ក្នុងអំឡុងពេលមករដូវ ស្រីៗយើងតែងតែមានអាការមិនស្រួលខ្លួន ដូចជាការឈឺក្បាល ចុកពោះ ប្រែប្រួលអារម្មណ៍ ឬហើមពោះជាដើម។ ខណៈពេលដែលអាហារមួយចំនួនអាចកាត់បន្ថយរោគសញ្ញាទាំងនេះ អាហារមួយចំនួនទៀតបែរជាធ្វើឲ្យស្ថានភាពរបស់យើងកាន់តែយ៉ាប់យ៉ឺនថែមទៀត។ ដូច្នេះហើយ ការជ្រើសរើសរបបអាហារត្រឹមត្រូវនៅអំឡុងពេលនេះ គឺជារឿងសំខាន់ណាស់ ដើម្បីទទួលបានសុខភាពល្អ និងសម្រស់ស្រស់ស្អាត។
អាហារគួរញ៉ាំ
១. ផ្លែឈើ
ផ្លែឈើដែលសំបូរជាតិទឹកដូចជាផ្លែឪឡឹក និងត្រសក់ អាចរក្សាជាតិទឹកនៅក្នុងរាងកាយបានយ៉ាងល្អ។ ពិតណាស់ ផ្លែឈើផ្អែមអាចជួយកាត់បន្ថយចំណង់អាហារមានជាតិស្ករចម្រាញ់ច្រើន ដែលមិនល្អចំពោះសុខភាព និងអាចធ្វើឲ្យកម្រិតគ្លុយកូសឡើងខ្ពស់។
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
២. បន្លែស្លឹកបៃតង
វាជារឿងធម្មតាដែលកម្រិតជាតិដែកធ្លាក់ចុះ នៅអំឡុងពេលមករដូវ ជាពិសេស ប្រសិនបើគ្នាយើងមករដូវច្រើនៗ។ កត្តានេះអាចបណ្ដាលឲ្យយើងអស់កម្លាំង ឈឺរាងកាយ និងវិលមុខ។ បន្លែស្លឹកបៃតងដូចជាស្ពៃពួយឡេង អាចជំរុញកម្រិតជាតិដែក ហើយវាក៏សំបូរទៅដោយជាតិម៉ាញ៉េស្យូមផងដែរ។
[embed-health-tool-ovulation]
៣. សូកូឡាខ្មៅ
សូកូឡាខ្មៅជាអាហារសម្រន់ដែលមានគុណប្រយោជន៍ដ៏សំបូរបែប។ វាក៏សំបូរទៅដោយជាតិម៉ាញេស្យូម ដែលជួយដោះស្រាយបញ្ហាប្រែប្រួលអារម្មណ៍ និងជួយគ្រប់គ្រងអ័រម៉ូនSerotonin ដែលជាអ័រម៉ូនរីករាយ។
៤. ទឹកដោះគោជូរ
ស្រីៗជាច្រើនអាចឆ្លងមេរោគផ្សិត នៅអំឡុងពេល ឬក្រោយពេលអស់រដូវ។ ប្រសិនបើយើងងាយនឹងឆ្លងមេរោគផ្សិត យើងគប្បីញ៉ាំអាហារដែលសំបូរទៅដោយជាតិProbiotic ដូចជាទឹកដោះគោជូរ ដែលអាចចិញ្ចឹមបាក់តេរីល្អៗនៅក្នុងទ្វារមាស ព្រមទាំងអាចជួយប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗយ៉ាងមានប្រសិទ្ធភាព។
៥. ត្រី
ជាមួយគ្នានេះដែរ ត្រីសំបូរទៅដោយជាតិដែក ប្រូតេអ៊ីន និងអាស៊ីដខ្លាញ់អូមេហ្គា៣ដែលជាសារធាតុបំប៉នដ៏ចាំបាច់បំផុតសម្រាប់រាងកាយយើង។ ការញ៉ាំសាច់ត្រី ដូចជាត្រីសាម៉ុន អាចប្រឆាំងនឹងការធ្លាក់ចុះកម្រិតជាតិដែក អំឡុងពេលមករដូវ។
អាហារគួរចៀសវាង
១. អំបិល
ការញ៉ាំអំបិលច្រើនអាចនាំឲ្យមានការស្តុកទឹក ដែលជាលទ្ធផលធ្វើឲ្យយើងហើមពោះ។ ដើម្បីកាត់បន្ថយអាការៈហើមពោះ ចូរជៀសវាងបន្ថែមអំបិលទៅក្នុងអាហារ ឬអាហារកែច្នៃខ្ពស់ ដូចជាប៊ឺហ្គឺ ភីហ្សា ដំឡូងបំពង។ល។
២. ជាតិស្ករ
ការញ៉ាំជាតិស្ករនៅក្នុងបរិមាណសមល្មមពុំបង្កជាបញ្ហាឡើយ ប៉ុន្តែនៅពេលយើងញ៉ាំជាតិស្ករច្រើនជ្រុល វាអាចធ្វើឲ្យថាមពលកើនឡើងខ្ពស់ដែរ។ ប្រសិនបើស្រីៗយើងមានអាការៈប្រែប្រួលអារម្មណ៍ បាក់ទឹកចិត្ត ឬថប់បារម្ភអំឡុងពេលមករដូវ ចូរជៀសវាងញ៉ាំជាតិស្ករច្រើនជ្រុល។
៣. កាហ្វេ
ជាតិកាហ្វេអ៊ីនអាចបណ្ដាលឲ្យមានការស្តុកជាតិទឹក និងហើមពោះ។ បន្ថែមពីនេះ វាក៏អាចធ្វើឲ្យយើងកាន់តែឈឺក្បាលទ្វេដង។ ប៉ុន្តែ ប្រសិនបើយើងមិនញ៉ាំជាតិកាហ្វេអ៊ីនទាល់តែសោះ ក៏អាចធ្វើឲ្យយើងឈឺក្បាលដូចគ្នា។ ដូច្នេះហើយ ស្រីៗយើងមិនគួរបញ្ឈប់ការញ៉ាំកាហ្វេទាំងស្រុងឡើយ ប្រសិនបើយើងមានទម្លាប់ញ៉ាំវាជាប្រចាំ។
៤. អាហារហឹរ
ទន្ទឹមនឹងនេះដែរ គ្នាយើងជាច្រើនប្រឈមនឹងអាការៈឈឺពោះ រាករូស ក្អួតចង្អោរ នៅពេលដែលញ៉ាំអាហារហឹរ។ ប្រសិនបើយើងមិនស៊ាំក្នុងការញ៉ាំអាហារហឹរទេ ឬមិនធ្លាប់ញ៉ាំវាទេនោះ ចូរជៀសវាងការញ៉ាំអាហារហឹរតែម្ដង នៅអំឡុងពេលមករដូវ៕
ចំណុចសំខាន់
អាហារគួរញ៉ាំពេលមករដូវ
ផ្លែឈើ បន្លែស្លឹកបៃតង សូកូឡាខ្មៅ ទឹកគោជូរ និងត្រី។
អាហារមិនគួរញ៉ាំពេលមករដូវ
អាហារប្រៃ ឬអំបិល អាហារផ្អែម ឬមានជាតិស្ករច្រើន កាហ្វេ និងអាហារហឹរ។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?
- មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប