ដោយអង្កេតឃើញថា ជំងឺស្រឡទែន កំពុងតែឆ្លង និងកើតលើកុមារជាច្រើន នាពេលបច្ចុប្បន្ន លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសសម្ភព និងជំងឺទូទៅ បានអំពាវនាវឲ្យឪពុកម្តាយទាំងអស់ ដែលមានកូនតូច មានការប្រុងប្រយ័ត្ន និងស្វែងយល់អំពីជំងឺនេះ ជាពិសេសវិធីបង្ការ និងផលវិបាក។
លោកវេជ្ជបណ្ឌិតស៊ីណេត បានពន្យល់អំពីជំងឺស្រឡទែន រោគសញ្ញា ការឆ្លង វិធីបង្ការ ផលវិបាក និងការព្យបាលដូចតទៅនេះ៖
១. អ្វីទៅជាជំងឺស្រឡទែន?
ស្រឡទែន គឺជាជំងឺឆ្លង ដែលបង្កឡើងដោយវីរុសក្រឡែន ពោលគឺស្ថិតក្នុងពពួកវីរុស paramyxoviruse។ ជំងឺនេះ ចាប់ផ្តើមកើតដោយបង្ហាញពីរោគសញ្ញាស្រាលៗដូចជា ឈឺក្បាល គ្រុនក្តៅ និងអស់កម្លាំង ជាដើម។ ប៉ុន្តែ បន្ទាប់មក ជំងឺនេះ នឹងបង្កទៅជាការហើមធ្ងន់ធ្ងរត្រង់ក្រពេញទឹកមាត់ ដែលនាំឲ្យថ្ពាល់ និងថ្គាម ហើមប៉ោង។
២. តើនរណាងាយប្រឈមនឹងជំងឺស្រឡទែន?
ជាទូទៅ ជំងឺស្រឡទែន កើតលើកុមារអាយុចាប់ពី២ឆ្នាំ រហូតដល់១២ឆ្នាំ ដោយសារតែមិនបានចាក់ថ្នាំបង្ការជំងឺស្រឡទែន។ ទោះជាយ៉ាងណាក៏ដោយ មនុស្សវ័យជំទង់ និងមនុស្សពេញវ័យអាចកើតស្រឡទែន បើទោះបីជាបានចាក់ថ្នាំបង្ការក៏ដោយ។
៣. តើជំងឺស្រឡទែនមានរោគសញ្ញាបែបណា?
ជាធម្មតា រោគសញ្ញានៃជំងឺស្រឡទែន មានសភាពស្រាល និងមិនចេញអាការៈភ្លាមៗឡើយ។ កុមារជាច្រើនមិនមានរោគសញ្ញាឡើយ ហើយមិនដឹងថា ឆ្លងពីពេលណាដែរ។ រយៈពេលសំងឺរបស់មេរោគ និងការបង្ហាញពីអាការៈផ្សេងៗ មានចន្លោះពី៧ ទៅ២៥ថ្ងៃ។
រោគសញ្ញាស្រាលនៃជំងឺស្រឡទែន មាន៖
– ឈឺក្បាល
– ឈឺសាច់ដុំ
– អស់កម្លាំង
– បាត់បង់ចំណង់អាហារ
រោគសញ្ញាធ្ងន់ធ្ងរនៃជំងឺស្រឡទែន មាន៖
– គ្រុនក្តៅខ្លាំង
– រឹងក
– ឈឺក្បាលខ្លាំង
– ប្រកាច់
ក្រោយពីចេញរោគសញ្ញាទាំងនេះ រយៈពេល៣ ទៅ៤ថ្ងៃបន្ទាប់ ការហើម និងការឈឺចាប់ត្រង់ក្រពេញទឹកមាត់ អាចនឹងកើតឡើង។ ហេតុនេះ ក្នុងករណីប៉ាម៉ាក់ កត់សម្គាល់ឃើញចេញរោគសញ្ញា ឬហើមថ្ពាល់ និងថ្គាម ដូចដែលបានរៀបរាប់ខាងលើសូមរួសរាន់យកទៅកូនទៅធ្វើពិនិត្យ និងទទួលការព្យាបាល ដើម្បីចៀសវាងពីផលលំបាកលើសុខភាពផ្សេងទៀត។ នេះបើយោងទៅតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត។
អត្ថបទគួរអាន៖
- ចង់ឲ្យកូនក្បាលមូលស្អាត ម៉ាក់ៗអាចសាកប៉ុន្មានវិធីនេះ
- ទារកមានជំងឺពីកំណើតប៉ុន្មាននេះ អាចប៉ះពាល់ដល់ប្រាជ្ញាស្មារតី
- ទារកទើបកើត មើលមិនឃើញផង ម៉េចអាចចំណាំម៉ាក់ៗច្បាស់ម៉្លេះ?
- ទារកចាប់ពីកើតភ្លាមរហូតដល់ ២ ឆ្នាំ គួរឲ្យគេងប៉ុន្មានម៉ោង?
- ទារក ៦ខែ មានវ៉ាក់សាំងបន្ថែម ដើម្បីការពារជំងឺនេះ
- ពេលកើតភ្លាម រហូតបាន១ខែកន្លះ ទារកត្រូវចាក់វ៉ាក់សាំងអីខ្លះ?
៤. តើជំងឺស្រឡទែន ឆ្លងតាមរបៀបណា?
វីរុសនេះ ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយនឹងទឹកមាត់ ដែលមានមេរោគ ឬតាមរយៈដំណក់ទឹកក្នុងផ្លូវដង្ហើមដែលចេញពីច្រមុះ មាត់ និងបំពង់ក របស់អ្នកដែលឆ្លងជំងឺនេះ។ អ្នកជំងឺ អាចចម្លងវីរុសនេះ តាមរយៈ៖
– ការក្អក កណ្តាស់ ឬនិយាយទល់មុខគ្នា
– ប្រើរបស់របរដែលមានមេរោគ រួមគ្នា ដូចជា ប្រដាប់ក្មេងលេង ជាដើម
– ការលេងកីឡា រាំ ថើប ឬប៉ះពាល់ផ្ទាល់ជាមួយនឹងអ្នកជំងឺ
[embed-health-tool-bmi]
៥. តើគួរបង្ការជំងឺស្រឡទែន បែបណា?
ដើម្បីបង្ការជំងឺស្រឡទែន ប៉ាម៉ាក់ គួរ៖
– នាំកូនចាក់ថ្នាំបង្ការជំងឺស្រឡទែន និងកញ្ជ្រិល
– ណែនាំកូនឲ្យលាងដៃជើងឲ្យបានញឹកញាប់ និងចៀសវាងយកដៃប៉ះមុខ ច្រមុះ និងមាត់
– ណែនាំកូនឲ្យយកក្រដាស់ ឬកែងដៃខ្ទប់មាត់ ពេលក្អក
– កុំប្រើប្រាស់សម្ភារៈ ឬឧបករណ៍ផ្សេងៗរួមគ្នា
– រក្សាគម្លាត ឬណែនាំកូនឲ្យនៅឆ្ងាយពីអ្នកជំងឺ
– ដាក់កូនដែលឆ្លងជំងឺ ឲ្យនៅដាច់ដោយឡែក
៦. តើការព្យាបាលជំងឺស្រឡទែនដូចម្តេចដែរ?
មិនមានការព្យាបាលជាក់លាក់ណាមួយលើជំងឺស្រឡទែន ឡើយ ហើយជំងឺនេះ អាចនឹងបាត់ទៅវិញក្នុងរយៈពេល២ ទៅ៣សប្តាហ៍។ មិនត្រឹមតែប៉ុណ្ណោះ ការព្យាបាលនោះទៀតសោត គឺផ្តោតលើការបន្ធូរបន្ថយអាការៈរបស់កុមារឲ្យធូរស្រាលបានឆាប់ប៉ុណ្ណោះ។ ជាមួយគ្នានេះ ឪពុកម្តាយក៏អាចជួយឲ្យកូនមានអាការៈធូរស្រាលបានឆាប់ផងដែរ តាមរយៈ៖
– ឲ្យកូនញ៉ាំទឹកឲ្យបានច្រើន
– ឲ្យកូនខ្ពុរមាត់នឹងទឹកអំបិល
– ឲ្យកូនញ៉ាំអាហារទន់ ងាយទំពារ
– ជៀសវាងអាហារសម្បូរអាស៊ីត ដូចជា អាហារផ្អែម អាហារកែច្នៃ អាហារហឹរ ជ្រក់ អាហារផ្អាប់ ទឹកក្រូច និងផ្លែទំពាំងបាយជូរ ជាដើម
– យកទឹកកកស្អំត្រង់កន្លែងហើម និងឈឺ
– ឲ្យកូនញ៉ាំថ្នាំបំបាត់ការឈឺចាប់ឬគ្រុនក្តៅប្រសិនបើមានគ្រុនក្តៅ និងឈឺចាប់។
ចំណុចសំខាន់
មិនមានការព្យាបាលជាក់លាក់ណាមួយលើជំងឺស្រឡទែន ឡើយ ហើយជំងឺនេះ អាចនឹងបាត់ទៅវិញក្នុងរយៈពេល២ ទៅ៣សប្តាហ៍។ មិនត្រឹមតែប៉ុណ្ណោះ ការព្យាបាលនោះទៀតសោត គឺផ្តោតលើការបន្ធូរបន្ថយអាការៈរបស់កុមារឲ្យធូរស្រាលបានឆាប់ប៉ុណ្ណោះ។ ជាមួយគ្នានេះ ឪពុកម្តាយក៏អាចជួយឲ្យកូនមានអាការៈធូរស្រាលបានឆាប់ផងដែរ តាមរយៈ៖
– ឲ្យកូនញ៉ាំទឹកឲ្យបានច្រើន
– ឲ្យកូនខ្ពុរមាត់នឹងទឹកអំបិល
– ឲ្យកូនញ៉ាំអាហារទន់ ងាយទំពារ
– ជៀសវាងអាហារសម្បូរអាស៊ីត ដូចជា អាហារផ្អែម អាហារកែច្នៃ អាហារហឹរ ជ្រក់ អាហារផ្អាប់ ទឹកក្រូច និងផ្លែទំពាំងបាយជូរ ជាដើម
– យកទឹកកកស្អំត្រង់កន្លែងហើម និងឈឺ
– ឲ្យកូនញ៉ាំថ្នាំបំបាត់ការឈឺចាប់ឬគ្រុនក្តៅប្រសិនបើមានគ្រុនក្តៅ និងឈឺចាប់។