
៤. គ្រុនក្ដៅ
ត្រជាក់ដៃក៏អាចជាសញ្ញានៃជំងឺគ្រុនក្ដៅដូចគ្នា។ ប្រសិនបើទារកមានសីតុណ្ហភាពចាប់ពី៣៨អង្សាសេ ពួកគេអាចមានអាការៈគ្រុនក្ដៅ។ ជាទូទៅ គ្រុនក្ដៅគឺជាសញ្ញាមួយដែលរាងកាយទារកកំពុងព្យាយាមប្រយុទ្ធនឹងការឆ្លងបាក់តេរី ឬមេរោគ។ ប្រសិនបើថ្ងាសអាអូនក្ដៅ ប៉ុន្តែដៃពួកគេត្រជាក់ វាគ្រាន់តែជារោគសញ្ញាធម្មតានៃជំងឺគ្រុនក្ដៅប៉ុណ្ណោះ។
៥. ជំងឺរលាកស្រោមខួរ
ជំងឺរលាកស្រោមខួរ គឺជាការរលាកស្រទាប់ជុំវិញខួរក្បាល និងខួរឆ្អឹងខ្នង ដែលបណ្ដាលមកពីការឆ្លងមេរោគ ឬបាក់តេរី។ អាការៈត្រជាក់ដៃជើងគឺជារោគសញ្ញាដំបូងមួយ ហើយការធ្វើរោគវិនិច្ឆ័យជំងឺនេះគឺមានការពិបាក ដោយសារតែវាស្រដៀងទៅនឹងគ្រុនផ្ដាសាយ ឬគ្រុនក្ដៅធម្មតា។ ប្រសិនបើម៉ាក់ៗសង្កេតឃើញអាអូនមានរោគសញ្ញាដូចជា ក្ដៅខ្លួន ងងុយគេងខ្លាំង ពិបាកដកដង្ហើម ស្រៀវស្រាញខ្លាំង ចង្អោរ មិនញ៉ាំអាហារ និងឈឺសាច់ដុំ ចូរនាំកូនទៅជួបជាមួយនឹងគ្រូពេទ្យជាបន្ទាន់។
ម៉ាក់ៗគួរដោះស្រាយបែបណា?
ដើម្បីដោះស្រាយបញ្ហាដៃអាអូនត្រជាក់ ម៉ាក់ៗគប្បីអនុវត្តវិធីសាស្ត្រទូទៅ ខាងក្រោមនេះ។
- ពិនិត្យដងខ្លួន និងបរិវេណពោះឲ្យបានដិតដល់ ពីព្រោះនៅពេលដែលផ្នែកកណ្ដាលនៃរាងកាយមានកម្ដៅ ម៉ាក់ៗមិនចាំបាច់បារម្ភឡើយ។ ម៉ាក់ៗគប្បីរុំក្បាល និងរាងកាយកូនឲ្យបានច្រើនជាន់ ក៏ដូចជាពាក់ស្រោមដៃ និងស្រោមជើងឲ្យអាអូន។ ចូរពិនិត្យដៃអាអូននៅរយៈពេល២០នាទីក្រោយ ដើម្បីឲ្យដឹងថាដៃរបស់ទារកមានកម្ដៅវិញហើយឬនៅ។
- ពិនិត្យសីតុណ្ហភាពក្នុងបន្ទប់មើលថែទាំកូន ។ ជាធម្មតា សីតុណ្ហភាពដែលសមល្មម គឺចាប់ពី២០ដល់២២អង្សាសេ។ បន្ទប់ដែលក្ដៅខ្លាំងក៏អាចបង្កើនហានិភ័យនៃការស្លាប់ភ្លាមៗរបស់ទារកដែរ។
- ប្រសិនបើកូនមានរោគសញ្ញាមិនប្រក្រតីដូចជា ក្អួត រាករូស ផ្នែកកណ្ដាលនៃរាងកាយមានភាពត្រជាក់ ចេញកន្ទួល បាត់បង់ចំណង់អាហារ ឬប្រកាច់ ដែលអមជាមួយនឹងអាការៈត្រជាក់ដៃនេះ ចូរនាំកូនទៅជួបជាមួយនឹងគ្រូពេទ្យភ្លាមៗ។