backup og meta

ផ្លែឈើ៧មុខនេះ ស្រ្តីពពោះក្នុងត្រីមាសទី១ គួរជៀសវាង ឬកាត់បន្ថយការញ៉ាំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 29

ផ្លែឈើ៧មុខនេះ ស្រ្តីពពោះក្នុងត្រីមាសទី១ គួរជៀសវាង ឬកាត់បន្ថយការញ៉ាំ

​ពិត​ណាស់​ ការ​ពពោះ​ចែក​ជា​៣​ផ្នែក ឬ​៣​ត្រី​មាស ហើយ​នៅ​ក្នុង​ត្រី​មាស​ទី១ ដែល​ជា​រយៈពេល​៣ខែ​ដំបូង​នៃ​ការ​ពពោះ ​ទារក​ក្នុង​ផ្ទៃ​ចាប់ផ្ដើម​លូតលាស់​បណ្ដើរ​ៗ និង​​មាន​សរីរាង្គ​ស្ទើរ​តែ​ទាំងអស់។​ ជាក់ស្ដែង​ ការ​ជ្រើសរើស​របប​អាហារ​​​ដ៏​សមស្រប​មាន​សារៈសំខាន់​ណាស់​​​អំឡុង​ពេល​ពពោះ​ ដូច្នេះ​ហើយ​ ម៉ាក់​គួរ​យល់​ដឹង​ថា​អាហារ​ណា​ដែល​គួរ និង​មិន​គួរ​ញ៉ាំ ដើម្បី​សុខុមាលភាព​ម្ដាយ​ និង​ទារក​ក្នុង​ផ្ទៃ។ យ៉ាង​ណា​មិញ ផ្លែឈើ​មួយ​ចំនួន​នេះ​​ ម៉ាក់​​មិន​គួរ​ញ៉ាំ​​ឡើយ​នៅ​ត្រី​មាស​ទី​១។​

ផ្លែឈើ​ដែល​គួរ​ជៀសវាង​នៅ​ត្រី​មាស​ទី​១

១. ទំពាំងបាយជូរ

ទោះ​បី​ជា​ទំពាំងបាយជូរ​មាន​​ផ្ទុក​កម្រិត​វីតាមីន​A និង​Cខ្ពស់​ក៏​ពិតមែន​ ប៉ុន្តែ​មាន​ហេតុផល​មួយ​ចំនួន​ ដែល​យើង​មិន​គួរ​ញ៉ាំ​ផ្លែឈើ​មួយ​នេះ​នៅ​អំឡុង​ពេល​ពពោះ​ឡើយ។

  • សំបក​ខាង​ក្រៅ​នៃ​ទំពាំងបាយជូរ ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​Resveratrol អាច​ធ្វើ​ឲ្យ​ស្ត្រី​ពពោះ​ពុល​បាន​ ដោយ​សារ​តែ​សារធាតុ​នេះ​​អាច​ប្រតិកម្ម​នឹង​កម្រិត​អ័រម៉ូន​ដែល​អ​សមាមាត្រ​​របស់​​ស្ត្រី​ពពោះ។
  • ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដែល​តោង​ជាប់​នឹង​ផ្លែឈើ​នេះ​ពិបាក​នឹង​លាង​ជម្រះ​ណាស់ ហើយ​ក៏​អាច​បង្ក​ជា​ផលវិបាក​ផ្សេង​ៗ​ដល់​គភ៌​ផង​ដែរ។
  • សំបក​ទំពាំងបាយជូរ​ពិបាក​រំលាយ​ ដែល​ជា​លទ្ធផល​អាច​នាំ​ឲ្យ​ម៉ាក់​ប្រឈម​នឹង​ការ​ទល់​លាមក។

២. ល្ហុង​ខ្ចី ឬ​ស្ទើរ​ទុំ

ការ​ញ៉ាំ​ផ្លែ​ល្ហុង​ខ្ចី ឬ​ស្ទើរ​ទុំ​​ដែល​សម្បូរ​ទៅ​ដោយ​ជ័រ​ល្ហុង (Latex) អាច​ជំរុញ​ឲ្យ​មាន​ការ​កន្ត្រាក់​ស្បូន​មុន​កាល​កំណត់ ដែល​អាច​នាំ​ឲ្យ​រលូត​កូន ឬ​កូន​កើត​មិន​គ្រប់​ខែ។ មួយ​វិញ​ទៀត ជ័រ​ល្ហុង​ក៏​អាច​បង្ក​ជា​បញ្ហា​អាលែកហ្ស៊ី​។

៣. ផ្លែ​ម្នាស់​​​​

​ជាមួយ​គ្នា​នេះ​ដែរ ​ផ្លែឈើ​ដ៏​ឆ្ងាញ់​​មួយ​ប្រភេទ​នេះ ក៏​មិន​ស័ក្ដិសម​ចំពោះ​ស្ត្រី​ពពោះ​ដូច​គ្នា ពីព្រោះ​ផ្លែ​ម្នាស់​ផ្ទុក​សារធាតុ​Bromelain ​ដែល​អាច​បន្ទន់​មាត់​​ស្បូន​ជា​ហេតុ​​នាំ​ឲ្យ​សម្រាល​កូន​មុន​កំណត់។

៤. អម្ពិល

អម្ពិល​ជា​ប្រភព​នៃ​វីតាមីន​C ប៉ុន្តែ​បើ​យើង​ញ៉ាំ​​ច្រើន​ជ្រុល អាច​ធ្វើ​ឲ្យ​រាងកាយ​ផលិត​អ័រម៉ូន​Progesteroneកាន់​តែ​តិច​ ជា​ហេតុ​នាំ​​ឲ្យ​រលូត​កូន​ កូន​កើត​​មិន​គ្រប់​ខែ និង​​បំផ្លាញ​កោសិកា​គភ៌​ថែម​ទៀត​ផង​។ ហេតុ​នេះ​ហើយ ម៉ាក់​គួរ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ញ៉ាំ​ផ្លែ​អម្ពិល​ ជា​ពិសេស​អំឡុង​ត្រី​មាស​ទី​១។

អត្ថបទគួរអាន៖

  • ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
  • ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
  • ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
  • ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
  • ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
  • សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?
  • ៥. ឪឡឹក

    ផ្លែ​ឪឡឹក​ផ្ដល់​គុណប្រយោជន៍​យ៉ាង​ច្រើន​ដល់​រាងកាយ​​ ដោយ​ជួយ​កម្ចាត់​រាល់​ជាតិ​ពុល​ និង​រក្សា​ជាតិ​ទឹក​បាន​ល្អ។ ប៉ុន្តែ បើ​យើង​ញ៉ាំ​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ អំឡុង​ពេល​ពពោះ នោះ​អាច​​ឲ្យ​កូន​ប៉ះពាល់​ទៅ​នឹង​ជាតិ​ពុល​ដែលមាន​ក្នុងរាងកាយ​នោះ​បាន។

    ៦. ផ្លែ​ប៊ឺរី​បង្កក

    ទន្ទឹម​នឹង​នេះ​ដែរ ស្ត្រី​ពពោះ​គួរ​ជៀសវាង​ការ​ញ៉ាំ​ពពួក​ផ្លែ​ប៊ឺរី​កក​ និង​អាហារ​បង្កក​ដទៃ​ទៀត​ ដោយ​​ជ្រើសរើស​​ការ​ញ៉ាំ​ផ្លែឈើ​ស្រស់​ជំនួស​វិញ។ ពពួក​ផ្លែ​ប៊ឺរី ដូចជា​ស្រ្តប៊ឺរី​​នឹង​បាត់បង់​រសជាតិ​ដើម​ ក៏​ដូចជា​​សារធាតុ​ចិញ្ចឹម​នៅ​ពេល​បង្កក ហើយ​ការ​ញ៉ាំ​ផ្លែឈើ​ទាំង​នេះ ក៏​អាច​បណ្ដាល​​ឲ្យ​ពុល​ទាំង​ម៉ាក់​ និង​ទារក​ក្នុង​ផ្ទៃ​​​​​ដោយ​មិន​ដឹង​ខ្លួន។

    ផ្លែឈើមិនគួរញ៉ាំពេលពពោះ

    ៧. លម៉ើ

    ទោះ​បី​ជា​លម៉ើ​ផ្ទុក​ទៅ​ដោយ​វីតាមីន​ និង​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដទៃ​ទៀត​ ស្ត្រី​ពពោះ​​គួរ​តែ​ជៀសវាង​ផ្លែឈើ​ប្រភេទ​នេះ ពីព្រោះ​ថា​លម៉ើ​ធ្វើ​ឲ្យ​សីតុណ្ហភាព​រាងកាយ​កើន​ឡើង​ ក៏​ដូចជា​ស្បូន​កន្ត្រាក់​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ម៉ាក់​គួរ​ញ៉ាំ​ត្រឹមតែ​១​ផ្លែ ឬ​២​ផ្លែ​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ។

    ចំណុចសំខាន់

    អំឡុង​ពេល​ពពោះ​ក្នុង​ត្រី​មាស​ទី​១ ការ​ជ្រើសរើស​របប​អាហារ​ដ៏​សមស្រប​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ការ​អភិវឌ្ឍ និង​ការ​លូតលាស់​របស់​ទារក​ក្នុង​ផ្ទៃ។ ដូច្នេះ​ ម៉ាក់​គួរ​ដឹង​ពី​អាហារ​ណា​ដែល​គួរ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ ដើម្បី​ធានា​ដល់​សុវត្ថិភាព​ទាំង​ម្តាយ​ និង​ទារក​ក្នុង​ផ្ទៃ។ យ៉ាង​ណា​មិញ ផ្លែឈើ​ទាំង​៧​នេះ ម៉ាក់​គួរ​ជៀសវាង​ ទើប​ជា​ការ​ប្រសើរ។
    • ទំពាំងបាយជូរ
    • ល្ហុងខ្ចី ឬស្ទើរទុំ
    • ផ្លែ​ម្នាស់
    • អម្ពិល
    • ឪឡឹក
    • ផ្លែប៊ឺរីបង្កក
    • លម៉ើ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 29

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម