៣- ពេលណាបែកទឹកភ្លោះ?
រាងកាយខុសគ្នា ការបែកទឹកភ្លោះ ក៏អត់ដូចគ្នាទាំងស្រុងដែរ តែស្ត្រីភាគច្រើនអាចបែកទឹកភ្លោះក្នុងដំណាក់កាលដំបូងនៃការសម្រាល ពេលសាច់ដុំស្បូនចាប់ផ្ដើមកន្ត្រាក់។ តាមការពិសោធកន្លងទៅ ស្ត្រីម្នាក់ក្នុងចំណោម ១០នាក់ បែកទឹកភ្លោះមុនសម្រាល។ បើក្នុងករណីកម្រវិញ ស្រ្ដី ៣នាក់ លើ១០០នាក់ អាចបែកទឹកភ្លោះកូនមិនគ្រប់ខែ មុនថ្ងៃត្រូវសម្រាល (ធម្មតារយៈពេល ៣៧ សប្ដាហ៍)។ បើសិនបែកទឹកភ្លោះមុនថ្ងៃសម្រាល បានសេចក្ដីថា ដល់ពេលសម្រាលហើយ។
៤- គួរធ្វើម៉េចពេលបែកទឹកភ្លោះ?
– ពង្រឹងស្មារតីថាមិនអី
– កុំព្យាយាមនៅតែឯង អំឡុងកៀកដល់ថ្ងៃសម្រាល
– ហៅអ្នកក្នុងផ្ទះ ឬទូរសព្ទហៅមនុស្សសំខាន់បំផុតដែលអាចដឹកទៅពេទ្យបាន (ប្ដី/បងប្អូន)
– លេខជំនួយ៖ លេខឡានពេទ្យ ឬតាក់ស៊ី គួរសាកួរទុកឲ្យហើយមុនឈឺពោះ ឬករណីបែកទឹកភ្លោះកើតឡើង
– អ្វីដែលស្រីពពោះត្រូវធ្វើចំពោះខ្លួនឯង៖ ទឹកភ្លោះដែលនៅក្នុងពោះ អាចមានទៅដល់ ៨០០ មិល្លីលីត្រ (ជិត ១លីត្រ)។ យើងអាចប្រើសម្លីអនាម័យជួយទប់ការហូរ ឬបើទឹកភ្លោះហូរច្រើន គួរទ្រាប់កំណាត់ពីក្រោមជាមួយថង់កៅស៊ូ ដើម្បីការពារកន្លែងអង្គុយក្នុងឡាន ឬពេលធ្វើដំណើរតាមផ្លូវទៅមន្ទីរពេទ្យ ដោះស្រាយបរិមាណនៃការហូរសិន។
៥- ចុះបើបែកទឹកភ្លោះមុនថ្ងៃសម្រាល?
ទោះជាបែកទឹកភ្លោះក៏ដោយ គឺត្រូវរង់ចាំដល់ពេលសាច់ដុំស្បូនចាប់ផ្ដើមកន្ត្រាក់បើកស្បូន អំឡុង ២៤ ម៉ោង បន្ទាប់ពីបែកទឹកភ្លោះ។ យ៉ាងណាមិញ បើលើស ២៤ ម៉ោងហើយ ស្បូននៅតែអត់បើកដល់លេខដែលកើតបែបធម្មជាតិបាន ពេទ្យអាចមានជម្រើស ២ ទៀតដើម្បីបង្កើតកូន គឺ (១) ចាក់ថ្នាំជំនួយស្បូនឲ្យបើក និង (២) វះកាត់។
បើបែកទឹកភ្លោះមុនដល់ ២៤ ម៉ោង ស្ត្រីជាម្ដាយអាចងូតទឹកបាន តែចៀសវាងរួមភេទ ព្រោះអាចបង្កើនហានិភ័យចម្លងរោគទៅកាន់កូន បើទោះករណីនេះសឹងមិនអាចកើតឡើង ពេលដែលស្ត្រីកំពុងឈឺពោះ ហើយមានអារម្មណ៍ចង់រួមភេទ។
ករណីកូនមិនគ្រប់ខែ៖ បើបែកទឹកភ្លោះមុនគភ៌អាយុ ៣៧ សប្ដាហ៍ ប្រញាប់ទូរសព្ទ ឬទៅពេទ្យភ្លាម កុំបង្អង់។
ប្រុងប្រយ័ត្នបំផុត៖ ជាពិសេសពេលធ្វើដំណើរទៅមន្ទីរពេទ្យ (ពិសេសសម្រាប់ស្វាមី ឬបងប្អូនរួមដំណើរ) ត្រូវចាប់អារម្មណ៍លើទឹកភ្លោះ ព្រោះការបាត់បង់ទឹកភ្លោះច្រើនពេកអាចបណ្ដាលឲ្យប៉ះពាល់ទារកក្នុងផ្ទៃ។ បញ្ហាអាចកើតមានចំពោះទារក ប្រសិនបើពណ៌ទឹកភ្លោះប្រែទៅជាពណ៌បៃតងចាស់ ពណ៌ខ្មៅព្រឿងៗ ថែមទាំងក្លិនមិនល្អ (ស្អុយ) ឬក៏មានលាយឈាម ជាដើម។ ក្នុងករណីនេះ ទារកអាចឆ្លងមេរោគតាមរយៈទឹកភ្លោះមិនល្អនេះ។