ប្រសិនបើប៉ាម៉ាក់ឧស្សាហ៍ជជែកលេងជាមួយនឹងកូន នោះយើងអាចនឹងដឹងពីបញ្ហារបស់កូនៗជាក់ជាមិនខាន។ យ៉ាងណាមិញ ក្មេងជំទង់ខ្លះមានភាពឯកជន និងជ្រើសយកការលាក់បាំងរឿងរ៉ាវ ក៏ដូចជាបញ្ហាមួយចំនួនពីប៉ាម៉ាក់។ តើបញ្ហាទូទៅអ្វីខ្លះដែលកូនកំពុងប្រឈម ហើយប៉ាម៉ាក់អាចជួយដោះស្រាយបញ្ហាទាំងនេះ ដោយវិធីណាខ្លះ?
១. បញ្ហារូបសម្រស់
ដោយសារតែក្មេងជំទង់ចាប់ផ្ដើមពេញវ័យ រាងកាយនឹងមានការប្រែប្រួលយ៉ាងច្រើន ដែលអាចប៉ះពាល់ដល់ការគោរពខ្លួនឯង ប្រសិនបើកូនមិនអាចទទួលយកការប្រែប្រួលទាំងនេះបាន។
ជាក់ស្ដែង ក្មេងជំទង់ភាគច្រើនឆ្លងកាត់ដំណាក់កាលមួយ ដែលត្រូវប្រឈមនឹងការកើតមុន ការប្រែប្រួលលើរូបរាងកាយ ដុះរោមនៅលើខ្លួន និងការមករដូវជាដើម។ ដូច្នេះហើយ ប៉ាម៉ាក់គួរគិតគូរពីអារម្មណ៍កូន ជាជាងការបន្ទោសបង្អាប់អំពីរូបរាង ក៏ដូចជាកម្ពស់កូន ព្រមទាំងជួយជំរុញលើកទឹកចិត្តឲ្យកូនចេះស្រលាញ់ខ្លួនឯង និងទទួលយកការពិត។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២. ការប្រកួតប្រជែង និងសម្ពាធ
ថ្វីត្បិតតែការប្រៀបធៀបកូន ទៅនឹងអ្នកណាម្នាក់កើតឡើងជាញឹកញាប់យ៉ាងណាក្ដី ប៉ុន្តែប៉ាម៉ាក់មិនត្រូវបណ្ដោយឲ្យទង្វើមួយនេះ ប៉ះពាល់ដល់អារម្មណ៍កូន ក៏ដូចជាធ្វើឲ្យកូនបាត់បង់ទំនុកចិត្តលើខ្លួនឯងឡើយ។ ផ្ទុយមកវិញ យើងគួរតែបង្ហាញទំនុកចិត្ត ឬការពេញចិត្តចំពោះសមត្ថភាពដែលកូនមាន ក៏ដូចជាជំរុញលើកទឹកចិត្តឲ្យកូនខិតខំប្រឹងប្រែងបន្ថែមទៀត។
៣. គ្រឿងស្រវឹង និងការប្រើប្រាស់គ្រឿងញៀន
ប៉ាម៉ាក់ដឹងអត់ថា កូនៗតែងតែចង់ដឹងចង់ឮចំពោះអ្វីដែលប៉ាម៉ាក់ហាមឃាត់ ដូចជាការញ៉ាំគ្រឿងស្រវឹង ឬប្រើប្រាស់គ្រឿងញៀន។ ពិតណាស់ បច្ចុប្បន្ននេះ ក្មេងជំទង់អាចយល់ដឹងច្រើនពីបញ្ហាទាំងនេះ ហើយប្រសិនបើយើងចង់ការពារកូនពីសារធាតុគ្រោះថ្នាក់ផ្សេងៗ យើងគួរជជែកជាមួយកូនឲ្យបានច្បាស់លាស់ពីផលប៉ះពាល់ដែលអាចកើតមានលើកូន ក៏ដូចជាយកចិត្តទុកដាក់ចំពោះមិត្តភ័ក្ដិដែលកូនរាប់អាន ពីព្រោះបើក្មេងសេពគប់មិត្តភ័ក្ដិដែលផឹកគ្រឿងស្រវឹង ឬជក់បារី កូនក៏អាចចូលរួមជាមួយនឹងមិត្តភ័ក្ដិផងដែរ។
[embed-health-tool-child-growth-chart]
៤. គ្មានអ្នកយល់ពីអារម្មណ៍
ក្មេងជំទង់ អាចមានអារម្មណ៍ឯកាជាញឹកញាប់ ក៏ដូចជាគិតថាគ្មានអ្នកយល់ពីអារម្មណ៍របស់ខ្លួន។ ថ្វីត្បិតតែអំឡុងពេលនេះ កូនកំពុងលូតលាស់ និងត្រូវការពេលវេលាផ្ទាល់ខ្លួនខ្លះក៏ពិតមែន ប៉ុន្តែប៉ាម៉ាក់គួរត្រៀមខ្លួនឲ្យរួចរាល់ នៅពេលដែលកូនត្រូវការយើង។ ការជជែកលេងជាមួយកូនញឹកញាប់ អាចជួយរក្សាទំនាក់ទំនងល្អរវាងកូន និងប៉ាម៉ាក់ ហើយថែមទាំងអាចឲ្យកូនហ៊ាននិយាយពីគំនិត និងអារម្មណ៍របស់ខ្លួនប្រាប់យើងដូចគ្នា។
អត្ថបទគួរអាន៖