ជាទូទៅស្រែងទឹកដោះកើតឡើងនៅលើមាត់ ថ្ពាល់ ចង្កា ផ្នត់ក ឬទ្រូងរបស់ទារកដែលធ្វើឱ្យស្បែកអាអូនរលាកក្រហមៗ។ ហេតុអ្វីបានជាអាអូនកើតស្រែងទឹកដោះ? ម៉ាក់ប៉ាគួរធ្វើម៉េច?
ស្រែងទឹកដោះកើតឡើងដោយសារស្បែកអាអូនរោលជាមួយទឹកមាត់។ ជាទូទៅ កូនអាចកើតស្រែងទឹកដោះនៅអាយុប្រហែល ២ ទៅ ៣ ខែ ព្រោះក្រពេញទឹកមាត់កូនលូតលាស់ ដែលអាចធ្វើឱ្យស្រក់ទឹកមាត់ ឬចេះតែស្រក់ទឹកមាត់។
ម្យ៉ាងទៀតនៅពេលអាអូនដុះធ្មេញ ក៏អាចស្រក់ទឹកមាត់ដែរ ឬរមាស់ធ្មេញដែលធ្វើឱ្យអាអូនចេះតែលូកដៃចូលមាត់ ឬខាំរបស់នេះរបស់នោះដែលបណ្តាលឱ្យទឹកមាត់ស្រក់ជាប់លើស្បែក និងបណ្តាលឱ្យរោល។
ម៉ាក់ប៉ាអាចធ្វើតាមការណែនាំខាងក្រោមដើម្បីកាត់បន្ថយអាការៈរមាស់ និងព្យាបាលស្រែងទឹកដោះ៖
១. សម្អាតស្បែកកូននឹងទឹកក្តៅឧណ្ហៗ
វេជ្ជបណ្ឌិត Livpreet Singh ឯកទេសរោគកុមារនៅ Scripps Coastal Medical Center Eastlake បានណែនាំឱ្យម៉ាក់ប៉ាលាងស្បែកអាអូនកន្លែងកើតស្រែងទឹកដោះជាមួយទឹកក្តៅឧណ្ហៗពីរដងក្នុងមួយថ្ងៃ រួចផ្តិតជាមួយកន្សែងស្អាតទន់ៗឱ្យស្ងួត។
២. លាបក្រមួន ឬគ្រីមព្យាបាលរលាកស្បែក
ម៉ាក់ប៉ាអាចលាបក្រមួន ឬគ្រីមព្យាបាលរលាកស្បែកដើម្បីកាត់បន្ថយអាការៈរមាស់ ការពារស្បែកកូនកុំឱ្យរោលជាមួយទឹកមាត់ និងដើម្បីព្យាបាលស្បែក តែមុនលាបក្រមួន ឬគ្រីមព្យាបាលរលាក ម៉ាក់ប៉ាគួរផ្តិតស្បែកអាអូនឱ្យស្ងួតសិន។
៣. ចៀសវាងប្រើផលិតផលថែរក្សាស្បែកប៉ះពាល់ស្បែកទារក
ម៉ាក់ប៉ាគួរជ្រើសរើសផលិតផលថែរក្សាស្បែកដូចជា សាប៊ូដុសខ្លួន សាប៊ូកក់សក់ ឬឡេលាបខ្លួនដែលគ្មានក្លិនប្រអូប និងមានជាតិសាប៊ូខ្សោយឱ្យអាអូន ដើម្បីកុំឱ្យស្បែករលាក ឬរមាស់កាន់តែខ្លាំង។
![ខោអាវទារក](https://cdn.hellokrupet.com/wp-content/uploads/2022/03/shutterstock_1675603369.jpg)
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៤. ចៀសវាងប្រើសាប៊ូមានជាតិកាត់ខ្លាំង
ម៉ាក់ប៉ាគួរបោកខោអាវ កន្សែង ភួយ ឬសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនរបស់អាអូនជាមួយសាប៊ូដែលមិនសូវមានជាតិកាត់ និងគ្មានក្លិនក្រអូបដើម្បីកុំឱ្យអាការៈរោលរបស់អាអូនកាត់តែធ្ងន់ធ្ងរ។
៥. ជូតមាត់ឱ្យកូនរាល់ពេលបំបៅរួច
រាល់ពេលបំបៅរួច ម៉ាក់ប៉ាគួរយកកន្សែងសើមមកជូតស្បែកកន្លែងកើតស្រែងរបស់អាអូនថ្នមៗ រួចផ្តិតស្បែកអាអូនជាមួយកន្សែងស្ងួតឱ្យស្ងួតកុំឱ្យទឹកមាត់ ទឹកដោះ ឬទឹកដោះគោម្សៅជាប់មាត់អាអូន។
៦. កាត់ក្រចកឱ្យខ្លី
ម៉ាក់ប៉ាគួរកាត់ក្រចកអាអូនឱ្យខ្លីជានិច្ច និងពាក់ស្រោមដៃទន់ៗធ្វើពីកប្បាសដើម្បីការពារអាអូនខ្វារ ឬអេះស្បែកកន្លែងកើតស្រែងទឹកដោះដែលធ្វើឱ្យអាការៈកាន់តែធ្ងន់ធ្ងរ ព្រោះស្រែងទឹកដោះធ្វើឱ្យអាអូនរមាស់ពិបាកក្នុងខ្លួន។
៧. សម្អាតដបទឹកដោះគោ ឬក្បាល់ដោះជ័ររាល់ពេលប្រើរួច
រាល់ពេលអាអូនបៅ ឬបៀមក្បាលដោះជ័រហើយ ម៉ាក់ប៉ាគួរលាងសម្អាតដបទឹកដោះគោ ឬក្បាលដោះជ័រ រួចសម្លាប់មេរោគមុននឹងឱ្យកូនបៅ ឬបៀមក្បាលដោះជ័រម្តងទៀត ដើម្បីការពារស្បែកពីការប្រឡាក់ទឹកមាត់។
បើម៉ាក់ៗបំបៅដោះកូន គួរជូតសម្អាតសុដន់ និងក្បាលសុដន់រាល់ពេលបំបៅអាអូនរួច។
ជាធម្មតាស្រែងទឹកដោះនឹងជាសះស្បើយក្នុងរយៈពេលមួយសប្តាហ៍ ប៉ុន្តែប្រសិនបើអាការៈអាអូនមិនធូរស្បើយទេ ឬកាន់តែធ្ងន់ធ្ងរៗទៅ ម៉ាក់ប៉ាគួរនាំកូនទៅជួយគ្រូពេទ្យសើស្បែក។
អត្ថបទគួរអាន៖