ការថែទាំទារក

ការថែទាំទារក - កូន​នៅ​តូច​ ទាមទារ​ការ​ថែទាំ​ខ្លាំង​បំផុត។ តើ​ការ​ថែទាំ​ផ្នែក​ណា​ខ្លះ ឬ​ទៅ​តាម​អាយុ(ខែ) របស់​កូនៗ ដែល​ម៉ាក់ប៉ា ទាំង​ឡាយ​គួរ​ដឹង?

ចំណេះដឹងទូទៅ

ការថែទាំទារក

ដឹងតិចនិច ៥ នេះ ជួយឱ្យទារកគេងលក់ស្កប់រាល់ថ្ងៃ

ការគេងលក់ស្កប់មានសារៈសំខាន់ណាស់ចំពោះទារក ព្រោះមិនត្រឹមតែ ជួយឱ្យទារកមានកម្លាំង និងស្មារតីល្អបន្ទាប់ពីក្រោកពីគេងទេ ថែមទាំងជួយទារកក្នុងការអភិវឌ្ឍរាងកាយ ខួរក្បាល និងប្រព័ន្ធការពាររាងកាយទៀតផង។ ចឹងគួរធ្វើម៉េចជួយឱ្យទារកគេងលក់ស្កប់ល្អ? ដើម្បីជួយ ឱ្យទារកគេងលក់ស្កប់ ម៉ាក់ប៉ាគួរដឹងគន្លឹះទាំងនេះ៖  ១. បង្កើតទម្លាប់មុនពេលគេង ទារករៀនគេងដោយចាប់យកសញ្ញាពីជុំវិញខ្លួន។ ម៉ាក់ប៉ាអាចបង្កើតទម្លាប់មុនពេលគេង ដោយចាប់ផ្តើមជាមួយការរក្សាបន្ទប់គេង ឬកន្លែងគេងឱ្យស្ងប់ស្ងាត់ និងបន្ថយពន្លឺភ្លើង ឬពន្លឺថ្ងៃ ៣០ នាទីមុនពេលដាក់កូនគេង។ ចៀសវាងលេង ឬប្រឡែងលេងជាមួយកូនមុនពេលដាក់កូនឱ្យគេង ព្រោះការរំភើបរីករាយអាចធ្វើឱ្យកូនពិបាកគេង ឬគេងហើយភ្ញាក់មកវិញ។ មួយវិញទៀត ម៉ាក់ប៉ាត្រូវបន្ថយសំឡេង និងនិយាយទៅកាន់កូនបែបលួងលោម ក្នុងគោលបំណងបន្ធូររម្មណ៍កូន។ បន្ទាប់មក ម៉ាក់ប៉ាអាចបង្កើតទម្លាប់ងូតទឹកឱ្យកូន អានរឿងនិទាន ច្រៀងបំពេរ ឬចាក់ភ្លេងបំពេរជាដើម មុនពេលដាក់កូនឱ្យគេង។ ត្រូវប្រកាន់ខ្ជាប់ និងធ្វើតាមទម្លាប់ដដែលៗជារៀងរាល់ពេល យូរៗទៅកូននឹងសុំានឹងទម្លាប់មុនពេលគេងទាំងនេះ។ នៅពេលម៉ាក់ប៉ាធ្វើទម្លាប់ទាំងនេះ កូននឹងដឹងថាដល់ពេលគេងហើយ។ ២. សង្កេតមើលសញ្ញាកូនងងុយគេង បើម៉ាក់ប៉ាឃើញកូនស្ងប់ស្ងាត់ មិនចង់លេង មិនចាប់អារម្មណ៍នឹងសកម្មភាពជុំវិញខ្លួន ស្ងាប់ ញីភ្នែក បៀមម្រាមដៃ មួម៉ៅ ឬសម្លឹងមើលទៅលើបានន័យថា កូនងងុយគេងហើយ។ ម៉ាក់ប៉ាគួររៀបចំឱ្យកូនឱ្យចូលគេង។ ៣. បង្កើតបរិយាកាសកន្លែងគេងកូនឱ្យមានផាសុកភាព កន្លែង ឬបន្ទប់គេងកូនគួរតែមិនមានសម្លេងរំខាន និងមានសីតុណ្ហភាពត្រជាក់ល្មមត្រឹម ២០-២២ អង្សារសេ។ ពូក ឬកម្រាលគេងកូនត្រូវរាបស្មើ មិនទន់ពេក […]

ស្វែងរក ការថែទាំទារក

ការថែទាំទារក

បេប៊ីទើបនឹងកើតមានស្បែកមុខស្ងួត ម៉ាក់ៗគួរធ្វើបែបណា?

បញ្ហា​ស្បែក​ស្ងួត​លើ​បេប៊ី​គឺជា​រឿង​ធម្មតា​ទៅ​ហើយ ដោយ​កូន​ខ្លះ​ទើប​នឹង​កើត​ភ្លាម​មាន​បញ្ហា​នេះ​ភ្លែត និង​ខ្លះ​ទៀត​ចាស់​ថ្ងៃ​បន្តិច ទើប​មាន​ស្បែក​ស្ងួត​ខ្លះ​នៅ​លើ​មុខ។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​បញ្ជាក់​ថា ក្នុង​ករណី​ភាគច្រើន​ស្បែក​ស្ងួត​នេះ​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ចំពោះ​កូន​ទេ ហើយ​វា​ច្រើន​តែ​ជា​ទៅ​វិញ​ទាំង​គ្មាន​ការ​ព្យាបាល។ លោក​បញ្ជាក់​ទៀត​ថា ជា​រឿយ​ៗ​ទារក​មាន​ស្បែក​ស្ងួត​នៅ​លើ​ផ្ទៃមុខ ព្រោះ​ស្បែក​គេ​ងាយ​នឹង​រលាក​ជាង​មនុស្ស​ពេញ​វ័យ និង​យូរ​ៗ​ទៅ​ស្បែក​កូន​អាច​សម្រប​ខ្លួន​ទៅ​នឹង​បរិស្ថាន​ខាង​ក្រៅ​ស្បូន ហើយ​បើ​សិន​ទោះជា​ស្ងួត​ក៏​ប្រហែល​មកពី​ប្រតិកម្ម ឬ​អាលែកហ្ស៊ី​ជាមួយ​ផលិតផល ឬ​សម្លៀកបំពាក់​របស់​កូនដែរ។ មួយ​វិញ​ទៀត​ការ​ខ្សោះ​ជាតិ​ទឹក និង​ស្ថានភាព​ស្បែក​ខ្លួនឯង​ក៏​អាច​បណ្ដាល​ទៅ​ជា​ស្ងួត​បែប​នោះ​ផង​ដែរ។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា អំឡុង​ពេល​សង្កេត​ឃើញ​ស្បែក​កូន​មាន​បញ្ហា​នោះ​ បើយើង​​នៅតែ​បារម្ភត្រូវ​រក​គ្រូពេទ្យ​ឯកទេស​ដើម្បី​ព្យាបាល និង​តាមដាន​ការ​វិវត្តន៍​បន្ត​របស់​ស្បែក​កូន។ ដំបូន្មានជា​ជំហាន​ដំបូង​ គឺ​ការ​ប្រើប្រាស់​​ទឹកក្ដៅឧណ្ហ៍ៗ សម្រាប់​ងូត និង​លាប​ឡេ ឬ​ប្រេង​ផ្ដល់​សំណើម តែ​ត្រូវ​ជ្រើសរើស​ឲ្យ​ត្រូវ​នឹង​ប្រភេទ​ស្បែក​សិន ចៀសវាង​ឡេ​ដែល​មាន​ជាតិ​អាល់កុល សារធាតុកាត់ ព្រោះ​វា​ធ្វើឲ្យ​បាត់បង់​ជាតិ​ទឹក​ខាង​ក្រៅ។ ចំពោះ​កូន​ដែល​មាន​បញ្ហា​ស្បែក​ស្ងួត គួរ​កុំ​ងូត​ទឹកយូរពេក ព្រោះ​អាច​លាង​សម្អាត​ប្រេង​ដែល​មាន​ពី​ធម្មជាតិ​តាម​ស្បែក បង្កើន​ហានិភ័យ​ឲ្យ​ស្បែក​កាន់តែ​ស្ងួត និង​របក។ បន្ទាប់​ពី​ងូត​ទឹក​រួច ម៉ាក់​ៗ​ត្រូវ​យក​កន្សែង​ដ៏​ទន់​មក​ផ្ដិល​ជាតិ​សំណើម ចៀសវាង​ការ​ជូត​ជា​មួយ​កន្សែង​ក្រាស់ៗ នាំឲ្យកកិត​ធ្វើឲ្យ​ស្បែក​កាន់តែ​យ៉ាប់យ៉ឺន។ លោក​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ករណី​ទារក​ទើប​នឹង​កើត ​ទឹកដោះ​យើង​គឺជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ដើម្បី​ឲ្យ​កូន​មាន​ជាតិ​ទឹក និង​មាន​សុខភាព​ល្អ ដោយ​ឧស្សាហ៍​បំបៅ ហើយ​ពេល​កូន​បាន​ទទួល​ទឹក​ដៅ​ច្រើន ធ្វើឲ្យ​ឆាប់​ថ្លោស ស្បែក​ប្រែជា​ភ្លឺរលោង​ ស្អាតឡើង​វិញដោយ​ឯង​ៗ។


ការថែទាំទារក

ម៉ាក់ៗទម្លាប់ចាក់ម្សៅក្នុងខោទឹកនោម មិនត្រឹមមិនជួយសម្រួលការរលាក មានតែលើសដើម

មាន​ម៉ាក់ប៉ា​ជាច្រើន​ដែល​មាន​ទម្លាប់​មួយ គឺ​មុន​ស្លៀក​ខោ​ទឹក​នោម​ត្រូវ​ចាក់​ម្សៅ​សិន ព្រោះ​គិត​ថា​មិន​បណ្ដាល​ឲ្យ​រលាក និង​ជួយ​ឲ្យ​ស្បែក​កូន​រលោង​ស្អាត។ ផ្ទុយ​ទៅ​វិញ​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ថា​ការ​ធ្វើ​បែប​នោះ​មានតែ​ធ្វើ​ឲ្យ​ស្បែក​កូន​កាន់តែ​រោល រលាក​ខ្លាំង​លើស​ដើម។ ព្រោះ​ម្សៅ​ហុយ ពេល​លាយ​ជាមួយ​ជាតិ​សំណើម​ទឹកនោម ធ្វើឲ្យ​ម្សៅ​នោះ​រមួល​ជា​ដុំ​ៗ ហើយ​ត្រូវ​ស្លៀក​រឹប​ទៀត​នោះ ទៅជា​កកិតស្បែក ឡើងក្រហម ឬ​ដាច់រលាត់។ ទារក​ដែល​ស្លៀក​ខោ​ទឹក​នោម​យូរ​ៗ​ទៅ ស្បែក​​រលាក​ដោយ​ការ​កកិត ក្លាយ​ជា​ដំបៅ​រីក​ធំ​ទៅ​ៗ ធ្វើឲ្យ​ទារក​ប្រឈម​នឹង​គ្រោះ​ថ្នាក់។ លោក​បាន​បន្ថែម​ទៀត​ថា ម្សៅ​មិន​មាន​សុវត្ថិភាព​សម្រាប់​ការ​លាប​ឲ្យ​កូន​តូច​ឡើយ ព្រោះ​ភាព​ហុយ​នោះ​អាច​នាំឲ្យ​ប៉ះពាល់​ដល់​សួត និង​ផ្លូវ​ដង្ហើម។ មួយ​វិញ​ទៀត​ការ​ស្លៀក​ខោ​ទឹកនោម​យូរ​ម៉ោង​ពេក​កូន​អាច​មាន​ជំងឺ​មេរោគ​ចូល​ក្នុង​ផ្លូវទឹក​នោម ហើយ​បើ​មិន​ឆ្លង​មេរោគ​ចូល​ ក៏​កូន​មាន​បញ្ហា​រោល ក្រហម​ប្រដាប់​ភេទ​ដែរ។ ងាក​ទៅ​បញ្ហា​មេរោគ​ចូល​ទៅ​កាន់​ផ្លូវ​នោម​របស់​កូន​តូច​ មកពី​មាន​ការ​រលោក​នៅ​តាម​ផ្លូវ​បង្ហូរ​នោម ផ្លោក​នោម និង​ដល់​តម្រង​នោម ជាពិសេស​ក្មេង​ស្រី​ងាយ​នឹង​ប្រឈម​ច្រើន​ជាង​ក្មេង​ប្រុស។ វេជ្ជបណ្ឌិត​​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ម៉ាក់​ៗ​ដែល​មាន​កូន​ស្រី​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ព្រោះ​បំពង់​បង្ហួរ​នោម​ខាង​ក្រៅ​ខ្លី​ជាង​ក្មេង​ប្រុស ជាពិសេស​ពេល​បន្ទោបង់​លាមក​អាច​ជាប់​ប្រតាក​ជាប់​ប្រដាប់​ភេទ។ ដូចនេះ​ពេល​ឃើញ​កាយវិការ​កូន​មិន​ប្រក្រតី​ណា​មួយ ម៉ាក់ប៉ា​ត្រូវ​ឆែក​ថា​កូន នោម ឬ​ជុះ ដើម្បី​កុំឲ្យ​វា​ផ្អាប់​ទុក និង​កកិត​ជាមួយ​ស្បែក​បរិវេណ​នោះ។ ចំពោះ​រោគ​សញ្ញា​វិញ​មាន​ដូចជា​ក្ដៅខ្លួន ទឹកនោម​ពណ៌​ខុសប្រក្រតី ពិបាក​ក្នុង​ការ​នោម យំ​ស្រែក​ដោយសារ​ឈឺចាប់​ពេល​នោម ជាដើម។ ដូចនេះ​ប្រសិនបើ​ចង់​ចង់​ស្បែក​កូន​គ្មាន​ភាព​កកិត មុន​ស្លៀក​អាច​លាប​ប្រេង​ទារក និង​ឡេ​បន្តិច រង់ចាំ​ឲ្យ​ស្ងួត​ចាំ បន្ទាប់មក​ស្លៀក​ខោ​ទឹកនោម​ជាការ​ស្រេច។


ការថែទាំទារក

ស្លៀក​ខោទឹកនោមឲ្យកូនមើលទៅស្រួល តែត្រូវដឹងចំណុចតូចៗនេះ

ស្រីៗ​គ្នា​យើង​ណា​ខ្លះ​​ទើប​ក្លាយ​ជា​ម្តាយ​គេ​លើក​ដំបូង​? ដឹង​​វិធី​ស្លៀក​ខោ​ទឹក​នោម​ឲ្យ​កូន​ហើយឬនៅ​​? ការស្លៀក​ខោទឹក​នោម​ឲ្យ​កូន​នៅ​ក្នុង​អត្ថបទ​នេះ​សំដៅតែ​លើ​អូនៗ​​តូច​ទើប​តែ​កើត​ មិន​មែន​អូនៗ​ចេះ​រត់ ចេះដើរនោះទេ​។​ អត្ថបទនេះ​នឹង​ប្រាប់​ម៉ាក់​ថ្មី​ថ្មោង​ទើប​មាន​អាអូន​លើក​ដំបូង។​ ស្រីៗ​យើង​​នឹង​ក្លាយ​ជា​អ្នក​ជំនាញ​មិនខាន​​ដោយ​គ្រាន់​តែ​ធ្វើ​តាម​គន្លឹះ​ទាំង​នេះ។ ១.ត្រៀមរបស់​ត្រូវ​ប្រើ​ មុន​នឹង​ចាប់​ផ្តើមស្លៀក​ខោទឹក​នោម​ឲ្យ​កូន​ ម៉ាក់ៗ​​ត្រូវ​តែ​មាន​អ្វី​ទាំង​អស់​ក្នុង​ដៃ​ឲ្យ​​ហើយ ព្រោះ​ថា​យើង​មិន​អាច​ឃ្លាត​ពី​ទារក​សូម្បី​តែ​មួយ​វិនាទី។ យើង​​ត្រូវ​ការខោ​ទឹក​នោម​ស្អាត​មួយ ទឹក​ក្តៅ​ឧណ្ហៗមួ​យចាន​​​ ក្រណាត់​សម្រាប់​​ជូត​សម្អាត​​មួយ ថ្នាំ​លាប​គូទ​កូន និងក្រណាត់​ទ្រាប់​​ពី​ក្រោម​ទារក​ពេល​ធ្វើ​ការ​ផ្លាស់​ប្តូរ។ ២.ឱប​កូន​នៅ​លើ​ដៃ សូម​ចង​ចាំ​ថា​ ម៉ាក់ៗ​ត្រូវ​តែ​សម្អាត​​ដៃ​មុន​នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​កន្ទប​ ឬខោកូន។ ដំបូង​ឡើយ​ត្រូវ​ដាក់​កូន​លើ​កន្លែង​រាប​ស្មើមួយ។ បន្ទាប់​មក​ដាក់​ដៃ​ម្ខាង​លើ​កូន​ដើម្បី​កុំ​ឲ្យ​រមៀល​ធ្លាក់។ ជំហ៊ាន​បន្ទាប់​ដោះ​ខោ​ទឹក​នោម​​ដែល​គគ្រិច​នោះ​ចេញ​ ហើយ​លើក​កូន​ឡើង។ ប្រើ​ដៃ​ម្ខាង​ទៀត​ទាញ​កន្ទប់​នោះ​ចេញ​ពី​ខាង​មុខ។ ៣.ជូត​សម្អាត​​ទារក​ទាំង​មុខ​ទាំង​ក្រោយ ជ្រលក់​ក្រណាត់​ស្អាត​នោះ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ ហើយជូតគូទ​កូន​​ពី​មុខ​ទៅ​ក្រោយ។ សូម​ចងចាំ​ថា​ មិន​ត្រូវ​ជូត​ពី​ក្រោយ​មក​មុខ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​​បាក់​តេរី​រាលដាលពីគូទ​មក​ប្រដាប់ភេទ​ និងធ្វើ​ឲ្យ​មាន​បញ្ហា​ផ្លូវ​ទឹក​នោម​កូន ជា​ពិសេស​ចំពោះ​ទារិកា។ ប្រសិន​បើជាកូន​ប្រុស​យើង​​ត្រូវ​ដាក់​ខោទឹក​នោម​ថ្មី​លើ​ប្រដាប់​ភេទ​របស់​កូន​​ ដើម្បី​កុំ​ឲ្យ​កូន​នោម​ដាក់យើង​។ ចុង​ក្រោយយើង​​គួ​ដាក់​កូន​លើ​ក្រណាត់​ក្រាល​ស្អាត និង​​ស្ងួត​ ហើយ​លាប​ថ្នាំ​សម្រាប់​​​ការពារ​គូទ​ឲ្យ​កូន​ មុន​នឹង​ស្លៀក​ខោ​ថ្មី​ទៀត​​។ ៤.សាក​ទំហំ​ខោ​ទឹក​នោម​ទារក ប្រសិន​បើយើង​​មិន​ច្បាស់ ថា​ខោ​ទឹក​នោម ឬ​កន្ទប​ត្រូវ​ជាមួយ​កូន​​ឬ​អត់​នោះ យើង​​អាច​ឆែក​ដោយ​យក​ម្រាម​ដៃ​ពីរ​សង្ខាង​របស់​យើង​ទាញ​វាស់​ជាមួយ​ចង្កេះ​កូន។ សំរាប់​ទារក​ទើប​នឹង​កើត យើង​​គួរ​តែ​ទាញ​ផ្នែក​ខាង​លើ​នៃ​កន្ទប​ឲ្យ​​ផុត​ពី​ផ្ចិត​ដើម្បី​ឲ្យ​​កូន​អាច​ដើរ​ខ្យល់​បាន​ល្អ។ ៥.វិធី​ការ​ពារ​កុំឲ្យ​​​រោលខោទឹក​នោម ការ​រោល​ដោយ​កន្ទប​ គឺ​ជា​បញ្ហា​ដែល​កើត​ញឹកញាប់​​បំផុត​លើ​​ទារក។ ដើម្បី​ការពារ​ការ​រោល​នេះ​យើង​​ត្រូវ​តែ​ផ្លាស់​ប្តូរ​កន្ទប​ ឬ​ខោ​កូន​ឲ្យ​បាន​ញឹកញាប់ លាប​ថ្នាំ​ការពារ និងអាច​ថា​កុំ​ប្រើ​កន្ទប​ប្រសិន​បើ​អាចធ្វើ​​ទៅ​បាន។ ប្រសិន​បើ​ការ​រោល​នេះ​មាន​លក្ខណៈ​យូរ ត្រូវ​តែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​ភ្លាម។ ប្រសិន​បើ​កូន​គ្រុន ស្រប​​​ពេល​ជាមួយ​គ្នា​នឹង​ការ​រោល​នេះ ឬ​ប្រសិន​បើ​ការ​រោល​នេះ​ធ្វើ​ឲ្យ​​ឈឺ​ចាប់ ឡើង​ក្រហម​ជាមួយ​ខ្ទុះ ត្រូវ​នាំ​កូន​ទៅ​ជួប​​គ្រូពេទ្យ​ជំនាញ​ភ្លាមៗ​តាម​ដែល​អាច​ធ្វើ​បាន។


ការថែទាំទារក

​ស្រាយចម្ងល់!ម៉ាក់​ប៉ាថ្មីថ្មោង ចង់ដឹងញឹក​ញាប់​ទាក់​ទង​នឹង​ការ​ងូត​ទឹក​ឲ្យ​ទារក​ទើប​កើត​

សម្រាប់​ម៉ាក់​ប៉ា​ថ្មី​ថ្មោង ការ​ងូត​ទឹក​ឲ្យ​អា​អូន​ទើប​កើត អាច​ជា​រឿង​ពិបាក​មួយ​ដែល​យើង​ត្រូវ​ប្រយ័ត្ន ព្រោះ​អា​អូន​នៅ​ទន់​ខ្លាំង​ពិបាក​កាន់​ផង ណាមួយ​យើង​មិន​ធ្លាប់​ផង។ ហើយ​ក៏​ជឿ​ថា ក្រោយ​អា​អូន​កើត​មក យើង​ច្បាស់​ជា​មាន​សញ្ញា​សួរ​ពេញ​ក្បាល​ទាក់​ទង​នឹង​ការ​ងូត​ទឹក​ឲ្យ​កូន​នោះ។ ១. គួរ​ងូត​ទឹក​ឲ្យ​កូន​ប៉ុន្មាន​ដង/ថ្ងៃ? តាម​ពិត​ទៅ យើង​មិន​ចាំ​បាច់​ងូត​ទឹក​ឲ្យ​ទារក​ទើប​កើត​រាល់​ថ្ងៃ​ទេ យើង​អាច​ងូត​ទឹក ​៣-៤​ដង/សប្ដាហ៍​ក៏​បាន។ ការ​ងូត​ទឹក​ឲ្យ​កូន​ច្រើន​ដង​ពេក អាច​ធ្វើ​ឲ្យ​ប្រេង​ធម្មជាតិ​នៃ​ស្បែក​កូនបាត់បង់ បណ្ដាល​ឲ្យ​ស្បែក​ស្ងួត។ ប្រសិន​បើ​យើង​ឆាប់​ប្ដូរ​កន្ទប ឬ​ខោ​ទឹក​នោម​កូន និង​សម្អាត​បាន​ល្អ យើង​សម្អាត​កន្លែង​សំខាន់​រួច​រាល់​បាត់​ហើយ បូក​រួម​ទាំង​មុខ ក និង​នៅ​តាម​តំបន់​គន្លាក់​ដៃ-ជើង​។ល។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ២. ងូត​ទឹក​ពេល​ថ្ងៃ ឬ​ពេល​យប់ មួយណា​ល្អ​ជាង​សម្រាប់​កូន? គ្មាន​ពេល​ណា​ល្អ ឬ​មិន​ល្អ​សម្រាប់​ការ​ងូត​ទឹក​ឲ្យ​កូន​ទេ គ្រាន់​តែ​ម៉ាក់​ប៉ា​ត្រូវ​ប្រាកដ​ថា ពេល​ងូត​ទឹក​ឲ្យ​កូន​ទើប​កើត មិន​ប្រញាប់ ឬ​មាន​អី​មក​រំខាន​បាន​ហើយ។ អ្វី​ដែល​គួរ​ចំណាំ​នោះ គឺ​ពេល​ងូត​ទឹក​ឲ្យ​កូន​ក្រោយ​កូន​បៅ​រួច។ យើង​មិន​គួរ​ឲ្យ​កូន​បៅ​ហើយ​ភ្លាម ងូត​ទឹក​ឲ្យ​កូន​ភ្លាម​ទេ គួរ​ចាំ​ឲ្យ​កូន​ស្រក​ពោះ​សិន សឹម​ងូត​ឲ្យ​។ ៣. ទឹក​គួរ​ដាក់​ឲ្យ​នៅ​សីតុណ្ហភាព​ប៉ុនណា? ទឹក​ក្ដៅ​ឧណ្ហ​ៗ ល្អ​បំផុត​សម្រាប់​ងូត​ឲ្យ​អា​អូន​ទើប​កើត។ មុន​នឹង​ដាក់​កូន​ចូល​ទឹក យើង​ត្រូវ​វាស់​កម្ដៅ​ដោយ​ដៃ​យើង​ជាមុន​សិន បើ​អាចយក​ទែរម៉ូម៉ែត្រមក​វាស់​កាន់​តែ​ល្អ ហើយ​សីតុណ្ហភាព​ទឹក​ត្រឹម ​៣៨​ អង្សារសេ។ ម៉្យាង​ទៀត សីតុណ្ហភាព​នៅ​ក្នុង​បន្ទប់​ក៏​មិន​ត្រូវ​ត្រជាក់​ពេក​ដែរ ព្រោះ​ទារក​សើម​ងាយ​នឹង​រងា​ណាស់។ ៤.ពេល​ងូត​ទឹក​ឲ្យ​កូន​ត្រូវ​កាន់​កូន​យ៉ាង​ម៉េច? ការ​ដែល​កាន់​កូន​ណែន​ដៃ អាច​ជួយ​ទារក​ឲ្យ​មាន​អារម្មណ៍​ស្រួល និង​មាន​សុវត្ថិភាព​នៅ​ក្នុង​អាង​ងូត​ទឹក​ ដោយទប់​ក្បាល និង​ក​កូន​ឲ្យ​ជាប់ ឬ​ទប់​ទារក​ក្រោម​ឃ្លៀក​ឲ្យ​បាន​ល្អ​ពេល​ងូត​ទឹក […]


ការថែទាំទារក

ក្មេងពិបាកលេបថ្នាំ ដោះស្រាយយ៉ាងណា? ចុះបើបញ្ចុកថ្នាំហើយ កូនបែរជាក្អួតមកវិញ គួរធ្វើម៉េច?

ថ្នាំ​​មាន​ច្រើន​ប្រភេទ ឯ​រសជាតិ​ក៏​ផ្សេង​គ្នា មាន​ផ្អែម ហឹរ ល្វីង​ជា​ដើម។ បើ​ផឹក​ចំ​ថ្នាំ​ល្វីង ក្មេងៗ​ច្បាស់​ជា​រាង​ចាល​ លើក​ក្រោយ​ឃើញ​ថ្នាំ​ដឹង​តែ​រត់គេច​មិន​ខាន។ ចំពោះ​ក្មេង​មួយ​ចំនួនដែល​ពិបាក​លេប ឬ​ផឹក​ថ្នាំ​នោះ លោក​ស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯក​ទេស​រោគ​កុមារ ​ចែក​រំលែក​គន្លឹះ​ល្អៗ​ក្នុង​ការ​បញ្ចុក​ថ្នាំ​កូន​មួយ​​ចំនួន​ខាង​ក្រោម​នេះ។ ​- ត្រូវ​ត្រៀម​លក្ខណៈ ពេល​កូន​ឈឺ​យើង​ត្រូវ​ត្រៀម​លក្ខណៈ​ជា​មុន និង​ត្រូវ​ដឹង​ពី​ចំណង់​ចំណូល​ចិត្ត​របស់​កូន តើ​កូន​ចូល​ចិត្ត​ញ៉ាំ​ថ្នាំ​ប្រភេទ​ម្សៅ ឬ​ក៏​ប្រភេទ​ទឹក? ចូល​ចិត្ត​រសជាតិ​បែប​ណា? នៅ​ពេល​ទៅ​ពេទ្យ​យើង​អាច​​សួរ​រក​ប្រភេទ​ថ្នាំ​ដែល​កូន​ចូល​ចិត្ត នោះ​ទើប​មិន​ពិបាក​បញ្ចុក​ថ្នាំ​កូន។ - ត្រូវ​ចេះ​សម្រួល​អារម្មណ៍ ពេល​បញ្ចុក​ថ្នាំ​កូន​ត្រូវ​សម្រួល​អារម្មណ៍​ទាំង​ម្តាយ​ទាំង​កូន មិន​ត្រូវ​ភ័យ​ស្លន់​ស្លោ​នោះ​ទេ បើ​យើង​ភ័យ​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​ភ័យ​ខ្លាច​ដូច​គ្នា។ យើង​មិន​ត្រូវ​ចាត់​ទុក​ការ​បញ្ចុក​ថ្នាំ​កូន​ជា​កិច្ចការ​ដ៏​លំបាក ញ៉ាំ​ទៅ​កូន​ឈ្លក់ ញ៉ាំ​ទៅ​ក្អួត​ចេញ​មក​វិញ​នោះ​ទេ ត្រូវ​សម្រួល​អារម្មណ៍ បញ្ចុក​ថ្នាំ​កូន​ដោយ​សន្សឹមៗ។ ក្មេង​ដូច​យើង​មនុស្ស​ចាស់​ដែរ មិន​ចូល​ចិត្ត​បង្ខំ​ទេ រឹត​តែ​មិន​ចូល​ចិត្ត​ឲ្យ​យើង​ចាប់​បញ្ច្រក​ថ្នាំ ផ្ទុយ​ទៅ​វិញ​ក្មេង​ចូល​ចិត្ត​លេង ហើយ​ចូល​ចិត្ត​អ្វី​ដែល​សាមញ្ញៗ។ អ៊ីចឹង​ហើយ​យើង​ត្រូវនិយាយ​​ពាក្យ​ផ្អែម​ល្ហែម​ទៅ​កូន ចៀស​វាង​ការ​ចាប់​បង្ខំ ដូចជា​ចាប់​ក្បាល ចាប់​ច្របាច់​ច្រមុះ ឬ​មាត់កូន។ - តិច​និក​នៃ​ការ​ជ្រើសរើស និង​ឲ្យ​ថ្នាំ​ទៅ​កូន បើ​កូន​នៅ​ជា​ទារក អាយុ​ក្រោម​១ឆ្នាំ យើង​ត្រូវ​ប្រើ​សឺរ៉ាំង​បញ្ចុក​ថ្នាំ​កូន​ដែល​មាន​ទំហំ​តូច​បំផុត ដោយ​បី​កូន រួច​បាញ់​ថ្នាំ​បញ្ចូល ធ្វើ​យ៉ាង​ណា​ឲ្យ​ថ្នាំ​នៅ​ចន្លោះ​ថ្ពាល់ និង​អញ្ចាញ​ធ្មេញ​របស់​កូន ដើម្បី​​កុំ​ឲ្យ​កូន​ឈ្លក់ ឬ​ខ្ពុល​ថ្នាំ​ចេញ​​មក​ក្រៅ។ ចំណែក​ឯ​ការ​បាញ់​ថ្នាំ​វិញ យើង​ត្រូវ​បាញ់​ថ្នាំ​​ម្តង​បន្តិចៗ មិន​ត្រូវ​បាញ់​ដោយ​បង្ខំ​នោះ​ទេ។ចំណែក​វិធី​មួយ​ទៀត ម៉ាក់ៗ​អាច​ប្រើ​ក្បាល​ដោះ​ដប​ទឹក​ដោះ​គោ​ចេញ​ពី​កំប៉ុង ដាក់​​ឲ្យ​កូន​ជញ្ជក់ រួច​យក​សឺរ៉ាំង​បាញ់​បញ្ចូល​ក្នុង​ក្បាល​ដោះ​ម្តង​បន្តិចៗ។ […]


ការថែទាំទារក

កូនមានសុខភាពល្អ ឬអត់ម៉ាក់ប៉ាអាចពិនិត្យ ៤ ចំណុចនេះ

សុខភាព​កូន​តូច​ពិតជា​រឿង​សំខាន់​ដែល​យើង​ជា​អាណាព្យាបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់ និង​សង្កេត​រៀងរាល់​ថ្ងៃ។ នៅ​ពេល​ចង់​ដឹង​ថា​កូន​លូតលាស់​ធំធាត់ និង​មាន​សុខភាព​ល្អ​ឬ​អត់​នោះ អាច​ពិនិត្យ​ទៅ​លើ​ប៉ុន្មាន​ចំណុច​ដូច​ខាងក្រោម។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ណែនាំ​ឲ្យ​ប៉ា​ម៉ាក់​ត្រូវ​ចេះ​សង្កេត​មើល​កូន​ខ្លួនឯង​ជាមុន​សិន ទើប​ចាំ​មក​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​តាម​ក្រោយ។ ក្នុង​ការ​ពិនិត្យ​នោះ​មាន ២ ផ្នែក​លើ​ខ្លួន​ប្រាណ ១ ផ្នែក​ទាក់ទង​នឹង​របប​អាហារ និង​ ១ ​ផ្នែក​បញ្ញា​ស្មារតី៖ ១- វាស់​កម្ពស់ និង​ថ្លឹង​ទម្ងន់ មុន​ទៅ​ពេទ្យ​យើង​ជា​អ្នក​ថែទាំ​គួរ​ដឹង​ថា​កូន​មាន​ឡើង​សាច់ និង​សកម្មភាព​ខ្លាំងក្លា​អត់​រាល់ថ្ងៃ ហើយ​នៅ​ពេល​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​លើក​ដំបូង​ពេទ្យ​វាស់​កម្ពស់ ថ្លឹង​ទម្ងន់ ដោយ​គណនា​ផល​ធៀប ដើម្បី​ឲ្យ​ដឹង​ថា​កូន​គ្រប់​គីឡូ និង​កម្ពស់​តាម​ស្តង់ដារ ឬ​ទេ? នៅ​ពេល​លទ្ធផល​យ៉ាង​ណា​នោះ គ្រូពេទ្យ​នឹង​ប្រាប់​យើង ឧទាហរណ៍៖ កូន​ខ្វះ​គីឡូ​ត្រូវ​បន្ថែម​ទឹក​ដោះ ឬ​បើ​កូន​ដល់​វ័យ​ញ៉ាំ​អាហារ​គួរ​បង្កើន​អាហារ​បែប​ណា ដើម្បី​ឲ្យ​រាងកាយ​ធំធាត់ និង​រឹងមាំ​ថែម​ទៀត។ ២- ពិនិត្យ​រាង​កាយ អ្នក​ដែល​មើល​ថែទាំ​កូន​ត្រូវ​ចេះ​ពិនិត្យ​មើល​ថា តើ​លើ​រូបរាង​ខ្លួន​តាំងពី​ក្បាល​ដល់​ចុង​ជើង មាន​ស្លាកស្នាម ដុំ​ពក កន្ទួល ដំបៅ​ដែល​មិន​ប្រក្រតី​ណា​មួយ​ដែរ ឬ​ទេ។ ប្រសិនបើ​មាន​អ្វី​មួយ​ខុស​ធម្មតា ដែល​អាច​នាំឲ្យ​រាំងស្ទះ​ដល់​ការ​លូតលាស់​របស់​កូន ត្រូវ​នាំ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិភាក្សា និង​រក​មូលហេតុ​នៃ​បញ្ហា ដោយ​ការ​ព្យាបាល​ផ្សេង។ ៣- តាមដានការលូតលាស់​ផ្នែក​បញ្ហា ការ​វិវត្តន៍​របស់​ទារក​ពិតជា​សំខាន់​ណាស់ ហើយ​ពេល​កូន​កាន់តែ​មាន​ចលនា​ច្រើន យើង​ក៏​កាន់តែ​ស្រលាញ់។ ក្នុង​នោះ​ចាប់ពី ៣ ខែ​ទៅ​ទារក​ចាប់ផ្ដើម​ងើប​ក្បាល​រួច ៥-៦ ខែ​ចេះ​ក្រឡាប់ ហើយ​ចាប់ពី ៨ […]


ការថែទាំទារក

មិនចង់ឲ្យអាអូនបៅហើយក្អែ គួរសម្គាល់កត្តាបង្កសំខាន់ ៣ និងតិចនិកកាត់បន្ថយអាការៈលើកូន​

រឿង​ទារក​ក្អែ​ទឹក​ដោះ​ក្រោយ​បៅ​រួច​ជា​បញ្ហា​ធម្មតា​ដែល​ទារក​ភាគ​ច្រើន​ជួប​ប្រទះ​ញឹក​ញាប់។ ម៉ាក់ប៉ា​មិន​ចាំ​បាច់​បារម្ភ ព្រោះ​វា​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​កូន​ទេ តែ​យើង​គួរ​ចៀសវាង​មូល​ហេតុ​បង្ក​ទាំង​ប៉ុន្មាន​នេះ បើ​ចង់​ឲ្យ​កូន​លែង​មាន​បញ្ហា​ក្អែ​ទឹក​ដោះ​ចេញ​មក​វិញ។ មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា ក្អែ​ទឹក​ដោះ​ជា​បញ្ហា​ដែល​តែង​តែ​កើត​មាន​លើ​ទារក និង​កុមារ​តូចៗ ហើយ​ក៏​ជា​កង្វល់​របស់​ម៉ាក់ប៉ា​ភាគ​ច្រើន​ដែរ។ ជា​ទូទៅ យើង​ឃើញ​ថា​នៅ​សប្ដាហ៍២-៣ ក្រោយ​កើត កាន់​តែ​ខ្លាំង​ឡើង​នៅ​ពេល​កូនៗ​មាន​អាយុ ៤-៥ ខែ ហើយ​ភាគ​ច្រើន​បាត់​ទៅ​វិញ​រវាង ៩​-១២​ខែ។ កត្តា​ចម្បង​ដែល​បណ្ដាល​ឲ្យ​អា​អូន​ក្អែ​នោះ​គឺ៖ ទី១. ឲ្យ​កូន​បៅ​លើស​ចំនួន​ជ្រុល ទី២. បំបៅ​កូន​មិន​ត្រឹម​ត្រូវ ឬ​ធ្វើ​ឲ្យ​កូន​លេប​ខ្យល់​ចូល​ពោះ​ច្រើន ទី៣. កូន​យំ​ខ្លាំង ឬ​ពេល​កូន​ក្អក មាន​វិធី​ណា​ជួយ​កូន​កុំ​ឲ្យ​ក្អែ​ទឹក​ដោះ​ចេញ​មក​វិញ​អត់? បញ្ហា​កូន​ក្អែ​នេះ យើង​អាច​កាត់​បន្ថយ ឬ​ជួយ​កូន​ឲ្យ​ក្អែ​ចេញ​មក​បាន​ដូច​ជា៖ - បំបៅ​ដោះ​កូន (បៅ​ដោះ​ម្ដាយ​កាត់​បន្ថយ​ក្អែ ជាង​ក្មេង​ដែល​បៅ​ទឹក​ដោះគោ) - លើក​កូន​បញ្ឈរ​ ១០-១៥​នាទី ក្រោយ​ពេល​បៅ​ហើយ - បំបៅ​កូន​ញឹក​ញាប់ តែ​ក្នុង​បរិមាណ​តិចៗ - ចៀស​វាង​ស្លៀក​ខោ​ទឹក​នោម ឬ​សម្លៀក​បំពាក់​រឹប​តឹង​ពេក​ឲ្យ​កូន - ពន្យារ​ពេល​ម៉ោង​សម្រាប់​លេង​ឲ្យ​បាន​យូរ ក្រោយ​បៅ​រួច - ប្ដូរ​ក្បាល​ដោះ បើ​កូន​បៅ​ទឹក​ដោះ​គោ - ផ្លាស់​ប្ដូរ​របប​អាហារ​មួយ​ចំនួន​សម្រាប់​ម៉ាក់ៗ​បំ​បៅ​ដោះ​កូន (ចៀស​វាង​អាហារ​មាន​ជាតិ​ជូរ និង​ជាតិ​កាហ្វេអ៊ីន​ដូច​ជា ក្រូចឆ្មារ ក្រូច ប៉េងប៉ោះ កាហ្វេ តែ និង​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន។) តិចនិក​ក្នុង​ការ​ជួយ​កូន​កុំ​ឲ្យ​ក្អែ​ខាង​លើ​នេះ មិន​ត្រឹម​តែ​អាច​ជួយ​ដល់​បញ្ហា​ក្អែ​ទេ តែ​ក៏​អាច​ជួយ​ដល់​បញ្ហា​ទល់​ខ្យល់ និង​ចុក​ឆ្អល់​ពោះ​នៅ​លើ​កូន​ៗ​បាន​ផង​ដែរ។ បញ្ហា​ដែល​កូន​ក្អែ​ភាគ​ច្រើន​មិន​មាន​បង្ក​ឡើង​ពី​ជំងឺ​អ្វី​នោះ ហើយ​វា​ក៏​មិន​បង្ក​ផល​ពិបាក​ដល់​ការ​លូតលាស់​របស់​កូន​ដែរ។


ការថែទាំទារក

កូនក្តៀនច្រើនថ្ងៃ ឆាប់នាំទៅពេទ្យ ប្រយ័ត្នខូចពោះវៀន

បញ្ហា​ទល់​លាមក​កើត​ឡើង​លើ​មនុស្ស​គ្រប់​វ័យ បើ​ទោះ​ជា​ទារក​មិន​ទាន់​បាន​ទទួល​របប​អាហារ​ក៏​ចៀស​មិន​ផុត​ពី​បញ្ហា​នេះ​ដែរ។ ចំពោះ​អ្នក​មាន​កូន​តូច ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្លាំង ព្រោះ​គ្រូពេទ្យ​ថា បើ​ទុក​យូរ​ៗ​រហូត ១ សប្ដាហ៍​បាន​ជុះ​ម្ដង អាច​រលាក​ពោះ​វៀន។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា សម្រាប់​កូន​តូច​មិន​ថា​បៅ​ដោះ​ម៉ាក់​ៗ ឬ​ទឹក​ដោះ​គោ​សុទ្ធតែង​ជួប​ប្រទះ​ជំងឺ​ទល់​លាមក​នេះ​ដូច​គ្នា។ កូន​ដែល​បៅ​ដោះ​ម៉ាក់ ហើយ​ទល់​លាមក​ អាចមកពី​​ញ៉ាំ​អាហារ​ក្រៀមក្រោះ មិន​សូវ​សម្បូរ​ជីវជាតិ និង​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ ម៉ាក់​ៗ​ផឹក​ទឹក​តិច ទើប​កូន​ម៉ឹម​ដោះ​ទៅ​មាន​បញ្ហា​ទល់​លាមក។ ចំណែក​កូន​បៅ​ទឹក​ដោះ​គោ​វិញ អាច​មកពី​ទឹក​ដោះ​គោ​ខ្លះ​មិន​សម​ស្រប​ទៅ​នឹង​ពោះ​វៀន​របស់​ក្មេង ដូច្នេះ​បើ​កូន​ក្ដៀន​ដោយសារ​ទឹកដោះគោ គួរតែ​ប្ដូរ​ប្រភេទ​ទឹក​ដោះ​គោ​នោះ​ចេញ។ រីឯ​កូន​ដែល​ចេះ​ញ៉ាំ​អាហារ​វិញ អាច​មកពី​របប​អាហារ​គ្មាន​បន្លែ ឬ​ផ្លែឈើ​ជាតិ​កាក​សរសៃ និង​មិន​បាន​ផឹក​ទឹក​គ្រប់គ្រាន់ ហើយ​មួយ​វិញ​ទៀត​ក៏​អាច​មកពី​កូន​មាន​បញ្ហា​ខ្សោយ​ពោះវៀន​ដែរ ទើប​ញ៉ាំ​អ្វី​ទៅ​ងាយ​នឹង​ក្ដៀន។ វេជ្ជបណ្ឌិត​បាន​បន្ថែម​ទៀត​ថា នៅ​ពេល​យើង​បណ្ដោយ​ឲ្យ​កូន​ទល់​លាមក​ញឹកញាប់​ពេក នាំឲ្យ​រលាក​ពោះ​វៀន ព្រោះ​លាមក​ដែល​ស្ទះ​នោះ​ក្ដៅ យូរៗទៅខូចពោះវៀន និងមិន​មានឈាមចិញ្ចឹមគ្រប់គ្រាន់ ហើយ​កាលណាមិនការជុះយូរធ្វើមានការប្រមូលផ្តុំមេរោគច្រើន។ ការ​រលាក​ញឹកញាប់ ក៏​បណ្ដាលឲ្យស្ទះសរសៃឈាមសុទ្ធតែប្រឈមនឹងការខូចពោះវៀនដោយសារមិនមានឈាមចិញ្ចឹមគ្រប់គា្រន់ រហូត​ត្រូវ​កាត់​ចេញ ព្រោះ​ពោះវៀន​រង​ការ​រលាក​រ៉ាំរ៉ៃ​ខ្លាំង​ពេក ហើយ​បើ​បន្ត​ទុក​អាច​កាន់តែ​គ្រោះថ្នាក់​រហូត​ធ្លាក់​ឈាម​ខ្លាំង ពេល​ប្រឹង​ជុះ។


ការថែទាំទារក

កូនទើបកើតគួរដាក់ឲ្យគេងបែបណាទើបល្អ ក្បាលមិនសំប៉ែត?

នៅ​ពេល​ទារក​កើត​មក​ភ្លាម អ្វី​ដែល​ម៉ាក់ប៉ា​សង្កេត​មើល​គឺ​អវយវៈ​គ្រប់គ្រាន់​ដែរឬ​ទេ? នៅ​ពេល​ដឹង​ថា​អ្វី​ៗ​ប្រក្រតី​ហើយ​នោះ រឿង​បន្ទាប់​គឺ​របៀប​គេង​របស់​កូន​ដែល​ត្រឹមត្រូវ ដើម្បី​ឲ្យ​ទឹក​ភ្លោះ ឬ​ទឹក​ព្រៃ​នោះ​ចេញ​ឲ្យ​អស់ពេលកូនកើតចេញមក គ្រូពេទ្យតែងតែតម្រូវឲ្យកូនគេងផ្អៀង។ ហើយ​ទម្លាប់​ដាក់​កូនគេង​នោះ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ព្រោះ​ជួយ​ឲ្យ​ក្បាលកូន​ស្អាត។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ទម្លាប់​គេង​តាំងពី​កើត​មក​ភ្លាមពិតជា​ល្អ និង​ជួយ​ឲ្យ​ក្បាល​កូន​មាន​សភាព​មូល​ល្អ​ស្អាត​ថែម​ទៀត​ផង។ លោក​បាន​បន្ថែម​ទៀត​ថា ម៉ាក់​ប៉ា​ជាច្រើន​ព្រោះ​តែ​មិន​ទម្លាប់​តាំងពី​ដំបូង​ៗ ទើប​បណ្ដោយ​ឲ្យ​កូន​គេង​ផ្ងារ រហូត​សំប៉ែត​ក្បាល​ខាង​ក្រោយ ធ្វើឲ្យ​បាត់បង់​សោភណភាព​មួយ​កម្រិត​ទៀត ជាពិសេស​កូន​ស្រី​មើល​ទៅ​មិន​ស្រស់​ស្អាត។ លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ទៀត​ថា ជំហាន​ដំបូង​ការ​ជ្រើសរើស​ខ្នើយ​សម្រាប់​កូន​ដេក​ជាមុន​សិន។ យើង​ត្រូវ​ឲ្យ​កូន​កើយ​ខ្នើយ​ស្ដើង​ទន់ ព្រោះ​ឆ្អឹង​លលាដ៍​ក្បាល​ទារក​នៅ​ខ្ចី​ណាស់ ពេល​ប្រើ​ខ្នើយ​រឹង​អាច​ធ្វើឲ្យ​ក្បាល​របស់​គេ​មាន​សភាព​សំប៉ែត ឬ​ផត​មិន​ស្មើ​គ្នា​ឡើយ។ ចំណែក​វិធី​បន្ទាប់​ទៀត​មាន​ដូចជា៖ - ដាក់​ឲ្យ​កូន​គេង​ផ្អៀង​ឆ្លាស់គ្នា​ទៅមក​ម្ដង​ឆ្វេង ម្ដង​ស្ដាំ ហើយ​បើ​កូន​ត្រឡប់​មក​វិញ​ត្រូវ​រក​អ្វី​កល់​ពី​ខ្នង និង​ដាក់​កូន​ខ្នើយ​ឱប​ពី​មុខ​ឲ្យ​កូន​ឱប - ចៀសវាង​ឲ្យ​កូន​គេង​ផ្អៀង​ខាង​ដដែល ព្រោះ​អាច​វៀច ឬ​មិន​ស្មើ - កន្លែង​កូន​ដេក​មិន​គួរ​មាន​ពន្លឺ ឬ​សំឡេង​រំខាន ព្រោះ​កូន​នឹង​ងាក​ទៅ​រក​តែ​ខាង​នោះ - បើ​កូន​មិន​ព្រម​គេង​ផ្អៀង ត្រូវ​រក​ខ្នើយ​ដែល​មាន​ប្រហោង​កណ្ដាល​មក​ដាក់​ឲ្យ​កូន​គេង - កុំ​បណ្ដោយ​ឲ្យ​កូន​គេង​ក្នុង​រទេះរុញ ឬ​អង្រឹង​ប៉ាក់ប៉ើក​យូរ​ពេក ព្រោះ​របស់​អស់​ទាំង​នោះ​គ្មាន​កន្លែង​ធំ​ទូលាយ​ប្រែ​ខ្លួន​ឆ្វេង​ស្ដាំ - ការ​បី​កូន​ត្រូវ​ឆ្លាស់​ម្ដង​ឆ្វេង ម្ដង​ស្ដាំ កុំឲ្យ​ដៃ​ដែល​ទ្រចាំ​ក្បាលកូន​កន្លែង​ដដែល​ៗ - ពេល​បី​កូន​ត្រូវ​មាន​កំណាត់​ទ្រាប់ កុំឲ្យ​ក្បាល​កូន​ទទួល​សម្ពាធ​ពី​ដៃ​ផ្ទាល់​ៗ​តែ​ម្ដង ក្នុង​នោះ​លោក​ក៏​បាន​ផ្ដល់​ដំបូន្មាន​ថា បញ្ហា​ក្បាល​សំប៉ែត​របស់​កូន​អាច​ការពារ​បាន បើ​យើង​ព្យាយាម​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​គេង ចាប់តាំង​ពី​កើត​មក​ភ្លាម។


ការថែទាំទារក

កុំធ្វើរឿង ៣ នេះ ដាក់ក្មេងទើបកើត ប្រយ័ត្នមានបញ្ហាធំ

ចាស់ៗ​មួយ​ចំនួន​នៅ​ប្រកាន់​ទំនៀម​ពី​បុរាណ​លើ​ការ​ថែទាំ​ទារក​ទើប​កើតនៅ​ឡើយ  ហើយ​ទម្លាប់​ខ្លះ​មិន​សមស្រប​នឹង​ក្បូន​វេជ្ជសាស្ត្រ​នោះ​ទេ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ហាម​ដាច់​ខាត​ចំពោះ​ការ​ធ្វើ ៣ ចំណុច​ខាងក្រោម​នេះ​លើ​ទារក​ទើប​កើត។ ១. បន្តក់​ទឹក​ដោះ​លើ​ភ្នែក​កូន ម៉ាក់ៗ​ដែល​កើត​កូន​តាម​ធម្មជាតិ អាអូន​មាន​បញ្ហា​ភ្នែក​ច្រើន​ជាង​សម្រាល​ដោយ​វះកាត់។ នៅ​ពេល​កូន​ស្អិត​ភ្នែក មាន​អាចម៍​ភ្នែក​នោះ ចាស់ៗ ឬ​ម៉ាក់ៗ​មួយ​ចំនួន​បាន​បន្តក់​ទឹកដោះ​ម្តាយ​ចូល​ភ្នែក​កូន ដោយ​ជឿ​ថា​ទឹក​ដោះ​ម្តាយ​ល្អ ជា​ថ្នាំ​ព្យាបាល​ភ្នែក​ដ៏​សក្តិសិទ្ធ។ ជំនឿ​បែប​នេះ​មិន​សម​ហេតុ​សម​ផល​ឡើយ ហើយ​បច្ចុប្បន្ន​ថ្នាំ​សង្កូវ​ក៏​សម្បូរ​បែបដែរ។ ការ​បន្តក់​ទឹកដោះ​លើ​ភ្នែក​រឹតតែ​ធ្វើ​ឲ្យ​ភ្នែក​ស្អិត ហើម និង​រលាក​ភ្នែក។ ភ្នែក​កូន​តូច​ឈឺ គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​បន្តក់​សេរ៉ូម​ប្រៃ ឬ​បើ​មាន​បញ្ហា​ធ្ងន់ធ្ងរ ត្រូវ​នាំ​កូន​​ទៅ​ពេទ្យ។ ២. ច្របាច់​គ្រាប់​ដោះ​កូន ចាស់​ៗ​សម័យ​មុន គឺ​ឲ្យ​តែ​ទារក​ទើប​នឹង​កើត ត្រូវ​ច្របាច់​ក្បាល​ដោះ​កូន​ឲ្យ​ចេញ​គ្រាប់​ ចៀសវាង​ពេល​ធំ​ទៅ​ដោះ​ប្រែ​ជា​ធំ​រយីករយាក ឬ​កើត​ជំងឺ​ផ្សេង​ៗ​នៅ​កន្លែង​នោះ ហើយ​មិន​ថា​ជា​កូន​ប្រុស ឬ​ស្រី​ឡើយ​ឲ្យតែ​កើត​មក​ ​ត្រូវ​ធ្វើ​បែប​នេះ​ភ្លាម។  ការ​ច្របាច់​ក្បាលដោះ​កូន ប្រៀប​ដូចជា​នាំ​មេរោគ​ឲ្យ​កូន​ដែរ​ដោយសារ​មាន​ការ​ដាច់​រលាត់​ស្បែក ព្រោះ​បើ​ដៃ​មិន​ស្អាត មេរោគ​នឹង​ជ្រៀត​ចូល​ទៅ​ភ្លាម ហើយ​បើ​ទោះ​ជា​ដៃ​លាង​សម្អាត ក៏​មេរោគ​អាច​ចូល​តាម​ធូលី ខ្យល់ ឬ​សម្លៀក​បំពាក់​កូន​កកិត​ប៉ះ​ចុះឡើង​នៅ​កន្លែង​នោះ។ នៅ​ពេល​ក្បាល​ដោះ​កូន​ឆ្លង​មេរោគ វា​មាន​រោគសញ្ញា​ដូចជា ហើម ឡើង​ក្រហម មាន​ខ្ទុះ និង​ក្ដៅ​ខ្លួន​ជាដើម ដូចនេះ​ប្រសិនបើ​ឃើញ​កូន​មាន​ដោះ​ធំ មិន​ចាំបាច់​ទៅ​ភ័យ​ព្រួយ​អ្វី​ឡើយ។ ជា​ធម្មតា​កូន​ដែល​ថ្លោស ដោះ​ក៏​ធំ​ដែរ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ