ជំងឺស្ងួតទ្វារមាស អាចកើតលើស្រីៗគ្រប់វ័យ ពិសេសស្រ្តីវ័យចំណាស់ និងកាន់តែញឹកញាប់ទៅទៀតក្រោយពេលអស់រដូវ។
ពេលឈានដល់វ័យអស់រដូវ អ័រម៉ូនអឺស្ត្រូសែន នឹងថយចុះបន្តិចម្តងៗ ចុងក្រោយនឹងឈប់ផលិតតែម្តង នាំឲ្យរាងកាយចាប់ផ្តើមមានប្រែប្រួលខ្លាំង។ វដ្ដរដូវ ចាប់ផ្តើមប្រែប្រួលមិនទៀងទាត់ ចុងក្រោយបញ្ចប់តែម្តង បង្កចេញជាអាការៈមួយចំនួន ដូចជា មានអារម្មណ៍ក្តៅពេញខ្លួន អារម្មណ៍ប្រែប្រួលមិនទៀងទាត់ សំឡេងធំជាងមុន ពេលខ្លះអាចមានដុសរោមលើមុខទៀតផង។
ដោយសារបម្រែបម្រួលនេះ នាំឲ្យស្រ្តីចំណាស់មួយចំនួន អាចនឹងកើតមានជំងឺស្ងួតទ្វារមាស ប៉ុន្តែទោះសម្រាប់ស្រីៗស្ថិតក្នុងវ័យមានរដូវធម្មតា ក៏អាចប្រឈមជំងឺនេះដូចគ្នា ដែលភាគច្រើបបណ្តាលមកពីផលប៉ះពាល់ខ្លាំងដល់ជីវិតផ្លូវភេទ។ យ៉ាងណា ជំងឺនេះមានវិធីព្យាបាលច្រើន មិនអាចបង្កជាបញ្ហាធំដុំឡើយ។
ជំងឺស្ងួតទ្វារមាស ឧស្សាហ៍ប្រទះខ្លាំងទាំងស្ត្រីដល់វ័យអស់រដូវ និងស្ត្រីកំពុងស្ថិតក្នុងវ័យមានរដូវ។ ដើម្បីទទួលបានព័ត៌មានបន្ថែម ត្រូវប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញ។
ស្រីចំនួនមានអាការៈនេះអំឡុងពេលរួមភេទប៉ុណ្ណោះ ប៉ុន្តែខ្លះទៀតអាចមានអាការៈនេះគ្រប់ពេល។
ជំងឺស្ងួតទ្វារមាស អាចបង្កឲ្យមានរោគសញ្ញាជាទូទៅដូចជា៖
– រលាកទ្វារមាស ក្រហាយ ឬរមាស់
– ឈឺចាប់ពេលរួមភេទ
– បាត់ចំណង់ផ្លូវភេទ
– ពិបាកឈានដល់ចំណុចចកំពូល (Orgasm)
– ទ្វារមាសមានសភាពរួមស្តើង ហើយស្លេក
– ទ្វារមាសរួមខ្លី ឬត្បៀត
– នោមញឹកជាងធម្មតា
– ឧស្សាហ៍រលាកផ្លូវបង្ហួរនោមបង្កដោយមេរោគ។
លើសពីនេះ មានករណីមួយចំនួន អាចលេចចេញរោគសញ្ញាផ្សេងៗ ក្រៅពីសញ្ញាខាងលើ បើមានមន្ទិលសង្ស័យទាក់ទងរោគសញ្ញាណាមួយ សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
សូមទៅពិគ្រោះជាមួយគ្រូពេទ្យ ក្នុងករណី៖
– វិធីព្យាបាលខ្លួនឯងមិនមានប្រសិទ្ធភាព
– រោគសញ្ញាកាន់តែធ្ងន់ធ្ងរ ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ
– មានរោគសញ្ញាផ្សេងទៀត ដូចជា រោលក្តៅពេញខ្លួន និងបែកញើសពេលយប់។
មូលហេតុបណ្តាលឲ្យទ្វារមាសស្ងួតមានដូចជា៖
– អស់រដូវ៖ ការធ្លាក់ចុះកម្រិតអ័រម៉ូនអឺស្ត្រូសែន ក្នុងឈាមអាចធ្វើឲ្យទ្វារមាសមិនមានសំណើមនិងស្ងួតជានិច្ច។
– បំបៅ ឬសម្រាលកូន៖ អំឡុងទើបសម្រាលកូន ឬកំពុងបំបៅ កម្រិតអ័រម៉ូនអឺស្ត្រូសែន ក្នុងឈាម នឹងមានការថយចុះជាបណ្តោះអាសន្ន បណ្តាលឲ្យទ្វារមាសស្ងួតជាងធម្មតា។
– រួមភេទទាំងគ្មានអារម្មណ៍៖ រួមភេទដោយមិនមានចំណង់ នាំឲ្យប្រដាប់ភេទមិនអាចផលិតទឹករំអិល ធ្វើឲ្យទ្វារមាសស្ងួត អាចបង្កភាពឈឺចាប់ពេលរួមភេទ។
– វិធីពន្យារកំណើតមួយចំនួន៖ ទោះជាករណីកម្រ វិធីពន្យារកំណើតដោយចាក់ផង លេបផងអាចបង្កឲ្យទ្វារមាសស្ងួតដូចគ្នា។
– ព្យាបាលជំងឺមហារីក៖ ព្យាបាលដោយការចាក់សារធាតុគីមី និងវិទ្យុសកម្ម នៅតំបន់អាចត្រគាក និងព្យាបាលដោយអ័រម៉ូន ក៏ជាកត្តាធ្វើឲ្យស្ងួតទ្វារមាសផងដែរ។
– វត្តមាននៃជំងឺមួយចំនួន៖ ដូចជា ជំងឺទឹកនោមផ្អែម ឬជំងឺបង្កឲ្យប្រព័ន្ធភាពស៊ាំប្រឆាំងក្រពេញផលិតសារធាតុរំអិលក្នុងខ្លួន (ឧ. ជំងឺ Sjögren) ក៏ជាហេតុផលមួយបណ្តាលឲ្យអាការៈទ្វារមាសស្ងួតដែរ។
គួរអាន៖
មានកត្តាប្រឈមជាច្រើនដូចជា៖
– ស្ថិតក្នុងវ័យជិតអស់រដូវ
– បំបៅដោះកូន ឬសម្រាលកូន
– ពន្យារកំណើត
– ព្យាបាលជំងឺមហារីក
– លាងសម្អាតផ្នែកក្នុងទ្វារមាសញឹកញាប់ពេក។
គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
បើមានអាការៈរលាក ក្រហាយ ឬរមាស់ទ្វារមាស គួរទៅជួបគ្រូពេទ្យឯកទេសរោគស្ត្រី។ គ្រូពេទ្យនឹងសាកសួរប្រវត្តិ សុខភាព រយៈពេលរោគសញ្ញា និងកត្តាប្រឈមផ្សេងៗ អាចបង្កឲ្យអាការៈកាន់តែធ្ងន់ធ្ងរ (ឧ. លាងសម្អាតផ្នែកខាងក្នុងទ្វារមាស ឬប្រើប្រាស់ថ្នាំណាមួយ)។
គ្រូពេទ្យនឹងពិនិត្យតំបន់អាងត្រគាក ដើម្បីរកមើលសញ្ញាបន្ទាប់បន្សំ ដូចជា ឡើងកន្ទួលក្រហម និងរួមស្តើងទ្វារមាស រួមនឹងស្វែងរកមូលហេតុបង្កផ្សេងៗ ដូចជា រលាកផ្លូវបង្ហូរទឹកនោមបង្កដោយមេរោគ។
ក្នុងករណីចាំបាច់ គ្រូពេទ្យអាចនឹងបៀកយកកោសិកា (Pap Test) នៅមាត់ស្បូន ឬក៏ទ្វារមាសទៅវិភាគ។
ជាទូទៅ វិធីព្យាបាលជំងឺស្ងួតទ្វារមាស ពេញនិយមជាងគេ គឺប្រើថ្នាំលាប មានសារធាតុអ័រម៉ូនអឺស្ត្រូសែន។ វិធីព្យាបាលនេះ ជួយកាត់បន្ថយអាការៈស្ងួត ប៉ុន្តែមិនអាចជំនួសឲ្យបរិមាណកម្រិតអ័រម៉ូនអឺស្ត្រូសែនក្នុងឈាម បានច្រើនដូចព្យាបាលប្រភេទលេបថ្នាំអ័រម៉ូននោះឡើយ។
ស្រីៗភាគច្រើនជ្រើសរើសការព្យាបាលមួយក្នុងចំណោម វិធីទាំង ៣ប្រភេទ ខាងក្រោមនេះ៖
– ប្រភេទកង (Estring)៖ ដាក់កងទៅក្នុងទ្វារមាសដោយគ្រូពេទ្យជំនាញ ឬដោយខ្លួនឯង។ សារធាតុក្នុងកងនោះ អាចបញ្ជូនអ័រម៉ូនអឺស្ត្រូសែន ទៅកោសិកាក្នុងទ្វារមាស ផលិតជាតិសំណើម ប៉ុន្តែយើងត្រូវផ្លាស់ប្តូរកងថ្មី រៀងរាល់ ៣ ខែម្តង។
– ប្រភេទថ្នាំគ្រាប់ (Vagifem)៖ សុលទ្វារមាស មួយថ្ងៃម្តង អំឡុងពេល ២ សប្តាហ៍ដំបូង។ បន្ទាប់មក អាចបន្ថយមកនៅត្រឹម ២ដង ក្នុងមួយសប្តាហ៍ រហូតអាការៈវិលមកប្រក្រតីវិញ។
– ប្រភេទក្រែម (Estrace, Premarin)៖ លាបផ្នែកខាងក្នុងទ្វារមាស ជាមួយឧបករណ៍ភ្ជាប់មក ក្នុងប្រអប់ថ្នាំ រៀងរាល់ថ្ងៃ ក្នុងរយៈពេល ១-២ សប្តាហ៍ បន្ទាប់មកបន្ថយមកត្រឹម ១-៣ ដងក្នុងមួយសប្តាហ៍ តាមការណែនាំរបស់គ្រូពេទ្យ។
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ចៀសសវាងលាងសម្អាតផ្នែកខាងក្នុងទ្វារមាស
– លាបទឹករម្អិលមុនពេលរួមភេទ និងព្យាយាមកុំរួមភេទទាំងគ្មានអារម្មណ៍
– សាកល្បងប្រើផលិតផល ផ្តល់ជាតិសំណើមដល់ទ្វារមាស ដូចជា Replens ឬ Lubrin
– ចៀសវាងប្រើពពួកសាប៊ូមានក្លិនក្រអូប និងឡេ មកលាង ឬលាបនៅតំបន់ទ្វារមាស ព្រោះថាផលិតផលទាំងនោះអាចធ្វើឲ្យស្ងួតកាន់ខ្លាំងឡើង។
គួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Vaginal dryness. http://www.nhs.uk/Conditions/dry-vagina/Pages/Introduction.aspx#symptoms. Accessed November 8, 2017.
Vaginal dryness. http://www.mayoclinic.org/symptoms/vaginal-dryness/basics/causes/sym-20151520. Accessed November 8, 2017.
Experiencing Vaginal Dryness? Here’s What You Need to Know. https://www.acog.org/womens-health/experts-and-stories/the-latest/experiencing-vaginal-dryness-heres-what-you-need-to-knowVaginal dryness – Women’s Health Concern – https://www.womens-health-concern.org/help-and-advice/factsheets/vaginal-dryness/
កំណែប្រែបច្ចុប្បន្ន
07/06/2022
អត្ថបទដោយ Sao Solynet
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន
បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.
សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន
សម្ភពនិងរោគស្រ្តី · មន្ទីរពេទ្យកាល់ម៉ែត