គ្រុនឈាមពេលពពោះ​គ្រោះថ្នាក់ណាស់ ស្រីៗត្រូវប្រយ័ត្នឲ្យមែនទែន!

    គ្រុនឈាមពេលពពោះ​គ្រោះថ្នាក់ណាស់ ស្រីៗត្រូវប្រយ័ត្នឲ្យមែនទែន!

    ថ្មី​ៗ​នេះ ករណី​ផ្ទុះ​ជំងឺ​គ្រុនឈាមច្រើនណាស់ ទាំង​ក្មេង​ទាំង​ចាស់ ​ប៉ា​ម៉ាក់​​មាន​កូន​តូចៗ គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ព្រោះ​តួលេខ​ផ្ដល់​ដោយ​មន្ទីរ​ពេទ្យ​នានា​ទូទាំង​ប្រទេស​កំពុង​កើន​ឡើង​យ៉ាង​គំហុក។ ប៉ុន្តែ​ទោះ​មិន​ទាន់​​មាន​កូន ស្រីៗ​កំពុង​ពពោះ ក៏​ត្រូវ​ប្រយ័ត្ន​ខ្លួន​ឲ្យ​បាន​ច្រើន ព្រោះគ្រុនឈាម​ពេលពពោះ កាន់​តែ​ប៉ះពាល់ខ្លាំង មិន​មែន​តែ​យើង​ទេ សុខភាពគភ៌ប៉ះពាល់​ដែរ។

    ១- ជំងឺ​គ្រុនឈាម

    ជំងឺ​គ្រុន​ឈាម មិន​មែន​កើត​លើ​តែ​ក្មេងៗ​ទេ ចាស់ៗក៏​កើត ស្រី​មាន​ផ្ទៃ​ពោះ ក៏​កើត​ដូច​គ្នា ហើយយើងក៏​ដឹង​ស្រាប់ ជំងឺ​គ្រុនឈាម ​ឆ្លង​តាម​រយៈ​មូស​ខ្លា​ញីខាំ ​អាច​ឆ្លង​ពី​ម្ដាយ​ទៅ​កូន​នៅ​ក្នុង​ផ្ទៃ ឬ​អំឡុង​ពេល​សម្រាលទៀតផង។ ថ្វី​ត្បិតគ្រុនឈាម ជា​ជំងឺ​អាច​ព្យាបាល​ជា តែ​រោគសញ្ញា​មួយ​ចំនួន​ អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់ទាំង​ម៉ាក់ៗ និង​គភ៌ក្នុង​ផ្ទៃ មាន​ករណី​ខ្លះ​បណ្ដាល​ឲ្យកូន​កើត​មិន​គ្រប់​ខែ កើត​មិន​គ្រប់​គីឡូ ឬ​អាច​ស្លាប់​ក្នុង​ផ្ទៃ​ទៀត​ផង។

    ២- ធ្វើ​ម៉េច​ដឹង​ថា​កើត​ជំងឺ​គ្រុនឈាម?

    រោគសញ្ញា​ជំងឺ​គ្រុន​ឈាម រួម​មាន ​ក្ដៅ​ខ្លួន ឈឺ​ក្បាល ឈឺ​សន្លាក់​សាច់​ដុំ ឈឺ​ក្នុង​ភ្នែក ឡើង​កន្ទួល​ក្រហម​លើ​ស្បែក ឬ​ចេញ​ឈាម​ច្រមុះ។ មានគ្នា​យើង​ខ្លះ​ វិវត្តដល់​កម្រិត​ធ្ងន់ធ្ងរ ហៅ​ថា​គ្រុនឈាម Hemorrhagic (DHF) ដែល​មាន​រោគសញ្ញា​ ដូចជា​ ក្អួត​ចង្អោរ ចុក​ពោះ​ខ្លាំង ពិបាក​ដកដង្ហើម មាន​ការ​ហូរ​ឈាម​តាម​ច្រមុះ អញ្ចាញ​ធ្មេញ ឬ​នៅ​ពី​ក្រោម​ស្បែក។ គ្រុនឈាម​ប្រភេទ​នេះ​ អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត បើ​មិន​បាន​ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ។ បើ​ម៉ាក់​ៗ​កំពុង​ពពោះ ហើយ​មាន​រោគសញ្ញា​ដូច​រៀបរាប់​នេះ ត្រូវ​ទៅ​មន្ទីរ​ពេទ្យ​ ដើម្បី​ពិគ្រោះ​ និង​ព្យាបាល​ជំងឺ​នេះឲ្យ​បាន​ទាន់​ពេល។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៣- ជំងឺ​គ្រុនឈាម​ព្យាបាល​ដោយ​របៀប​ណា?

    តាម​ពិត​ទៅ ​មិន​មាន​ការ​ព្យាបាល​ជាក់​លាក់​ទេ​ចំពោះ​ជំងឺ​គ្រុនឈាម ព្រោះ​ជា​ធម្មតា​អ្នក​ជំងឺនឹង​ជា​សះស្បើយ បន្ទាប់​ពី​អនុវត្ត​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ដូច​ជា គេង​ឲ្យ​បាន​ច្រើន ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​ចៀ​សវាង​ខ្វះ​ជាតិ​ទឹក និង​លេប​ថ្នាំ​បន្ថយ​គ្រុន​ក្ដៅ និង​បន្ថយ​អាការៈឈឺចាប់ (ចៀសវាង​ប្រើ​ពពួក​ថ្នាំ NSAIDS ដូច​ជា IbuprofenAspirin)។ ចំពោះ​ស្រីៗ​មាន​ផ្ទៃ​ពោះ ថ្នាំ​មួយ​ចំនួន​អាច​ប៉ះពាល់​ដល់​គភ៌​ក្នុង​ផ្ទៃ ហេតុនេះ ត្រូវពិភាក្សា​ពីផល​ប៉ះពាល់ និង​វិធី​ដោះ​ស្រាយ​ត្រឹម​ត្រូវ។

    បើ​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​រយៈពេល ២៤ម៉ោង បន្ទាប់​ពី​គ្រុនក្ដៅ​ថយ​ចុះ ឧទាហរណ៍ ​ដូចជា ចង់​ក្អួត ឬ​ចុក​ពោះ​ខ្លាំង ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់។

    គ្រុនឈាម_ស្រី​ពពោះ_Hello_គ្រូពេទ្យ

    ៤- ធ្វើ​ម៉េច​ការពារ​ខ្លួន​ពី​ជំងឺ​គ្រុនឈាម?

    មិន​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុនឈាម​ទេ នៅ​ពេល​គ្នា​យើង​​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា ​ជាពិសេស​ទៅ​តំបន់មាន​ផ្ទុះ​គ្រុនឈាម ឬ​តំបន់សម្បូរ​មូស​ខ្លា ​គួរ​ប្រយ័ត្ន​ខ្លួន​កុំ​ឲ្យ​មូស​ខាំ។ គួរ​ប្រើ​ថ្នាំ​លាប​ការពារ​សត្វ​ទិច ស្លៀក​ពាក់​ជិត​ៗ និង​នៅ​កន្លែង​​មាន​ម៉ាស៊ីន​ត្រជាក់ ឬ​បិទ​ទ្វារ​បង្អួច​ឲ្យ​ជិត។

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ CHHOEUNG Sothearoth កែសម្រួល​ចុងក្រោយ 27/06/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត