កុមារច្រើនជាង៨០% ដែលកើតជំងឺមហារីក អាចព្យាបាលជាសះស្បើយប្រសិនបើជំងឺនេះត្រូវបានរកឃើញទាន់ពេលវេលា និងទទួលបានការព្យាបាលត្រឹមត្រូវ។ ជាទូទៅ ជំងឺមហារីកកើតលើកុមារ មានអត្រាជាសះស្បើយខ្ពស់ជាងជំងឺមហារីកដែលកើតលើមនុស្សពេញវ័យ។ ជំងឺមហារីកកើតលើកុមារជាញឹកញាប់ មានដូចជាជំងឺមហារីកឈាម មហារីកកូនកណ្តុរ ដុំសាច់ខួរក្បាល ដុំសាច់ឆ្អឹង និងដុំសាច់តម្រងនោម។
រោគសញ្ញានៃជំងឺមហារីក
រោគសញ្ញាទូទៅនៃជំងឺមហារីក គឺអាស្រ័យលើប្រភេទនៃជំងឺមហារីកនីមួយៗ ប៉ុន្តែប៉ាម៉ាក់គួរប្រុងប្រយ័ត្នចំពោះរោគសញ្ញាទាំងនេះ ប្រសិនបើបន្តរយៈពេលយូរ៖
- គ្រុនក្តៅរយៈពេលយូរលើសពី២ទៅ៣សប្តាហ៍ ដែលលេបថ្នាំអ្វីក៏មិនបាត់ ព្រមទាំងមិនមានមូលហេតុបង្កច្បាស់លាស់
- ហើមត្រង់ក ឬក្លៀកដោយគ្មានការឈឺចាប់ ប៉ុន្តែទំហំកើនឡើង ឬអមជាមួយអាការៈគ្រុនក្តៅ ក្អក ឬស្រកទម្ងន់។
- ចេញឈាមអញ្ចាញ ឬច្រមុះ
- ក្អួតពេលព្រឹកព្រលឹម ឬឈឺក្បាលមិនបាត់ ពិបាកទប់លំនឹង
- ហើមពោះ
- ឈឺសន្លាក់ ព្រមជាមួយនិងគ្រុនក្តៅ និងស្លេកស្លាំង។
កត្តាបង្កនៃជំងឺមហារីកលើកុមារ
ថ្វីត្បិតតែអ្នកជំនាញនៅមិនទាន់ដឹងពីមូលហេតុជាក់លាក់ដែលបង្កជាជំងឺមហារីក ប៉ុន្តែការប្រែប្រួល ឬបំប្លែងនៃហ្សែនអាចជាឫសគល់ ដែលនាំឲ្យជំងឺមហារីកមានការវិវត្ត។ ទន្ទឹមនឹងនេះ កត្តាហានិភ័យមួយចំនួន ក៏អាចពាក់ព័ន្ធនឹងជំងឺមហារីកកើតលើកុមារ ដែលរួមមាន ការបំពុលបរិយាកាស ការប៉ះពាល់ទៅនឹងជាតិគីមី វិទ្យុសកម្ម ការឆ្លងមេរោគ ធាត់ជ្រុល បែបបទនៃការរស់នៅជាដើម។ យ៉ាងណាមិញ ក្នុងករណីភាគច្រើន ការបំប្លែងហ្សែន អាចកើតឡើងទៅលើមនុស្សគ្រប់គ្នា ដោយពុំមានកត្តាពីខាងក្រៅឡើយ។
[embed-health-tool-heart-rate]
យើងអាចបង្ការបានអត់?
ដោយសារតែកត្តាបំប្លែងហ្សែន កើតឡើងដោយចៃដន្យ និងគ្មានកត្តាបង្កពីខាងក្រៅ ទើបយើងពុំមានវិធីបង្ការជំងឺមហារីកទាំងនេះបានឡើយ។ ដូច្នេះហើយ ការរកឃើញជំងឺមហារីកទាន់ពេលវេលាមានសារៈសំខាន់ណាស់ ដើម្បីជួយឲ្យការព្យាបាលមានប្រសិទ្ធភាពខ្ពស់។ បន្ថែមពីនេះ ប៉ាម៉ាក់គួរណែនាំកូនឲ្យញ៉ាំរបបអាហារមានតុល្យភាព ធ្វើលំហាត់ប្រាណជាទៀងទាត់ កាត់បន្ថយការញ៉ាំអាហារចៀន និងរក្សាទម្ងន់ខ្លួនឲ្យបានល្អ។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?