មី ជាអាហារវេចខ្ចប់ស្រាប់ ដោយគ្រាន់តែចាក់ទឹកក្ដៅទៅអាចញ៉ាំបាន ហើយវាមានភាពពេញនិយមខ្លាំងសម្រាប់មនុស្សគ្រប់វ័យ តែការញ៉ាំមីញឹកញាប់ក៏ធ្វើឲ្យមានហានិភ័យចំពោះសុខភាពយើងដែរ។
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា ការញ៉ាំមីរៀងរាល់ថ្ងៃ គឺធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាព មិនត្រឹមតែប៉ុណ្ណោះថែមទាំងឡើងគីឡូផងដែរ នេះសម្រាប់មនុស្សសាមញ្ញ តែសម្រាប់ស្ត្រីដែលកំពុងតែពពោះវិញរឹតតែប៉ះពាល់ខ្លាំងទាំងខ្លួន និងកូនក្នុងពោះដែលត្រូវការសារធាតុចិញ្ចឹមគ្រប់គ្រាន់ពីអាហារសម្បូរបែបទាំងសាច់ បន្លែ។
ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បន្ថែមទៀតថា មីជាប្រភេទអាហារបែបវេចខ្ចប់ដែលមានសារធាតុគីមីច្រើន ព្រោះតែគេប្រើសារធាតុ Wax ដើម្បីកុំឲ្យស្អិតជាប់គ្នា និងរក្សាទុកបានយូរ ថែមទាំងមានគ្រឿងទេសដែលយើងមិនដឹងពីគុណភាពរបស់វាទៀតផង។ មីក៏ជាអាហារសម្បូរជាតិម្សៅច្រើន គ្មានជីវជាតិ ហើយគ្មានជាតិកាកសរសៃ ជាហេតុធ្វើឲ្យអ្នកញ៉ាំឆាប់ឆ្អែត តែមិនសូវមានជីវជាតិ។
លោកបន្តទៀតថា ទារកក្នុងផ្ទៃត្រូវការជីវជាតិសម្បូរបែបដែលបានមកពីអាហារ បន្លែ ផ្លែឈើស្រស់ៗ សម្បូរសារធាតុចិញ្ចឹម ជួយទ្រទ្រង់ការលូតលាស់ ដែលនៅក្នុងមីគ្មានឡើយ។ សម្រាប់ម៉ាក់ៗដែលចាញ់ ហើយចង់ពិតជាពិបាកក្នុងការហាមឃាត់ចិត្តណាស់ តែដើម្បីកូនត្រូវញ៉ាំក្នុងកម្រិតតិចបំផុតតាមដែលអាចធ្វើទៅបាន ហើយបន្ថែមជាមួយអាហារដទៃទៀតមានជាតិសាច់ បន្លែដែលចម្អិនភ្លាមៗ មិនមែនជាអាហារវេចខ្ចប់យូរ។
នៅពេលញ៉ាំមីរាល់ថ្ងៃពេកទៅគភ៌មិនឡើងគីឡូ ហើយអាចប្រឈមនឹងការបញ្ហាកូនមិនគ្រប់គីឡូ ពេលសម្រាល ដោយសារតែកូនបឺតស្រូបតែជាតិមីនោះពីយើង។ មួយវិញទៀតក្រោយញ៉ាំមីហើយធ្វើឲ្យក្ដៅក្នុងពោះ និងស្រេកទឹកខ្លាំង។
គុណវិបត្តិនៃជាតិ Wax គឺជាក្រមួន ពេលញ៉ាំមីច្រើនទៅ ក្រមួននោះក៏ទៅតោងជញ្ជាំងពោះវៀន ធ្វើឲ្យជញ្ជាំងពោះវៀនពិបាករំលាយ ពិបាកធ្វើចលនា នាំឲ្យអាហារស្ទះយូរក្នុងពោះ និងបណ្ដាលទៅជាហើមពោះ រលាកពោះវៀន។ ការរលាករ៉ាំរ៉ៃនេះយូរទៅទើបបង្កទៅជាមហារីក ហើយពេលនៅក្មេងមិនទាន់មើលដឹងឡើយ ភាគច្រើនពិនិត្យឃើញនៅពេលវ័យកាន់តែចាស់។
[embed-health-tool-pregnancy-weight-gain]