១. យកចិត្តទុកដាក់លើខ្លួនឯងឲ្យបានច្រើន
នៅពេលដែលយើងចេះយកចិត្តទុកដាក់លើខ្លួនឯង និងថែរក្សាសុខភាពឲ្យបានល្អ យើងនឹងអាចទទួលបានក្ដីសុខពេញលេញ ព្រមទាំងអាចធ្វើឲ្យមនុស្សជុំវិញខ្លួនមានភាពរីករាយដូចគ្នា។ ដូច្នេះហើយ ចូរធ្វើសមាធិរយៈពេលពីរបីនាទីក្រោយភ្ញាក់ពីគេង។ បន្ថែមពីនេះ យើងគួរញ៉ាំអាហារពេលព្រឹកជាទៀងទាត់ ក៏ដូចជាញ៉ាំអាហារថ្ងៃត្រង់ដែលមានសារធាតុចិញ្ចឹមល្អៗ។
២. ធ្វើលំហាត់ប្រាណខួរក្បាល
ជាក់ស្ដែង ស្រីៗយើងមានកិច្ចការជាច្រើនដែលត្រូវធ្វើ ទាំងនៅកន្លែងធ្វើការ និងនៅផ្ទះ។ ថ្វីត្បិតតែការងារមមាញឹកច្រើន ប៉ុន្តែស្ត្រីដែលមានភាពរីករាយ និងមានសុខភាពល្អ មិនដែលភ្លេចធ្វើកិច្ចការទាំងនោះឡើយ។ ការធ្វើលំហាត់ប្រាណខួរក្បាល ដូចជាស្ដាប់តន្ត្រី លេងផ្គុំពាក្យ រាំ រៀនជំនាញថ្មី សុទ្ធតែអាចជួយឲ្យខួរក្បាលចងចាំបានល្អ ក្រោយអាយុ៤០ឆ្នាំ។