១- ញៀនសិច គឺមានតែរឿងរួមភេទមួយមុខប៉ុណ្ណោះ?
ញៀនសិច មិនមែនផ្ដោតតែលើរឿងលើគ្រែមួយមុខនោះទេ។ វាកើតឡើងដោយសារតែមិនអាចគ្រប់គ្រងអត្តចរិតផ្លូវភេទខ្លួនបាន។ ញៀនជាមួយសិច មិនមែនមានន័យថា គ្រាន់តែចង់រួមភេទតែមួយមុខនោះទេ វាអាចមានមូលហេតុទាក់ទងផ្លូវចិត្ដជាច្រើនបណ្ដាលឲ្យប៉ះពាល់ដល់អត្តចរិតផ្លូវភេទ ដូចជា ស្ត្រេស ជំងឺថប់បារម្ភ បាក់ទឹកចិត្ត ឬអៀនខ្មាស ជាដើម។ អាការៈញៀនសិច ធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនដល់គ្នាយើង អាចនឹងមានបញ្ហាធ្ងន់ធ្ងរក្នុងជីវិតរស់នៅប្រចាំថ្ងៃ ទាំងសកម្មភាព និងការប្រាស្រ័យទាក់ទងជាមួយមជ្ឈដ្ឋានខាងក្រៅ។ ចំពោះបញ្ហានេះ មានអ្នកជំនាញមួយចំនួន ចូលចិត្តប្រើពាក្យ បញ្ហាចង់រួមភេទខ្លាំង (Hypersexual disorder) ជាជាងពាក្យថា ញៀនសិច (Sex addiction)។
២- ចូលចិត្ដសម្រេចកាមដោយខ្លួនឯង ជាមនុស្សញៀនជាមួយសិច?
ជាការពិត សម្រេចកាមច្រើនពេក អាចជាសញ្ញាដំបូងនៃបញ្ហាញៀនសិច ប៉ុន្តែបើការសម្រេចកាម មិនបានធ្វើឲ្យប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃទេនោះ មានន័យថា យើងមិនបានញៀនសិចដូចការលើកឡើងនោះទេ។ ផ្ទុយមកវិញ សម្រេចកាមញឹកញាប់ អាចផ្ដល់គុណសម្បត្តិជាច្រើនដល់សុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ដ។ ម្យ៉ាងវិញទៀត បញ្ហាញៀនសិច គឺមិនមែនសំដៅលើរឿងសម្រេចកាមតែមួយមុខនោះទេ វាអាចមានទម្រង់ជាច្រើនបែបទៀត ដូចជា ញៀនជាមួយភាពយន្ដអាសអាភាស ចូលចិត្តទៅផ្ទះបន ការបង្ហាញប្រដាប់ភេទជាសារធារណៈ ចូលចិត្ដលួចមើលគេរួមភេទ និងសកម្មភាពមួយចំនួនទៀត ដូចជាមានដៃគូរួមភេទច្រើន បៀតបៀនផ្លូវភេទអ្នកដទៃ ចាប់រំលោភ និងសកម្មភាពច្រើនផ្សេងទៀត។