ស្រីៗកំពុងពពោះ ហើយមានអាការៈចុកពោះ កុំទាន់បារម្ភ អាចជារឿងធម្មតា ព្រោះកូនកំពុងលូតលាស់ ដូចនេះអាការៈឈឺចុកចាប់តិចតួច យូរៗម្តង ជារឿងសមហេតុផល។ យ៉ាងណា អាចជារឿងផ្សេង បើសិនយើងឈឺពោះរហូត ឈឺដល់ធ្វើអីមិនបាន ឆាប់ទៅជួបពេទ្យ។ មូលហេតុនាំឲ្យឈឺពោះញឹកញាប់ពេលពពោះ មានក្នុងអត្ថបទខាងក្រោម។
១- មូលហេតុឈឺពោះញឹកញាប់អំឡុងពេលពពោះ
– ឈឺដោយសារសរសៃចំណងមូលនៃតួស្បូន៖ វាជាអារម្មណ៍មិនស្រួលក្នុងខ្លួន តែក្នុងរយៈពេលខ្លី កើតមាននៅពេលគ្នាយើងក្រោក ឬប្រែខ្លួនភ្លាមៗ។ អាការៈឈឺចាប់ដោយសារសរសៃចំណងមូល គឺនៅពោះផ្នែកខាងក្រោម ឬចេញពីខាងក្នុងមកតែម្តង (តួស្បូន) ចាក់ទៅម្តុំក្រលៀន។ អាចឈឺចាក់ៗ មួយភ្លែត ហើយបាត់ទៅវិញដោយខ្លួនឯង ដោយជាធម្មតា កើតមាននៅក្នុងត្រីមាសទី ២។ តែបើសិនជាយើងឈឺខ្លាំង សូមទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានត្រឹមត្រូវ។
– ទល់លាមក និងដើរខ្យល់៖ ពេលពពោះ អ័រម៉ូនប្រូហ្គេសស្តេរ៉ូននឹងកើនឡើង ធ្វើឲ្យអាហារក្នុងពោះវៀន ធ្វើចលនាយឺតជាងធម្មតា។ យើងអាចកែតម្រូវបញ្ហាបាន ដោយញ៉ាំទឹកឲ្យបានញឹកញាប់ ញ៉ាំអាហារមានជាតិសរសៃឲ្យបានច្រើន និងហាត់ប្រាណផង។ បើចង់បានដំណោះស្រាយលឿនជាងនេះ ពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងថា យើងអាចប្រើថ្នាំបន្ទន់លាមកបានឬទេ។
– ការកន្ត្រាក់ស្បូន (Braxton Hicks )៖ កន្ត្រាក់ស្បូន ជាការកន្រ្តាក់ធម្មតាទេ តែក៏អាចច្រឡំនឹងការកន្ត្រាក់ត្រៀមសម្រាលដូចគ្នា។ ភាពខុសគ្នានោះ គឺថាគ្នាយើងអាចធ្វើការ ឬទ្រាំបានដែរអត់។ ការកន្ត្រាក់ត្រៀមសម្រាល ធ្វើឲ្យយើងមិនអាចធ្វើអ្វីបានទាំងអស់ ព្រោះមានការឈឺចាប់ខ្លាំង ត្រូវហៅគេឯងឲ្យមកជួយ ឯការកន្ត្រាក់ Braxton Hicks វិញ នៅអាចធ្វើការបានធម្មតាដដែល។
– ករណីមិនស្រួលក្នុងខ្លួនផ្សេងៗទៀត៖ ក្រៅពីចំណុចខាងលើនេះ នៅមានមូលហេតុមួយចំនួនទៀត ជារឿងធម្មជាតិ និងមិនមានគ្រោះថ្នាក់ចំពោះការពពោះយើងឡើយ មានដូចជា ការលូតលាស់របស់គភ៌ វីរុសក្នុងក្រពះ ក្រួសក្នុងតម្រងនោម ដុំសាច់ក្នុងស្បូន និងប្រតិកម្មអាហារជាដើម។
២- មូលហេតុកម្រ តែធ្ងន់ធ្ងរ
បើសិនជាយើងមានអាការៈហូរឈាម ចុកពោះខ្លាំង ក្តៅខ្លួន ឬមើលមិនច្បាស់ ស្រវាំងភ្នែកនោះ គួរទៅពិគ្រោះជាមួយគ្រូពេទ្យ ឲ្យបានលឿនបំផុត ព្រោះអាចជាករណីគ្រោះថ្នាក់ខ្លាំងដូចជា៖
– កូនក្រៅស្បូន៖ ម្នាក់ក្នុងចំណោមស្រីៗពពោះ ៥០នាក់ អាចជួបបញ្ហាកូនក្រៅស្បូន ជាលក្ខខណ្ឌមួយ ទារកបង្កកំណើតនៅក្រៅតួស្បូនរបស់ម៉ាក់ៗ ច្រើននៅត្រង់ដៃស្បូន។ ឈឺពោះ និងហូរឈាមខ្លាំងនៅចន្លោះសប្តាហ៍ទី ៦-១០ អាចជាសញ្ញាបញ្ហាកូនក្រៅស្បូន ហើយអ្នកប្រឈមមុខខ្ពស់នឹងបញ្ហានេះ គឺធ្លាប់មានកូនក្រៅស្បូនពីមុន ឬមានជំងឺដុះសាច់នៅក្នុងស្បូន (Endometriosis) ដាក់កងក្នុងស្បូន ហើយចង់បង្កកំណើត។ គួរទៅពិនិត្យសុខភាព ឬទៅរកសេវាវេជ្ជសាស្ត្រឲ្យបានលឿនបំផុត ដោយសារភាពមិនប្រក្រតីនេះ។
– រលូតកូន៖ អំឡុងត្រីមាសទី១ អាការៈហូរឈាម និងចុកពោះព្រមគ្នា អាចជាសញ្ញាត្រូវប្រុងប្រយ័ត្ន ព្រោះអាចជាការរលូតកូន។ អាការៈផ្សេងទៀត រួមមាន ចុកចាប់ខ្លាំង មានដុំសាច់ ឬអ្វីចម្លែកធ្លាក់ចេញពីទ្វារមាស និងលែងសូវមានសញ្ញាមានគភ៌។
– សម្រាលមុនខែកំណត់៖ អាការៈចុកពោះ អាចជាសញ្ញាសម្រាលមុន មុនសប្តាហ៍ទី ៣៧។ ការសម្រាលនេះ នឹងមានការកន្ត្រាក់ទៀងទាត់ និងឈឺចង្កេះជាប់។ អាការៈផ្សេងទៀត រួមមាន ប្រែប្រួល ឬបែកទឹកភ្លោះ ហូរតាមទ្វារមាស ហូរឈាមតាមទ្វារមាស និងឈឺពោះ ដូចពេលមករដូវ។
[embed-health-tool-due-date]
– របើកទងសុក៖ ករណីគ្រោះថ្នាក់ ការរបើកទងសុក មានន័យថា ទងសុកដាច់ចេញពីជញ្ជាំងស្បូនមុនពេលកំណត់។ បញ្ហានេះ ច្រើនប្រទះឃើញកើតមាននៅអំឡុងត្រីមាសទី៣ ហើយមានការឈឺចុកចាប់ក្នុងពោះខ្លាំង។ ពោះយើង ក៏តឹងណែនយូរទៀត មានធ្លាក់ឈាមពណ៌ក្រហម ឬពណ៌ឈាមជ្រូក ឬទឹកភ្លោះតាមទ្វារមាស។
ស្រីៗមួយចំនួនឈឺពោះសម្រាល ស្របពេលជាមួយគ្នា ហើយកូននឹងត្រូវសម្រាលដោយការវះកាត់ជាបន្ទាន់។ តែករណីខ្លះទៀត បើសិនជាការរបើកសុកមិនធ្ងន់ធ្ងរទេ គឺអាចសម្រាលតាមធម្មជាតិដដែល។
ពពោះជាដំណើរដ៏ស្មុគស្មាញ ល្អបំផុត ត្រូវយល់ដឹងពីចំណុចមូលដ្ឋានខ្លះៗជាមុនសិន ត្រូវប្រុងប្រយ័ត្នពីសញ្ញាមិនប្រក្រតីទាំងឡាយ។ បើមានអ្វីមិនស្រួលកើតឡើង សូមទៅពិគ្រោះជាមួយគ្រូពេទ្យឲ្យបានលឿនបំផុត។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?