកនោមផ្អែម បញ្ហាចំបងបំផុតគឺការឡើងចុះជាតិស្ករមិនទៀងទាត់ ហើយបើគ្រប់គ្រងមិនបានល្អនឹងបង្កផលវិបាកច្រើនទៅលើសុខភាព ដូចជាតម្រងនោម បេះដូង ភ្នែក បូករួមទាំងផ្នែកខួរក្បាលផងដែរ។ ដូច្នេះការគ្រប់គ្រងជាតិស្ករ គឺជារឿងចំាបាច់មិនអាចប្រហែសបានសម្រាប់អ្នកទឹកនោមផ្អែម។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ទំនាក់ទំនងខួរក្បាលនិងជំងឺទឹកនោមផ្អែម
ខួរក្បាលគឺជាមជ្ឈមណ្ឌលគ្រប់គ្រងសំខាន់បំផុតរបស់រាងកាយ ហើយក៏មានទំនាក់ទំនងខ្លាំងនឹងប្រព័ន្ធសរសៃឈាម។ ខួរក្បាលអាចមានសុខភាពល្អ ក៏អាស្រ័យលើចរន្ដឈាមអាចដឹកនាំអុកស៊ីសែន និងផ្គត់ផ្គង់សារធាតុចិញ្ចឹមបានគ្រប់គ្រាន់ ពិសេសកម្រិតគ្លុយកូសដែលស្រូបចេញពីរបបអាហារ។
គ្លុយកូសគឺជាប្រភពយ៉ាងសំខាន់ជជំរុញឲ្យខួរក្បាលមានថាមពលអាចដំណើរការល្អ បញ្ជាលើសរីរាង្គទាំងអស់ និងជំនួយការចងចាំ។ ក្នុងករណីដែលកម្រិតជាតិស្ករក្នុងឈាមប្រែប្រួល មិនថាឡើងខ្ពស់ពេក ឬទាបពេកដោយមិនបានព្យាបាលត្រឹមត្រូវនឹងប៉ះពាល់ដល់ខួរក្បាល។ ហេតុដូច្នេះហើយ អ្នកជំងឺទឹកនោមផ្អែមគ្រប់ប្រភេទ ដែលមិនអាចគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អ ប្រឈមគ្រោះថ្នាក់ខួរក្បាល ដូចជាការគ្រោះថ្នាក់សរសៃឈាមខួរក្បាល ចុះខ្សោយការចងចាំ ជំងឺភ្លេចភ្លាំង ខូចប្រព័ន្ធប្រសាទ និង វង្វេងជាដើម។
អ្នកជំងឺទឹកនោមផ្អែម កម្រិតជាតិស្ករអាចប្រែប្រួលគ្រប់ពេល ព្រោះអ្នកជំងឺមានបញ្ហាចុះខ្សោយការផលិតអ័រម៉ូនអាំងស៊ុយលីន ឬមិនអាចផលិតបានទាល់តែសោះដូចជាអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ដែលត្រូវចាក់អាំងស៊ុយលីនជាប្រចាំ។
តាមការបង្ហាញរបស់មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងរបស់អាមេរិក (CDC) បញ្ជាក់ថាអ្នកជំងឺទឹកនោមផ្អែមត្រូវប្រុងប្រយ័ត្ន ថ្វីត្បិតខួរក្បាលត្រូវការជាតិគ្លុយកូសចាំបាច់មែន ប៉ុន្ដែក៏មិនអាចច្រើនពេកនោះទេ។ ដូច្នេះប្រសិនបើជាតិស្ករកើនឡើងច្រើនពេកអាចដាក់សម្ពាធលើខួរក្បាលវិញ និងបង្កដាច់សរសៃឈាមតូចៗក្នុងខួរក្បាល និងអាចបណ្ដាលឲ្យស្វិតកោសិកា ។
ចំពោះករណីជាតិស្ករចុះទាបនៅក្រោម ៧០ មិល្លីក្រាម/ដេស៊ីលីត្រវិញ ក៏ប៉ះពាល់ដល់ខួរក្បាលដូចគ្នា។ តួយ៉ាងអ្នកជំងឺនឹងមានអាការៈ វិលមុខ អស់កម្លាំង ខ្សោយ ឆាប់ខឹង និងញ៉័រ។ គ្រោះថ្នាក់នៃការថយចុះជាតិស្ករ មិនខុសគ្នានឹងការឡើងខ្ពស់នោះទេ ដូច្នេះអ្នកជំងឺទឹកនោមផ្អែមទាំង២ប្រភេទត្រូវគ្រប់គ្រងជាតិស្ករឲ្យបានល្អ។
តើធ្វើបែបណាដើម្បីការពារសុខភាពខួរក្បាលឲ្យបានល្អពីជំងឺទឹកនោមផ្អែម?
ដើម្បីការពារសុខភាពខួរក្បាលឲ្យបានល្អពីផលប៉ះពាល់នៃការប្រែប្រួលជាតិស្ករដោយសារជំងឺទឹកនោមផ្អែម យើអាចអនុវត្ដតាមវិធីដូចខាងក្រោម៖
- គ្រប់គ្រងរបបអាហារឲ្យបានល្អ
- រក្សាទម្ងន់ ឬសម្រកឲ្យបានត្រឹមត្រូវ
- តាមដានជាតិស្ករក្នុងឈាមជាប្រចាំ
- រក្សាជាតិស្ករក្នុងឈាមក្នុងកម្រិតគោលដៅ
- ធ្វើសកម្មភាពរាងកាយឲ្យបានច្រើន
- ញ៉ាំថ្នាំតាមវេជ្ជបញ្ជា
- កាត់បន្ថយការផឹកស្រា
- ឈប់ជក់បារី
- គ្រប់គ្រងស្ដ្រេស
- ពិភាក្សាជាមួយវេជ្ជបណ្ឌិតអំពីជំងឺ ឬផលរំខាននានា
[embed-health-tool-bmi]