home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ចូល​ដល់​​​វ័យ​​៣០ ​សាក​តិចនិក​​ទាំង​នេះ​ដើម្បី​ពន្យារ​ភាព​ចាស់​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចូល​ដល់​​​វ័យ​​៣០ ​សាក​តិចនិក​​ទាំង​នេះ​ដើម្បី​ពន្យារ​ភាព​ចាស់​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចូល​ដល់​វ័យ​៣០​ឆ្នាំ ស្រី​ៗ​យើង​គួរ​ចាប់ផ្ដើម​ថែទាំ​ស្បែក​របស់​ខ្លួន​​​​ចាប់​ពី​ឥឡូវ​នេះ​ទៅ​។ ពិត​ណាស់​ ​ភាព​យឺត​ និង​ជាតិ​​ខូឡាជែន​នៅ​ក្នុង​កោសិកា​ស្បែក​​នឹង​ចាប់ផ្ដើម​​ថយ​ចុះ​ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​។ ការ​ផលិត​ជាតិ​ប្រេង​ក្នុង​ស្បែក​នឹង​​ធ្លាក់​ចុះ ​ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​​ទៅ​ជា​ស្ងួត​ ​និង​លេច​ចេញ​ស្នាម​ជ្រីវជ្រួញ។ រង្វង់​ភ្នែក​ខ្មៅ ​ការ​កើត​​មុន​ និង​ស្បែក​ស្រអាប់ បាន​ក្លាយ​ជា​បញ្ហា​ទូទៅ​ដោយ​សារ​តែ​អតុល្យភាព​អ័រម៉ូន។​ ដូច្នេះ​ហើយ​ យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្បែក​នៅ​ក្នុង​វ័យ​​នេះ​ឲ្យ​​បាន​ដិតដល់​​ ដើម្បី​ពន្យារ​ស្នាម​ជ្រីវជ្រួញ​ និង​បញ្ហា​ស្បែក​ផ្សេង​ៗ​។

​​​​​១. រក្សា​ជាតិ​ទឹក​

​ការ​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ និង​លាប​ក្រែម​ផ្ដល់​សំណើម​ អាច​ជួយ​រក្សា​​ភាព​យឺត​នៃ​ស្បែក​។ លើស​ពី​នេះ ​​ក៏​អាច​បញ្ចៀស​ការ​ផលិត​ជាតិ​ប្រេង​ច្រើន​ជ្រុល​ បញ្ហា​មុន​ និង​ការ​រលាក​ផ្សេង​ៗ​។ គ្នា​យើង​គប្បី​ជ្រើសរើស​ផលិតផល​ថែ​រក្សា​ស្បែក​ដែល​មាន​សារធាតុ​Retinoids, វីតាមីន​C, hyaluronic acids, glycolic acid, hydroxy acids, coenzyme Q10, peptides និង​niacinamide ដែល​អាច​ជួយ​ដល់​ការ​ផលិត​ជាតិ​ខូឡាជែន និង​ជួសជុល​កោសិកា​ស្បែក​ខូច​។

២. ជម្រុះ​កោសិកា​ចាស់​​ទៀងទាត់​

ការ​ជម្រុះ​កោសិកា​ចាស់​​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍ អាច​ជួយ​ឲ្យ​កោសិកា​ថ្មី​លូតលាស់​បាន​ល្អ​​ និង​ធ្វើ​ឲ្យ​​ស្បែក​ភ្លឺ ​ព្រម​ទាំង​កាត់បន្ថយ​​ការ​កើត​មុន​។ បន្ថែម​ពី​នេះ​ វា​ក៏​អាច​ជួយ​ជំរុញ​ភាព​យឺត និង​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​ផង​ដែរ​។

៣. ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​

​​​កាំរស្មី​UV ​អាច​​បង្ក​គ្រោះថ្នាក់​ដល់​ស្បែក​ ដោយ​នាំ​ឲ្យ​ស្បែក​ប្រែ​ទៅ​ជា​ខ្មៅ​ ​​​​​​កើត​មាន​ស្នាម​អាចម៍​រុយ និង​ការ​ផលិត​ជាតិ​ប្រេង​កាន់​តែ​ច្រើន​។ ហេតុ​នេះ​ហើយ​ យើង​គប្បី​ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ ដើម្បី​​​បង្ការ​ភាព​ចាស់​មុន​អាយុ​ និង​កាត់​បន្ថយ​ជាតិ​ពណ៌​នៃ​ស្បែក​។ ចូរ​ជ្រើសរើស​​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ណា​​ដែល​ស័ក្ដិសម​ទៅ​នឹង​ប្រភេទ​ស្បែក​របស់​យើង​។

ថែស្បែកមុខ

៤. ញ៉ាំ​អាហារ​​មាន​តុល្យភាព​

ជាក់​ស្ដែង​​ អាហារ​ដែល​យើង​ញ៉ាំ​​ប្រចាំ​ថ្ងៃ​ជះ​ឥទ្ធិពល​ផ្ទាល់​ដល់​ស្បែក​របស់​យើង​។ ​ដូច​នេះ គ្នា​យើង​គប្បី​ញ៉ាំ​របប​អាហារ​ដែល​​សម្បូរ​ទៅ​ដោយ​​សារធាតុ​ចិញ្ចឹម ដើម្បី​ជួយ​ឲ្យ​ស្បែក​ភ្លឺ និង​មាន​សុខភាព​ល្អ​​។ អាហារ​ដែល​មាន​​អាស៊ីដ​ខ្លាញ់​ ក៏​ជា​ជម្រើស​ដ៏​ល្អ​ក្នុង​ការ​ជួយ​ឲ្យ​ស្បែក​ទន់​ល្មើយ ហើយ​ពពួក​បន្លែ​ចម្រុះ​ពណ៌​ក៏​ជួយ​បង្កើន​ការ​ផលិត​ជាតិ​ខូ​ឡា​ជែន​​ដូច​គ្នា​។ ទន្ទឹម​នឹង​នេះ​ដែរ យើង​គប្បី​កាត់បន្ថយ​ការ​ញ៉ាំ​ពពួក​សាច់​កែច្នៃ​ អាហារ​ដែល​ធ្វើ​ពី​ទឹក​ដោះ​គោ កាហ្វេ​អ៊ីន​ ស្ករ​ និង​ជាតិ​អាកុល​ ពីព្រោះ​​​អាហារ​ទាំង​នោះ​​អាច​​ពន្លឿន​ភាព​ចាស់។

៥. ញ៉ាំ​អាហារ​បំប៉ន​

ជួនកាល​ របប​អាហារ​ដែល​មាន​តុល្យភាព​ក៏​មិន​អាច​បំពេញ​តម្រូវ​ការ​អាហារូបត្ថម្ភ​សម្រាប់​រាងកាយ​​គ្រប់គ្រាន់​ដែរ​។​ ដូច្នេះ​ហើយ​ យើង​គប្បី​ញ៉ាំ​អាហារ​បំប៉ន​​​ស្បែក​ ដែល​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​ក្មេង​ជាង​វ័យ​ ដូចជា​ពពួក​វីតាមីន​B6 វីតាមីន​C វីតាមីន​E ខ្លាញ់​ត្រី​អូមេហ្គា​៣ ស័ង្កសី និង​ជាតិ​ខូឡា​ជែន​ ដើម្បី​រក្សា​ភាព​យឺត និង​កាត់បន្ថយ​សញ្ញា​នៃ​ភាព​ចាស់​។

៦. ហាត់​ប្រាណ​ជា​ទៀងទាត់​

យើង​គប្បី​ថែ​​​រក្សា​រាង​ឲ្យ​សមសួន​ និង​សកម្ម​ជាមួយ​នឹង​ការ​ហាត់​ប្រាណ​ជា​ប្រចាំ ដូចជា​រត់​ យូហ្គា​ ឬ​ធ្វើ​សកម្មភាព​រាងកាយ​ផ្សេង​ទៀត​។ ការ​បញ្ចេញ​សកម្មភាព​ដែល​ប្រើ​កម្លាំង​ខ្លាំង ​អាច​ជួយ​​ជំរុញ​ចរន្ត​ឈាម​ និង​បន្សាប​ជាតិ​ពុល​ពី​រាងកាយ​ ដោយ​បញ្ចេញ​កាក​សំណល់​នៅ​ក្នុង​រន្ធ​ញើស​ ដើម្បី​​ជួយ​ការពារ​​ការ​កើត​មុន​ និង​ជួយ​ឲ្យ​ស្បែក​របស់​យើង​មាន​សុខភាព​ល្អ និង​ភ្លឺ​ស្រស់​ថ្លា​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព
រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 3 សប្ដាហ៍​កន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត