ពិតណាស់ ប៉ាម៉ាក់ជាគំរូដ៏ល្អសម្រាប់កូន ហើយការយល់ឃើញរបស់យើងលើគ្រឿងស្រវឹង ថ្នាំជក់ និងគ្រឿងញៀនមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការគិតរបស់ក្មេង។
ប៉ាម៉ាក់គួរនិយាយទៅកាន់កូនអំពីគ្រឿងញៀនដោយរបៀបណា?
ប៉ាម៉ាក់គួរឆ្លៀតឱកាសនៅពេលដែលឃើញតួអង្គណាមួយនៅក្នុងភាពយន្ត ឬទូរទស្សន៍ជក់បារី ប៉ាម៉ាក់គួរនិយាយអំពីផលវិបាកនៃការជក់បារីលើសុខភាពទាំងមូល ហើយបន្ទាប់មក អាចនិយាយពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន និងផលប៉ះពាល់នៃគ្រឿងញៀនទាំងនោះ។
ជាមួយគ្នានេះដែរ យើងគួរនិយាយដោយសំឡេងធម្មតា និងប្រើពាក្យដែលក្មេងងាយយល់។ ចូរពន្យល់ថា គ្រឿងញៀន គ្រឿងស្រវឹងទាំងនោះមានគ្រោះថ្នាក់ និងអាចបង្កបញ្ហាជាច្រើនដល់រាងកាយ និងព្រមទាំងបង្រៀនកូនឲ្យចេះនិយាយពាក្យថា “ទេ” ប្រសិនបើមានអ្នកណាម្នាក់ឲ្យរបស់អ្វីមួយដែលគ្រោះថ្នាក់ដល់កូន។
តើប៉ាម៉ាក់អាចនិយាយទៅកាន់កូនអាយុពី៨ឆ្នាំ ទៅ១២ឆ្នាំពីសារធាតុញៀនយ៉ាងម៉េចខ្លះ?
នៅពេលដែលកូនកាន់តែធំ យើងអាចចាប់ផ្ដើមនិយាយជាមួយកូន ដោយសួរថាតើកូនធ្លាប់បានលឺពីរឿងគ្រឿងញៀនដែរទេ?
ប៉ាម៉ាក់ក៏ត្រូវបង្ហាញឲ្យកូនបានឃើញថា យើងនឹងរង់ចាំស្ដាប់ និងយកចិត្តទុកដាក់ចំពោះក្ដីបារម្ភ និងកង្វល់របស់កូន ហើយដើម្បីបង្ហាញពីផលវិបាកផ្សេងៗ ក៏ដូចជាការពិតទាក់ទងនឹងគ្រឿងញៀន ប៉ាម៉ាក់គួរតែធ្វើការស្រាវជ្រាវជាមុនសិន។