សាច់សម្បូរជាតិដែកមានអ្វីខ្លះ? សាច់ជាអាហារសម្បូរប្រូតេអុីនដែលរាយកាយយើងត្រូវការសម្រាប់ដំណើរការជាប្រក្រតី។ សាច់ក៏ជាប្រភពនៃជាតិដែកផងដែរ ក្នុងនោះមានសាច់បីប្រភេទដែលងាយរក មិនត្រឹមតែផ្ទុកជាតិដែកខ្ពស់ទេ ថែមទាំងសម្បូរប្រូតេអុីន និងវីតាមីនជាច្រើន។
រាងកាយយើងត្រូវការជាតិដែកដើម្បីផលិតឈាមក្រហមជារៀងរាល់ថ្ងៃ និងដឹកនាំអុកស៊ីសែនទៅចិញ្ចឹមគ្រប់ជាលិកាក្នុងខ្លួន។ យើងអាចទទួលបានជាតិដែកគ្រប់គ្រាន់តាមរយៈការញុំាអាហារសម្បូរជាតិដែក ហើយខាងក្រោមជាសាច់សម្បូរជាតិដែកដែលងាយរកបាន។
១. សាច់គោ
ថ្វីត្បិតតែសាច់គោមានតម្លៃរាងថ្លៃបន្តិច តែមានរសជាតិឆ្ងាញ់ជាប់ចិត្ត ហើយម្ហូបធ្វើពីសាច់គោដែលពេញនិយមមាន ម្ជូរគ្រឿងសាច់គោ ឡុកឡាក់សាច់គោ ឆាខាត់ណាសាច់គោ និងឡាបសាច់គោជាដើម។ ក្នុងសាច់គោ ១០០ ក្រាមមានជាតិដែក ១,៩ មិល្លីក្រាម ប្រូតេអុីន ១,៧ ក្រាម វីតាមីន B12 ២,១ មីក្រូក្រាម ស័ង្កសី ៤,២ មិល្លីក្រាម និងប៉ូតាស្យូម ២៧០ មិល្លីក្រាម។
២. សាច់ជ្រូក
សាច់ជ្រូកជាសាច់ពេញនិយមជាងគេ ព្រោះមានតម្លៃសមរម្យ ហើយអាចច្នៃបានជាម្ហូបច្រើនមុខ។ ម្ហូបធ្វើពីសាច់ជ្រូកដែលពេញនិយមគឺបាយសាច់ជ្រូក ខ ស្ងោរជ្រក់ជើងជ្រូក និងជ្រូកខ្វៃជាដើម។ ក្នុងសាច់ជ្រូក ១០០ ក្រាមមានជាតិដែក ០,៩ មិល្លីក្រាម ប្រូតេអុីន ១៦,៩ ក្រាម វីតាមីន B12 ០,៧ មីក្រូក្រាម ស័ង្កសី ២,២ មិល្លីក្រាម និងប៉ូតាស្យូម ២៨៧ មិល្លីក្រាម។
៣. សាច់មាន់
សាច់មាន់ជាសាច់ពណ៌ស និងជាសត្វស្លាបដែលយើងនិយមញុំាជាងគេ។ ម្ហូបធ្វើពីសាច់មាន់ពេញនិយមមាន ឆាខ្ញីសាច់មាន់ ឆាក្តៅសាច់មាន់ ស្ងោរជ្រក់សាច់មាន់ និងមាន់ដុតជាដើម។ ក្នុងសាច់មាន់ ១០០ ក្រាមមានជាតិដែក ០,៨ មិល្លីក្រាម ប្រូតេអុីន ១៧,៤ ក្រាម វីតាមីន B12 ០,៦ មីក្រូក្រាម ស័ង្កសី ១,៥ មិល្លីក្រាម និងប៉ូតាស្យូម ៥២២ មិល្លីក្រាម។
[embed-health-tool-due-date]
សាច់ទាំងបីប្រភេទនេះមិនត្រឹមតែសម្បូរជាតិដែកទេ ថែមទាំងមានផ្ទុកប្រូតេអុីន វីតាមីន B12 ស័ង្កសី និងប៉ូតាស្យូមខ្ពស់ទៀត។ ប្រូតេអុីនមាននាទីពង្រឹងសាច់ដុំនិងបង្កើតម៉ាសសាច់ដុំ ចំណែកវីតាមីន B12 ជួយឱ្យប្រព័ន្ធសរសៃប្រសាទដំណើរការបានល្អ ផ្តល់ថាមពលដល់រាងកាយ ជួយកាត់បន្ថយភាពនឿយហត់និងអស់កម្លាំង ព្រោះមាននាទីជួយដល់ការបំប្លែងអាហារទៅជាថាមពល។
ជាងនេះទៅទៀត ស័ង្កសីជួយឱ្យស្បែក សក់ និងក្រចកមានសុខភាពល្អ និងជួយដល់សុខភាពបន្តពូជ។ មួយវិញទៀត ប៉ូតាស្យូមជួយដល់សុខភាពបេះដូង គ្រប់គ្រងសម្ពាធឈាម និងកាត់បន្ថយហាន័យកើតក្រួសក្នុងតម្រងនោម។
ថ្វីត្បិតតែសាច់ទាំងបីខាងដើមសម្បូរជាតិដែក និងវីតាមីនច្រើន តែយើងគួរកម្រិតក្នុងការញុំា និងគួរញុំាសាច់ទាំងនោះជាមួយបន្លែផ្សេងទៀត មិនមែនញ៉ាំតែសាច់សុទ្ធនោះទេ។
អត្ថបទគួរអាន៖
- ទាំងនេះជាគុណសម្បត្តិសំខាន់ៗរបស់ជាតិដែកសម្រាប់សុខភាព
- ក្មេងៗមានបញ្ហាខ្វះជាតិដែក អាចមានការលូតលាស់ខួរក្បាលយឺត
- កូនខ្វះជាតិដែក អាចបណ្ដាលឲ្យស្លេកស្លាំងមិនល្អចំពោះសុខភាព
- តិចនិកការពារកូនពីបញ្ហាកង្វះជាតិដែក ប៉ាម៉ាក់គួរដឹង
- ស្ត្រីពពោះត្រូវការជាតិដែកច្រើនប៉ុនណា? ជាតិដែកជួយអ្វីខ្លះ?
- កូនមានសភាពស្លេកស្លាំង? កង្វះជាតិដែកអាចជាបញ្ហាមួយនេះ