ការមានផ្ទៃពោះអាចមានឥទ្ធិពលមួយចំនួនទៅលើសុខភាពមាត់ធ្មេញម៉ាក់ៗដែលអាចបង្កផលវិបាកដល់ម៉ាក់ៗ និងកូនក្នុងផ្ទៃ។ តើការពពោះប៉ះពាល់សុខភាពមាត់ធ្មេញម៉ាក់ៗបែបណាខ្លះ? តើសុខភាពមាត់ធ្មេញមិនល្អអំឡុងពេលពពោះអាចបង្កផលប៉ះពាល់អ្វីខ្លះដល់ម៉ាក់ៗ និងកូនក្នុងផ្ទៃ?
ការមានផ្ទៃពោះអាចមានឥទ្ធិពលមួយចំនួនទៅលើសុខភាពមាត់ធ្មេញម៉ាក់ៗដូចជា៖
ក. ការប្រែប្រួលអ័រម៉ូន
ការប្រែប្រួលអ័រម៉ូនពេលពពោះអាចធ្វើឱ្យម៉ាក់ៗមួយចំនួនប្រឈមនឹងជំងឺអញ្ចាញធ្មេញដូចខាងក្រោម៖
- រលាកអញ្ចាញធ្មេញ៖ អាចកើតមានក្នុងត្រីមាសទីពីរ ដែលអាចធ្វើឱ្យម៉ាក់ៗហើមអញ្ចាញធ្មេញ និងឈាមធ្មេញពេលដុសធ្មេញ ឬពេលសម្អាតចន្លោះធ្មេញជាមួយនឹងអំបោះទាក់ធ្មេញ
- ការបង្ករោគនៅអញ្ចាញធ្មេញ៖ បណ្តាលមកពីការមិនបានព្យាបាលការរលាកអញ្ចាញធ្មេញ ដែលធ្វើឱ្យមានការបង្ករោគនៅអញ្ចាញធ្មេញ សរសៃក្នុងធ្មេញ និងឆ្អឹងទ្រធ្មេញ។ ការបង្ករោគនៅ អញ្ចាញធ្មេញអាចបណ្តាលឱ្យធ្មេញម៉ាក់ៗរង្គើ និងបាក់
- ការឡើងសាច់ពកនៅលើអញ្ចាញធ្មេញ៖ ដែលមានពណ៌ក្រហមរាងមូលដែលអាចបណ្តាលឱ្យម៉ាក់ៗងាយឈាមអញ្ចាញធ្មេញ
ខ. ការចាញ់កូន និងច្រាលទឹកអាស៊ីដក្រពះ
ការប្រែប្រួលអ័រម៉ូនពេលពពោះអាចធ្វើឱ្យសាច់ដុំកក្រពះរលុងដែលអាចបណ្តាលឱ្យម៉ាក់ៗច្រាលទឹកអាស៊ីដក្រពះ។ ការច្រាលទឹកអាស៊ីដក្រពះ ការចាញ់កូន ចង្អោរ និងក្អួតក្នុងអំឡុងពេលពពោះ ជាពិសេសនៅត្រីមាស ទី ១ អាចបង្កើនជាតិអាស៊ីដក្នុងមាត់ ដែលអាចនាំឱ្យម៉ាក់ៗសឹកកាចាធ្មេញ បង្កឱ្យម៉ាក់ៗស្រៀវធ្មេញ និងពុកធ្មេញ។
គ. ការផ្លាស់ប្តូរទម្លាប់នៃការញុំាអាហារ
ម៉ាក់ៗពពោះអាចឃ្លានញុំាអាហារណាមួយជាពិសេស ដូចជាការឃ្លានញុំាអាហារផ្អែមៗជាដើម។ ការញុំាអាហារផ្អែមៗញឹកញាប់អាចបង្កឱ្យម៉ាក់ៗកើតជំងឺពុកធ្មេញ។ លើសពីនេះ ការពពោះអាចបណ្តាលឱ្យម៉ាក់ៗញុំាច្រើន។ ការទំពារ និងញ៉ាំអាហារញឹកញាប់អាចធ្វើឱ្យធ្មេញប៉ះពាល់ ជាមួយជាតិអាស៊ីដក្នុងអាហារញឹកញាប់ ដែលបណ្តាលឱ្យកើនបាក់តេរីដូចជា Streptococcus mutans។ បាក់តេរីនេះអាចផលិតជាតិអាស៊ីដដែលធ្វើឱ្យកាចាធ្មេញម៉ាក់ៗចុះខ្សោយ និងងាយពុកធ្មេញ។
ឃ. ការស្ងួតម៉ាត់
ម៉ាក់ៗពពោះមួយចំនួនអាចនឹងមានអាការស្ងួតមាត់ដែលអាចបណ្តាល ឱ្យម៉ាក់ៗប្រឈមនឹងកើតជំងឺពុកធ្មេញ និងមានបញ្ហាសុខភាពមាត់ធ្មេញផ្សេងទៀតដូចជា មានក្លិនមាត់ជាដើម ព្រោះទឹកមាត់មានផ្ទុកនូវសារធាតុប្រឆាំងអតិសុខុមប្រាណ។ ការកាត់បន្ថយការផលិតទឹកមាត់បង្កើនឱកាសឱ្យបាក់តេរីក្នុងមាត់លូតលាស់ច្រើន។
ង. ការលំបាកក្នុងការថែរក្សាអនាម័យមាត់ធ្មេញ
អាការនៃការមានផ្ទៃពោះ ដូចជាការចាញ់កូន ការចង្អោរពេលដុសធ្មេញ ជាពិសេសពេលដុសធ្មេញខាងក្រោយ អាចធ្វើឱ្យម៉ាក់ៗពិបាកក្នុងការ ដុសសម្អាតធ្មេញឱ្យបានស្អាតល្អ ឬមិនចង់ដុសធ្មេញ។ មួយវិញទៀត ម៉ាក់ៗមួយចំនួនអាចចាញ់ក្លិន ឬរសជាតិថ្នាំដុសធ្មេញ ដែលធ្វើឱ្យម៉ាក់ៗ មិនចង់ដុសធ្មេញ ឬចៀសវាងដុសធ្មេញ។ បញ្ហាទាំងនេះសុទ្ធតែអាចបណ្តាលឱ្យម៉ាក់ៗមានជំងឺពុកធ្មេញ និងកើនបាក់តេរីក្នុងមាត់។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ផលវិបាកនៃការមានសុខភាពមាត់ធ្មេញមិនល្អពេលពពោះ
ក្នុងអំឡុងពេលពពោះម៉ាក់ៗអាចកើនបាក់តេរីច្រើនក្នុងមាត់ និងរលាកអញ្ចាញធ្មេញធ្ងន់ធ្ងរ។ អាការទាំងនេះអាចបណ្តាលឱ្យបាក់តេរីចូលទៅក្នុងចរន្តឈាមតាមរយៈអញ្ចាញធ្មេញម៉ាក់ៗ និងធ្វើដំណើរទៅកាន់ស្បូន រួចជំរុញឱ្យមានការផលិតសារធាតុគីមីឈ្មោះថា Prostaglandins ដែលបង្កឱ្យមានការសម្រាលមិនគ្រប់ខែ និងកូនកើតមិនគ្រប់គីឡូ។មួយវិញទៀត ម្តាយ និងកូនមានទំនាក់ទំនងរាងកាយយ៉ាងជិតស្និត។ ប្រសិនបើម្តាយមានជំងឺពុកធ្មេញ នោះម្តាយនឹងមានបាក់តេរីនៅក្នុងមាត់ និងក្នុងរាងកាយ។ បាក់តេរីទាំងនេះអាចចម្លងពីម្តាយទៅកូនបាន។ ការស្រាវជ្រាវបានបង្ហាញថា កុមារតូចៗដែលមានម្តាយមានជំងឺពុកធ្មេញធ្ងន់ធ្ងរមានហានិភ័យខ្ពស់ក្នុងការកើតជំងឺពុកធ្មេញជាងកុមារធម្មតា។
[embed-health-tool-due-date]
ដើម្បីកាត់បន្ថយផលវិបាកសុខភាពមាត់ធ្មេញមិនល្អក្នុងអំឡុងពេលពពោះ ម៉ាក់ៗគួរព្យាយាមដុសសម្អាតធ្មេញជាមួយថ្នាំដុសធ្មេញដែលមានជាតិផ្លអររ៉ាយយ៉ាងតិចពីរដងក្នុងមួយថ្ងៃ និងបន្ទាប់ពីញុំាអាហាររួចបើអាច។ ព្រមទាំងសម្អាតចន្លោះធ្មេញជាមួយនឹងអំបោះទាក់ធ្មេញ។
មួយវិញទៀត ម៉ាក់ៗគួរញុំាអាហារសម្បូរកាល់ស្យូម ដើម្បីឱ្យធ្មេញរឹងមាំ និងចៀសវាងញុំាអាហារ ឬភេសជ្ជៈផ្អែម ឬជូរ (ជាតិអាស៊ីដ) ច្រើន។ លើសពីនេះ ការសម្អាតធ្មេញជាមួយទន្តពេ្យក៏អាចជួយកាត់បន្ថយការកកើតកំណកកំបោរជាប់ធ្មេញ និងជំងឺរលាកអញ្ចាញធ្មេញដែរ។ ម៉ាក់ៗគួរពិនិត្យសុខភាពមាត់ធ្មេញជាប្រចាំ។
អត្ថបទគួរអាន៖
- គួរដឹង! ទាំងនេះជាគន្លឹះថែរក្សាសុខភាពថ្លើមពេលកំពុងពពោះ
- ភាពតានតឹងផ្លូវចិត្ត អាចធ្វើឲ្យយើងប្រឈមបញ្ហាអត់កូន
- តិចនិចមួយចំនួន ជួយដោះស្រាយបញ្ហាមិនស្រួលសុដន់ពេលពពោះ
- ហេតុអ្វីគួរធ្វើតេស្តរកជំងឺកាមរោគពេលពពោះ?
- ឆ្លងប្រមេះទឹកបាយពេលពពោះអាចគ្រោះថ្នាក់ទាំងម្តាយ និងកូន
- គួរដឹង! ជំងឺឆ្លងពីលាមកឆ្មាអាចបណ្តាលឱ្យកូនក្នុងផ្ទៃគ្រោះថ្នាក់ ឬពិការ
ចំណុចសំខាន់
- រលាកអញ្ចាញធ្មេញ
- ពុកធ្មេញ (អង្កូវស៊ីធ្មេញ)
- កើនបាក់តេរីក្នុងមាត់