ប្រេះបបូរមាត់ជារឿងរំខាន និងធ្វើឲ្យយើងមិនស្រណុកចិត្តផងដែរ។ ចុះបើការប្រេះបបួរមាត់នេះកើតលើកូនតូចរបស់យើងវិញ តើគួរឲ្យបារម្ភដែរទេ? ត្រូវធ្វើម៉េចល្អ?
ប្រសិនបើគ្នាយើងសង្កេតឃើញថាកូនយើងស្ងួត និងប្រេះបបូរមាត់ យើងក៏មិនចាំបាច់បារម្ភពេកដែរ ព្រោះនេះជាបញ្ហាធម្មតាមួយ។ ប៉ុន្តែយើងត្រូវព្យាបាលបញ្ហានេះឲ្យបានលឿនដែរ ព្រោះប្រេះបបូរមាត់អាចមានផលអវិជ្ជមានលើការបៅ និងដំណេក ហើយបើទុកយូរមិនព្យាបាលអាចធ្វើឲ្យឆ្លងរោគ និងអាចមានលក្ខខណ្ឌគំរាមកំហែងដល់អាយុជីវិតដែរ។
១. ហេតុអ្វីក្មេងទើបកើតប្រេះបបូរមាត់?
បញ្ហាប្រេះមាត់លើកូនតូចអាចកើតឡើងបានដោយសារកូនអាចមានទម្លាប់លិឍមាត់ ឬជញ្ជក់បបូរមាត់។ បញ្ហាកូនខ្វះជាតិទឹក ក៏ដូចជាអាកាសធាតុក្ដៅ ក៏ជាបញ្ហាបង្កទូទៅមួយផងដែរ។ យ៉ាងណា ក៏អាចមានដែរ បញ្ហាប្រេះបបូរមាត់ដោយសារតែជំងឺប្រចាំកាយណាមួយរបស់កូន។
ដូចបាននិយាយអ៊ីចឹងខែត្រជាក់ ខែក្ដៅ និងការដែលកូនត្រូវខ្យល់ច្រើនពេក សុទ្ធតែអាចធ្វើឲ្យកូនប្រេះបបូរមាត់បានដូចគ្នា។ ប៉ាម៉ាក់ក៏ត្រូវតាមដានមើលទៀតដែរថា តើកូនយើងដកដង្ហើមតាមមាត់ឬយ៉ាងណា ព្រោះថាការដកដង្ហើមបែបនេះអាចធ្វើឲ្យកូនប្រេះបបួរមាត់បានដូចគ្នា។
២. របៀបមើលថាកូនខ្វះជាតិទឹក
បើកូនយើងបន្តស្ងួតមាត់ យើងត្រូវតាមដានរោគសញ្ញាខ្វះជាតិទឹករបស់កូន។ បញ្ហានេះ កើតមានពេលរាងកាយខ្វះជាតិទឹក និងសារធាតុចិញ្ចឹមភ្លាមៗ ដែលមិនអាចរក្សាដំណើរការដូចប្រក្រតីបាន។
រោគសញ្ញាមួយចំនួនទាក់ទងនឹងបញ្ហាខ្វះជាតិទឹកលើកូនក្មេងរួមមាន៖
- ស្ងួតមាត់ និងអណ្ដាត
- ដូរខោទឹកនោមតិចជាង៦ដងក្នុងមួយថ្ងៃ
- ភ្នែកខូង
- ស្បែកស្ងួត និងជ្រួញ
- ដកដង្ហើមញាប់
- ដៃ និងជើងចុះត្រជាក់
បើមានរោគសញ្ញាដូចខាងលើនេះយើងគួរនាំកូនទៅកាន់មន្ទីរពេទ្យ។
៣. កូនប្រេះបបូរមាត់រ៉ាំរ៉ៃ
ស្ថានភាពប្រេះបបូរមាត់មិនធូរស្បើយ ឬក៏ត្រូវប្រើពេលច្រើនសប្ដាហ៍ ឬយូរជាងនេះ ទោះជាករណីកម្រ តែអាចជារោគសញ្ញាបញ្ហាសុខភាពផ្សេងទៀត។
ការខ្វះវីតាមីនអាចធ្វើឲ្យប្រេះ និងរបកបបូរមាត់ ដូចគ្នាដែរ ការទទួលបានវីតាមីនណាមួយច្រើនពេក ដូចជាវីតាមីនA ក៏អាចធ្វើឲ្យមាបញ្ហានេះដែរ។
បញ្ហាសុខភាពធ្ងន់ធ្ងរមួយគឺការកើតជំងឺ Kawasaki ដែលជាករណីកម្រ កើតលើក្មេង ទាក់ទងនឹងការរលាកសរសៃឈាម។
ជំងឺមួយប្រភេទនេះច្រើនកើតលើក្មេងប្រុសជាងក្មេងស្រី និងមានវ័យតិចជាង៥ឆ្នាំ ហើយការប្រេះបបូរមាត់ជាសញ្ញាមួយរបស់ជំងឺនេះ។ ក្មេងដែលកើតជំងឺនេះអាចក្ដៅខ្លួន និងធ្លាក់ខ្លួនឈឺលឿន។ខាងក្រោមនេះអាចជារោគសញ្ញាមួយចំនួនដែរ៖
- ហើមកូនកណ្ដុរនៅក
- ក្ដៅខ្លួន៥ថ្ងៃ ឬលើសពីនេះ
- ប្រេះបបូរមាត់ និង
- ហើមដៃជើង និងឡើងក្រហមនៅបាតដៃ ជាដើម។
ក្នុងករណីសង្ស័យថាកូនកើតមានជំងឺKawasaki នេះយើងគួរនាំកូនទៅជួបគ្រួពេទ្យ ដើម្បីទទួលបានការព្យាបាលភ្លាមៗ។ ក្មេងៗភាគច្រើនអាចព្យាបាលជា ប៉ុន្តែបេះដូង និងសរសៃឈាមអាចរងផលប៉ះពាល់ ដែលវាជាការចាំបាច់ត្រូវប្រឹក្សាជាមួយគ្រូពេទ្យ។
៤. វិធីព្យាបាលប្រេះបូរមាត់កូន
វិធីព្យាបាលតាមធម្មជាតិដែលល្អបំផុតគឺម៉ាក់ៗអាចយកទឹកដោះរបស់ខ្លួនលាបលើបបូរមាត់កូន។ ទឹកដោះម្ដាយអាចជួយព្យាបាលស្បែក និងប្រឆាំងនឹងពពួកបាក់តេរីបាន។ យើងក៏អាចប្រើប្រេងដូង មានផ្ទុក lauric acid លើបបូរមាត់កូនដូចគ្នា។
ដើម្បីការពារបញ្ហប្រេះបបូរមាត់កូន យើងត្រូវថែរក្សាសីតុណ្ហភាពក្នុងបន្ទប់កុំឲ្យក្ដៅពេក ឬស្ងួតពេក។ បើយើងចេញក្រៅផ្ទះ យើងគួរគ្របកូនឲ្យបានត្រឹមត្រូវពេលមានកម្ដៅថ្ងៃខ្លាំង ឬខ្យល់ខ្លាំងជាដើម។
[embed-health-tool-vaccination-tool]