និយមន័យ
១- អ្វីទៅជាជំងឺមហារីកសួត?
ពេលកោសិកាសាច់សួតកើនលើសប្រក្រតី មិនអាចគ្រប់គ្រងបាន បង្កើតទៅជាដុំសាច់នៅក្នុងសួត នេះហៅថាមហារីកសួត។ មហារីកសួត មានច្រើនប្រភេទ ប៉ុន្តែអត្ថបទនេះលើកយកតែ ២ ប្រភេទសំខាន់ៗឧស្សាហ៍ជួបប្រទះ មកបកស្រាយមាន៖
– មហារីកសួតកោសិកាទំហំតូច៖ មានន័យថា រូបរាងនៃដុំមហារីកនៅមានសភាពតូច ក្រោមមីក្រូទស្សន៍។ ទោះជាមហារីកសួតប្រភេទនេះកម្រជួបប្រទះ ប៉ុន្តែពិតជាគ្រោះថ្នាក់ខ្លាំង អាចរាលដាលលឿនខ្លាំងជាងមហារីកសួតដទៃទៀត។
– មហារីកសួតកោសិកាទំហំធំ៖ គឺផ្អែកលើទំហំដុំសាច់ធំនៅក្រោមមីក្រូទស្សន៍ ខណៈអត្រាកើតមហារីកប្រភេទនេះ មានច្រើនជាងគេ ប៉ុន្តែល្បឿនរីករាលដាល បែរជាយឺតជាងមហារីកដទៃ។
យ៉ាងណានៅមានប្រភេទមហារីកសួតកោសិកាទំហំតូចដទៃទៀត អាចកើតមាន ដូចជា មហារីកសួតកោសិការូបរាងចម្លែក ដុំមហារីកជាលិកាក្រពេញ មហារីកជាលិកាក្រពេញទឹកមាត់ និងមហារីកជាលិកាក្រពេញផ្សេងទៀត។
២- កើតឡើងញឹកញាប់ប៉ុណ្ណា?
យោងតាមអង្គការសុខភាពពិភពលោក មហារីកសួត ស្ថិតក្នុងចំណោមប្រភេទជំងឺសម្លាប់មនុស្សច្រើនជាងគេកាលពីឆ្នាំ ២០១២ ដោយឆកយក់ជីវិតមនុស្សដល់ទៅជាង ១,៥៩ លាននាក់ ហើយតួលេខនេះរំពឹងអាចកើនឡើងជាបន្តបន្ទាប់ និងប៉ះពាល់លើគ្រប់វ័យតែម្ដង។ លើសពីនេះ ពិការភាពដោយសារមហារីកសួត ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃសម្រាប់អ្នកជំងឺទៀតផង។ យ៉ាងណា យើងអាចគ្រប់គ្រងស្ថានភាពជំងឺបានប្រសិនបើធ្វើរោគវិនិច្ឆ័យនិងព្យាបាលទាន់ពេលវេលា។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?
ទោះមហារីកសួតក៏ពិតមែន ប៉ុន្តែរោគសញ្ញាមិនមែនបង្កការឈឺចាប់លើសួតមួយមុខទេ អាចមានលើរាងកាយច្រើនកន្លែង ព្រោះកោសិកាមហារីកអាចរាលដាលទៅកន្លែងផ្សេង។ ម្យ៉ាងទៀត រោគសញ្ញាលេចចេញ គឺទៅតាមស្ថានភាពជំងឺ ខ្លះគ្រាន់តែអស់កម្លាំង តែអ្នកខ្លះវិញអាចមានសញ្ញាដូចជា៖
– ឈឺចាប់ក្នុងប្រអប់ទ្រូង
– ក្អករ៉ាំរ៉ៃលេបថ្នាំអីក៏មិនបាត់
– ពិបាកដកដង្ហើម
– ក្អកធ្លាក់ឈាម
– អត់ឃ្លានចំណី
– ស្រកទម្ងន់គ្មានមូលហេតុ
– ល្ហិតល្ហៃ
– រលាក ឬតឹងណែនទ្រូង
– ហើមកូនកណ្ដុរក្នុងសួត។
បើទុកយូរមិនព្យាបាល អាចបង្កជាទឹកដក់ក្នុងស្រោមសួត និងមហារីករាលដាលទៅកន្លែងផ្សេងទៀត។
៤- ពេលណាគួរជួបពេទ្យ?
បើសិនប្រទះឃើញរោគសញ្ញាមួយចំនួនដូចរៀបរាប់ខាងលើ គួរប្រញាប់ទៅជួបគ្រូពេទ្យ។ រាងកាយមនុស្សម្នាក់ៗមានលក្ខណៈខុសៗគ្នា អ្វីល្អបំផុតត្រូវជួបគ្រូពេទ្យដើម្បីប្រឹក្សា និងពិនិត្យឲ្យបានទាន់ពេល។
មូលហេតុបង្ក
៥- មូលហេតុបង្កមានអ្វីខ្លះ?
មហារីកសួត កើតឡើងដោយសារជាតិពុលគីមីចូលទៅក្នុងសួត ដូចជា ជក់បារី ឬជក់ថ្នាំ ស្រូបធូលីផ្សេងៗ ដូចជា ស៊ីម៉ង់ត៍ កំបោរ ឈើ ផ្សែងពុលចេញពីរថយន្តជាដើម។ ដូចនេះដើម្បីបន្ថយហានិភ័យគួរបញ្ឈប់ការជក់សារធាតុទាំងនេះ។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
– ប្រព័ន្ធភាពស៊ាំខ្សោយ
– រស់នៅជាមួយអ្នកជក់បារី
– ធ្លាប់ជក់ ឬកំពុងជក់បារីជាប្រចាំ
– រស់នៅក្នុងមជ្ឈដ្ឋានសម្បូរផ្សែងពុល
– ធ្លាប់ព្យាបាលដោយគីមី ហើយប៉ះពាល់សួត
– ប្រើប្រាស់សារជាតិគីមី Beta Carotene និងកំពុងតែជក់បារី
– ធ្លាប់ប្រឈមជាតិពុលផ្សេងៗ ដូចជា ជាតិសំណ ម្នាងសិលា ពិតាន ជាតិនីកែល និងជាតិពុលគីមីផ្សេងទៀតមាននៅកន្លែងធ្វើការ។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ជាទូទៅគ្រូពេទ្យត្រូវការព័ត៌មានគ្រប់ជ្រុងជ្រោយ ដូចជា ប្រវត្តិជំងឺ មជ្ឈដ្ឋានរស់នៅ មានជក់បារី ឬអត់? បន្ទាប់មក ពេទ្យនឹងធ្វើការពិនិត្យរាងកាយ ពិសេសស្ដាប់សំឡេងសួត ក្រែងមានសញ្ញាបង្ហាញថាមានដុំជាលិកាមហារីក។ ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យកាន់តែច្បាស់ ត្រូវធ្វើការថតរូបភាពវេជ្ជសាស្ត្រ (CT scan, PET scan) និងយកកំហាកទៅពិនិត្យរកមើលកោសិកាមហារីក ទើបដឹងច្បាស់។
កាន់តែច្បាស់ជាងនេះ គ្រូពេទ្យនឹងស្នើធ្វើការច្រឹបសាច់សួតទៅពិនិត្យ ដើម្បីឲ្យអស់ចិត្ត អនុវត្តតាមវិធីធ្វើតេស្តដូចជា៖
– តេស្ត ប្រុងកូស្កូប (bronchoscopy)៖ ការដាក់បំពង់ចូលតាមមាត់ ឬច្រមុះដើម្បីយកវត្ថុវិភាគ។
– បឺតដោយម្ជុលវេជ្ជសាស្ត្រ (Needle Aspiration)៖ ចាក់ម្ជុលចូលតាមស្បែកប្រអប់ទ្រូង ទៅដល់សាច់ដែលសង្ស័យ រួចច្រឹបសាច់នោះ។ វិធីនេះមានការឈឺចាប់ អញ្ចឹងហើយអាចនឹងប្រើថ្នាំស្ពឹក។
– ចោះបូមទឹកក្នុងប្រអប់ទ្រូង (Thoracentesis)៖ ដោយប្រើម្ជុលវេជ្ជសាស្ត្រ ប៉ុន្តែមិនយកសាច់មកវិភាគទេ គឺបូមយកតែទឹកស្រោបសួតយកមកពិនិត្យប៉ុណ្ណោះ។
– ចោះទ្រូង (Thoracotomy)៖ តេស្តប្រភេទនេះ ធ្វើឡើងពេលណាតេស្តរៀបរាប់ខាងលើមិនមានប្រសិទ្ធភាព។
៨- ព្យាបាលដោយវិធីណា?
ការព្យាបាល គឺអាស្រ័យលើប្រភេទនៃមហារីក និងការរីករាលដាលរបស់ជាលិកា។ ចំពោះមហារីកសួតកោសិកាទំហំធំគេព្យាបាលដោយ៖
– ករណីព្យាបាលបន្ទាប់បន្សំដទៃទៀត
– ការវះកាត់ យកដុំមហារីកចេញតែម្ដង
– ថ្នាំគីមីពិសេស ធ្វើឲ្យហារីកមិនអាចលូតលាស់ទៀត
– ព្យាបាលដោយថ្នាំសម្លាប់កោសិកាមហារីក (Targeted Therapy)
– វិទ្យុសកម្ម (Radiation Therapy) ប្រើកាំរស្មីដើម្បីសម្លាប់កោសិកាមហារីក។
ចំណែកការព្យាបាលមហារីកកោសិកាទំហំតូច ភាគច្រើនដោយគីមី និងវិទ្យុសកម្ម។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ឈប់ជក់បារីជាបន្ទាន់ និងប្រាប់សមាជិកគ្រួសារឲ្យឈប់ជក់បារី ដើម្បីសុខភាពទាំងអស់គ្នា។
– ប្រាប់មេ ឬអ្នកគ្រប់គ្រងនៅកន្លែងធ្វើការ ពីស្ថានភាពជំងឺយើង និងស្វែងរកវិធីដោះស្រាយសមស្របមួយ។
បំបាត់ការឈឺចាប់
ការបន្ថយការឈឺចាប់ ជាចំណុចសំខាន់ក្នុងការរស់នៅជាមួយមហារីកសួត។ គ្រូពេទ្យអាចឲ្យ ថ្នាំបន្ថយការឈឺចាប់ខ្លះៗ តែយើងអាចប្រើវិធីងាយៗមួយចំនួន ដើម្បីសម្រួលការឈឺចាប់បាន ដូចជា៖
– វិធានសម្រួលដង្ហើម
– ព្យាបាលដោយចលនា
– ស្អំទឹកក្ដៅ ឬទឹកត្រជាក់
– ហាត់ប្រាណ ឬធ្វើសរសៃ
– ប្រើឧបករណ៍ស្ទង់មុខងាររាងកាយ (biofeedback)
ការសម្រួលដំណកដង្ហើម
– ការសម្រួលចង្វាក់ដង្ហើម៖ ធ្វើឡើងដើម្បីដកដង្ហើមបានធូរជាងមុន និងចៀសវាងករណីថប់ដង្ហើម។
– ស្រូបអុកស៊ីហ្សែន (Oxygen therapy)៖ ស្រូបយកអុកស៊ីហ្សែនបរិសុទ្ធ អាចបំពេញតម្រូវការអុកស៊ីហ្សែន ទៅក្នុងសរសៃឈាមគ្រប់គ្រាន់។
– គ្រប់គ្រងជាតិទឹកជុំវិញសួត៖ ប្រសិនបើមានទឹកជុំវិញសួតច្រើនពេក ត្រូវបូមចេញដើម្បីសម្រួលការដកដង្ហើម។
ចំណុចបន្ថែម
ទោះជាយើងកំពុងមានមហារីកក្ដី ពុំគួរយកលេសមិនព្រមហាត់កីឡានោះដែរ ត្រូវធ្វើយ៉ាងណារក្សាតុល្យភាពរបបអាហារ មានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងហាត់ប្រាណឲ្យបានទៀងទាត់ តាមតែរាងកាយអាចទ្រាំទ្របាន ទើបអាចចៀសវាងពីផលវិបាកនៃមហារីក។
ក្នុងករណីមានសំណួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕