អត្ថបទមុននេះ “Hello គ្រូពេទ្យ” ធ្លាប់លើកឡើងពីផលវិបាកខ្លះៗរបស់ស្រីៗគ្នាយើងកំពុងពពោះអំឡុងខែក្តៅ ក៏ដូចជាតិចនិកបញ្ចុះកម្តៅ ញ៉ាំអាហារ និងផឹកទឹកជាដើម។ ប៉ុន្តែអត្ថបទខាងក្រោមនេះ នឹងណែនាំស្រីៗគ្នាយើងពីរបៀបស្លៀកពាក់ការពារខ្លួនពេលពពោះ និងការហាត់ប្រាណជាដើម ដែលសុទ្ធសឹងចាំបាច់គ្នាយើងត្រូវដឹងអំឡុងពេលនេះ។
សម្លៀកបំពាក់មានផាសុកភាព ស្រាល រលុង ជួយឲ្យដកបង្ហើមបានស្រួល ពិសេសសម្លៀកបំពាក់ផលិតពីក្រណាត់ផលិតពី កប្បាស អាចស្រូបញើសបានល្អ គឺស័ក្ដិសមបំផុតសម្រាប់ស្រីៗគ្នាយើងប្រើប្រាស់អំឡុងពេលពពោះនារដូវក្តៅបែបនេះ។ ចៀសវាង ប្រភេទក្រណាត់សំយោគ ដែលធ្វើឲ្យយើងពិបាកដកដង្ហើម នាំឲ្យមានអារម្មណ៍កាន់តែក្តៅលើសដើម។
កុំចំណាយពេលទៅខាងក្រៅផ្ទះ ត្រូវពន្លឺព្រះអាទិត្យយូរពេក ព្យាយាមរកកន្លែងមានម្លប់សម្រាក ឬធ្វើអ្វីមួយ។ អាចពាក់វែនតាការពារពន្លឺថ្ងៃ និងមួកដែលមានលយផ្ទៃចេញមកក្រៅ (យ៉ាងហោច ៧៥មិល្លីម៉ែត្រ) ដើម្បីឲ្យប្រាកដថា មួកយើងអាចផ្តល់ម្លប់បាំងមុខ ក និងត្រចៀកយើងបានជិតល្អ។
![ទឹកលាងដៃសម្លាប់មេរោគ,ស្រ្តីពពោះនិងក្មេង](https://cdn.hellokrupet.com/wp-content/uploads/2022/10/shutterstock_627851477.jpg)
ពេលចេញទៅក្រៅ ត្រូវប្រើក្រែមការពារពន្លឺថ្ងៃគ្រប់ពេល (ប្រភេទទាបបំផុតនៃកម្រិត SPF30+) ហើយត្រូវលាបឡើងវិញរៀងរាល់ ២ម៉ោងម្តង ពិសេសបើយើងមានលេងទឹក ឬក្រោយបែកញើសខ្លាំង។ បើសង្កេតឃើញថា ស្បែកយើងងាយប្រតិកម្មជាមួយសារធាតុផ្សេង គួរស្វែងរកឡេការពារកម្តៅថ្ងៃផលិតជាពិសេសសម្រាប់ស្រីៗកំពុងពពោះយកមកប្រើជំនួសឡេធម្មតា។
អំឡុងពេលពពោះ ចំរដូវក្តៅផងនោះ មុនសម្រេចចិត្តហាត់ប្រាណ ត្រូវពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន ហើយត្រូវប្រាកដថា វិធីហាត់ប្រាណដែលយើងជ្រើស គឺល្អសម្រាប់សុខភាពទាំងយើង និងបេប៊ីក្នុងផ្ទៃ។
កុំព្យាយាមហាត់ប្រាណ ក្នុងសីតុណ្ហភាពក្តៅខ្លាំងឲ្យសោះ ព្រោះអាចធ្វើឲ្យសីតុណ្ហភាពរាងកាយយើងឡើងកម្តៅលឿនដូចគ្នា។ ត្រូវចាំថា អាកាសធាតុក្តៅខ្លាំង ជាធម្មតាអូសបន្លាយមិនយូរទេ ហេតុនេះរង់ចាំអាកាសធាតុចុះត្រជាក់មកធម្មតាវិញ ចាំចាប់ផ្តើមការហាត់ប្រាណរបស់យើង។
អាចសាកល្បងហែលទឹកបែបថ្មមៗ ក្នុងអាងទឹកត្រជាក់ មិនមែនអាងទឹកក្តៅ ព្រោះជាវិធីហាត់ប្រាណល្អសម្រាប់ស្រីៗពពោះ និងអាចបន្ថយកម្តៅរាយកាយបានថែមទៀត ជួយសម្រាលទម្ងន់ និងសម្ពាធលើសន្លាក់បានខ្លះទៀតផង។
៣- ស្វែងរកជំនួយនៅពេលមានអារម្មណ៍មិនល្អ
នៅពេលណាគ្នាយើងមានអារម្មណ៍ក្តៅអន្ទះអន្ទែងខុសពីធម្មតា ពេលធ្វើអ្វីមួយ យើងត្រូវឈប់ធ្វើការងារនោះភ្លាម ហើយទៅរកបន្ទប់ត្រជាក់ៗសម្រាក ឬគេងយកកម្លាំង។ ទោះសម្រាក ឬគេង ក៏ដោយ ត្រូវតែគេងចំហៀង ព្រោះអាចជួយបង្កើនចរន្តឈាមរត់ និងបញ្ជូនសាធារចិញ្ចឹមតាមរយៈសុក ទៅកាន់គភ៌ក្នុងផ្ទៃ។ ដាច់ខាតកុំគេងកល់ខ្នង ព្រោះអាចធ្វើឲ្យយើងវិលមុខ ក្រោកឡើងដួលសន្លប់បាន។
នៅពេលមានអារម្មណ៍មិនស្រួលខ្លួនមួយសន្ទុះ កុំអែរអង់អី ត្រូវប្រញាប់ទៅរកគ្រូពេទ្យ ឆ្មប ឬគ្លីនិកយើងពិនិត្យសុខភាពជាប្រចាំ ពិសេសពេលមានអារម្មណ៍ថា វិលមុខ ដង្ហើមខ្លី ឬឈឺក្បាលស្រាលៗ។
ក្នុងករណីមិនអាចទាក់ទងទៅគ្រូពេទ្យ ឬឆ្មបបាន ប្រញាប់ហៅប្តីយើង ឬនរណាម្នាក់ ជួយជូនយើងទៅមន្ទីរពេទ្យដែលនៅជិតបំផុត ឬទូរសព័្ទទៅលេខឡានពេទ្យឲ្យមកទទួលជាបន្ទាន់។