ប៉ាម៉ាក់ដឹងអត់ថា កូនស្ថិតក្នុងវ័យជំទង់តែងប្រឈមនឹងបញ្ហាអ្វីខ្លះ?

    ប៉ាម៉ាក់ដឹងអត់ថា កូនស្ថិតក្នុងវ័យជំទង់តែងប្រឈមនឹងបញ្ហាអ្វីខ្លះ?

    ​ប្រសិនបើ​ប៉ា​ម៉ាក់​ឧស្សាហ៍​ជជែក​លេង​ជាមួយ​នឹង​កូន នោះ​យើង​អាច​នឹង​ដឹង​ពី​បញ្ហា​របស់​កូន​ៗ​​ជាក់​ជា​មិន​ខាន។ យ៉ាង​ណា​មិញ ក្មេង​ជំទង់​ខ្លះ​​មាន​ភាព​ឯកជន និង​ជ្រើស​យក​ការ​​លាក់បាំង​រឿងរ៉ាវ ក៏​ដូចជា​បញ្ហា​​មួយ​ចំនួន​ពី​ប៉ា​ម៉ាក់​។ តើ​បញ្ហា​ទូទៅ​អ្វី​ខ្លះ​ដែល​កូន​កំពុង​ប្រឈម​ ហើយ​ប៉ា​ម៉ាក់​អាច​​ជួយ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ ដោយ​វិធី​ណា​ខ្លះ?

    ១. បញ្ហា​រូប​សម្រស់

    ដោយសារ​តែ​ក្មេង​ជំទង់​ចាប់ផ្ដើម​ពេញ​វ័យ​ រាងកាយ​នឹង​មាន​ការ​ប្រែប្រួល​យ៉ាង​ច្រើន​ ដែល​អាច​ប៉ះពាល់​ដល់​ការ​គោរព​ខ្លួន​ឯង ប្រសិនបើ​កូន​មិន​អាច​ទទួល​យក​ការ​ប្រែប្រួល​ទាំង​នេះ​បាន។

    ជាក់ស្ដែង ក្មេង​ជំទង់​ភាគ​ច្រើន​ឆ្លង​កាត់​ដំណាក់កាល​មួយ​ ដែល​ត្រូវ​ប្រឈម​នឹង​ការ​កើត​មុន ការ​ប្រែប្រួល​លើ​រូបរាងកាយ​ ដុះ​រោម​នៅ​លើ​ខ្លួន និង​ការ​មក​រដូវ​ជា​ដើម។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​គិតគូរ​ពី​អារម្មណ៍​កូន​ ជា​ជាង​ការ​បន្ទោស​បង្អាប់​​អំពី​រូបរាង ក៏​ដូចជា​កម្ពស់​កូន​ ព្រម​ទាំង​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​ចេះ​ស្រលាញ់​ខ្លួន​ឯង និង​ទទួល​យក​ការ​ពិត។

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ២. ការ​ប្រកួត​ប្រជែង និង​សម្ពាធ

    ថ្វី​ត្បិត​តែ​ការ​ប្រៀបធៀប​កូន​​ ទៅ​នឹង​អ្នក​ណា​ម្នាក់​កើត​ឡើង​ជា​ញឹកញាប់​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ប៉ា​ម៉ាក់​មិន​ត្រូវ​​បណ្ដោយ​ឲ្យ​ទង្វើ​មួយ​នេះ ប៉ះពាល់​ដល់​អារម្មណ៍​កូន​ ក៏​ដូចជា​ធ្វើ​ឲ្យ​កូន​បាត់បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ឡើយ។ ផ្ទុយ​មក​វិញ យើង​គួរ​តែ​បង្ហាញ​ទំនុក​ចិត្ត ឬ​ការ​ពេញ​ចិត្ត​ចំពោះ​សមត្ថភាព​ដែល​កូន​មាន ក៏​ដូចជា​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត។

    បញ្ហារបស់ក្មេងជំទង់២

    ​​​​​​​​​៣. គ្រឿង​ស្រវឹង​ និង​ការ​ប្រើប្រាស់​គ្រឿង​ញៀន

    ប៉ា​ម៉ាក់​ដឹង​អត់​ថា​ កូន​ៗ​តែងតែ​ចង់​ដឹង​ចង់​ឮចំពោះ​អ្វី​ដែល​ប៉ា​ម៉ាក់​ហាម​ឃាត់​ ដូចជា​ការ​ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ប្រើប្រាស់​គ្រឿង​ញៀន។ ពិត​ណាស់​ ​បច្ចុប្បន្ន​នេះ​ ក្មេង​ជំទង់​អាច​យល់​ដឹង​ច្រើន​ពី​បញ្ហា​ទាំង​នេះ ហើយ​ប្រសិនបើ​យើង​ចង់​ការពារ​កូន​ពី​សារធាតុ​គ្រោះថ្នាក់​ផ្សេង​ៗ យើង​គួរ​ជជែក​ជាមួយ​កូន​ឲ្យ​បាន​ច្បាស់លាស់​ពី​ផល​ប៉ះពាល់​ដែល​អាច​កើត​​មាន​​លើ​កូន​ ក៏​ដូចជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មិត្តភ័ក្ដិ​ដែល​កូន​រាប់អាន ពីព្រោះ​បើ​ក្មេង​សេពគប់​មិត្តភ័ក្ដិ​ដែល​ផឹក​គ្រឿង​ស្រវឹង ឬ​ជក់​បារី កូន​ក៏​អាច​ចូលរួម​ជាមួយ​នឹង​មិត្តភ័ក្ដិ​ផង​ដែរ។

    ៤. គ្មាន​អ្នក​យល់​ពី​អារម្មណ៍

    ក្មេង​ជំទង់​ អាច​មាន​អារម្មណ៍​ឯកា​ជា​ញឹកញាប់​ ក៏​ដូចជា​​គិត​ថា​គ្មាន​អ្នក​យល់​ពី​អារម្មណ៍​របស់​ខ្លួន។ ថ្វី​ត្បិត​តែ​អំឡុង​ពេល​នេះ កូន​កំពុង​លូតលាស់​ និង​ត្រូវការ​ពេល​វេលា​ផ្ទាល់​ខ្លួន​ខ្លះ​ក៏​ពិត​មែន ប៉ុន្តែ​ប៉ា​ម៉ាក់​គួរ​ត្រៀម​ខ្លួន​ឲ្យ​រួច​រាល់​ នៅ​ពេល​ដែល​កូន​ត្រូវការ​យើង។ ការ​ជជែក​លេង​ជាមួយ​កូន​ញឹកញាប់​ អាច​ជួយ​រក្សា​ទំនាក់ទំនង​ល្អ​រវាង​កូន និង​ប៉ា​ម៉ាក់​ ហើយ​ថែម​​ទាំង​អាច​ឲ្យ​កូន​ហ៊ាន​និយាយ​ពី​គំនិត​ និង​អារម្មណ៍​របស់​ខ្លួន​ប្រាប់​យើង​​ដូច​គ្នា។

    អត្ថបទគួរអាន៖

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 3 សប្ដាហ៍​កន្លងទៅ
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត