កូនចាប់ផ្តើមចេះវារ តោងឈរ យើងកាន់តែរវល់ និងខ្វាយខ្វល់ពីសុវត្ថិភាពកូន ដោយតាមមើលកូនគ្រប់វិនាទី បារម្ភខ្លាចប៉ះទង្គិចអ្វីមួយ ឬដួល។
នៅសប្តាហ៍ចុងក្រោយនៃខែទី ៨ កូនយើងអាចចេះ៖

– លេងទះដៃ ឬបក់ដៃចុះឡើង
– ដើរតោងគ្រឿងសង្ហារិម
– ឈរម្នាក់ឯងបានមួយភ្លែតៗ
– យល់ពាក្យថា ’ទេ’ ប៉ុន្តែមិនស្តាប់តាមរហូតទេ។
១- បង្រៀនកូនដោយរបៀបណា?
ពេលទារកចាប់ផ្តើមឈរ និងដើរតោងបាន ម៉ាក់ប៉ាប្រាកដជាគិតក្នុងចិត្តថា គួរពាក់ស្បែកជើងឲ្យកូនឬអត់? បើតាមគ្រូពេទ្យកុមារ និងអ្នកជំនាញខាងការលូតលាស់កុមារ បានឲ្យដំបូន្មានថា ស្បែកជើងគួរតែពាក់ពេលកូនចេះដើរលេងក្រៅផ្ទះ ពីព្រោះការដើរជើងទទេអាចជួយពង្រឹងសាច់ដុំជើង និងទម្រង់ដងខ្លួនទារក ហើយការឲ្យកូនដើរប៉ះផ្ទាល់ជាមួយឥដ្ឋការ៉ូអាចឱ្យរៀនរក្សាលំនឹងបានល្អ។ មានវិធីជាច្រើនដើម្បីជួយកូនរៀនដើរ ដោយយើងអាចឈរពីមុខ ហើយកាន់ដៃកូនឲ្យដើរទៅរកយើង ឬអាចទិញរទេះរុញឲ្យតោង ធ្វើបែបនេះអាអូនអាចចេះរៀនដើរផងហើយបានលេងសប្បាយទៀត។
ក្នុងដំណាក់កាលនេះម៉ាក់ប៉ាគួរចាប់ផ្តើមគិតគូរដល់សុវត្ថិភាពកូនៗ ដោយដាក់គន្លឹះទ្វារឲ្យជាប់ ហើយដាក់សម្ភារៈសម្អាត ឬរបស់ពុលនៅធ្នើរខ្ពស់ៗ ឯគ្រែយោលកូនគួររៀបឲ្យទាបជាងមុនបន្តិច។
២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
ក្នុងខែនេះគ្រូពេទ្យភាគច្រើនមិនណាត់ជួបពិនិត្យសុខភាពកូនយើងទេ បែបនេះក៏ល្អម្យ៉ាងដែរព្រោះក្មេងភាគច្រើនក្នុងវ័យនេះខ្លាចពេទ្យ។ ប៉ុន្តែបើមានការព្រួយបារម្ភណាមួយម៉ាក់ប៉ាឆាប់ទាក់ទងទៅគ្រូពេទ្យមិនបាច់រង់ចាំដល់ពេលណាត់ជួបនៅខែក្រោយទេ។
៣- ចំណុចត្រូវដឹង
ដួលបុកក្បាល៖ រៀនដើរដំបូងកូនជៀសមិនរួចពីការដួលទេ កូនដើរដួលបុកក្បាលតិចតួច ម៉ាក់ប៉ាកុំបារម្ភខ្លាំងពេក អាអូនមិនអីទេគ្រាន់តែពកថ្ងាសប៉ុណ្ណោះ។ យើងត្រូវលួងលោមកូនកុំឲ្យយំ អង្កែរក្បាល និងដាក់ស្អំទឹកកកប្រហែល ២០ នាទី ដើម្បីបន្ថយការហើម យើងអាចយកចំណីមកបន្លប់កូនកុំឲ្យយំ។
យើងត្រូវទូរសព្ទទៅគ្រូពេទ្យកាលណាឃើញកូនក្អួត ងងុយដេក មមីមមើ ស្រែកយំយូរ មានហូរឈាម ឬជាំនៅក្រោយត្រចៀកដែលជាតំបន់ទន់ជាងគេនៅក្បាល មានចេញចំណុចពណ៌ខ្មៅ និងពណ៌ខៀវដោយគ្មានមូលហេតុ ឬមានឈាមនៅផ្នែកពណ៌សនៃភ្នែក ឬហូរឈាមចេញតាមមាត់ ច្រមុះ ឬត្រចៀក។
យើងមិនអាចជៀសវៀងមិនឲ្យកូនអ្នកដួលបានទេ ប៉ុន្តែអ្នកអាចការពារបាន៖
- តាមមើលកូនពេលវារចុះពីអ្វីមួយ
- ដាក់ទ្រនាប់តាមជ្រុងតុ ទូ និងក្រោមឥដ្ឋ
- តាមមើលកូនឲ្យជាប់ពេលនៅលើតុ ឬនៅក្នុងរទេះរុញ
- ប្រើខ្សែទាក់ដៃកូនបាន ប៉ុន្តែកុំទុកចិត្តលើខ្សែខ្លាំងពេក
- ទម្លាក់ពូកកូនឲ្យទាបពេលចេះតោងឈរ
- រៀបចំគ្រែយោលឲ្យមានសុវត្ថិភាព
- ដោះរបាំងព័ទ្ធជុំវិញគ្រែយោល
- កុំទុករបស់លេងធំៗ ដែលឲ្យកូនកល់ចេញពីគ្រែបាន
- ទុកទូរសព្ទឲ្យឆ្ងាយពីកូន
- កុំគ្របមុងពីលើគ្រែ
- ទាញគ្រែ ៣០ សង់ទីម៉ែត្រ ឆ្ងាយពីគ្រឿងសង្ហារិម និងជញ្ជាំង។

៤- រឿងអីខ្លះគួរបារម្ភ?
ប្រើដៃឆ្វេង ឬដៃស្តាំ៖ របស់ប្រើប្រាស់ភាគច្រើនធ្វើសម្រាប់អ្នកប្រើដៃស្តាំ ដូច្នេះម៉ាក់ប៉ាបានបង្ខំកូនឲ្យប្រើដៃស្តាំ ប៉ុន្តែបើតាមអ្នកជំនាញ ការបង្ខំកូនបែបនេះអាចប៉ះពាល់ការរៀនសូត្រកូន។ មកដល់បច្ចុប្បន្ននេះគេនៅតែមិនគាំទ្រឲ្យផ្លាស់ប្តូរទម្លាប់កូនដោយគេសង្ស័យថាអត្តចរិតមួយចំនួនជាប់ទាក់ទងនឹងការប្រើដៃឆ្វេង។
ចំពោះអ្នកប្រើដៃឆ្វេង ខួរក្បាលផ្នែកខាងស្តាំដំណើរការល្អជាង ជាហេតុធ្វើឲ្យក្មេងធំឡើងពូកែខាងផ្នែកកីឡា គូរប្លង់ និងសិល្បៈគំនូរ។ ក្មេងៗភាគច្រើនប្រើដៃទាំងសងខាងស្មើគ្នាពេលទើបកើត ទាល់តែបាន ២-៣ខែ បានពួកគេចាប់ផ្តើមប្រើដៃម្ខាង ហើយខ្លះទៀតអាចឈានដល់អាយុ១ឆ្នាំ។ ក្មេងខ្លះប្រើដៃឆ្វេង ហើយបានដូរទៅដៃស្តាំតាមក្រោយ ប៉ុន្តែអ្វីដែលសំខាន់យើងមិនគួរបង្ខំកូនឲ្យប្រើដៃស្តាំនោះទេ គួរតែឲ្យកូនប្រើដៃដែលគេចង់ប្រើ។
តើការលូតលាស់របស់កូនក្នុងសប្តាហ៍ទី ៣៧ បែបណាដែរ? រង់ចាំតាមដានទាំងអស់គ្នា!
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 385-415.
កំណែប្រែបច្ចុប្បន្ន
19/11/2019
អត្ថបទដោយ Duk Panharat
ត្រួតពិនិត្យដោយ គឹម កាណែល
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
គឹម កាណែល