គ្មានកម្រិតសុវត្ថិភាពសម្រាប់ការពិសាគ្រឿងស្រវឹងឡើយ ដែលមានន័យថា គ្រឿស្រវឹង អាចបង្កគ្រោះថ្នាក់ដល់សុខភាពតាំងពីកែវដំបូង ហើយការពិសាគ្រឿងស្រវឹងនេះ អាចនាំឱ្យកើតជំងឺមហារីកចំនួន៧ប្រភេទ។ នេះបើយោងទៅតាមការសិក្សាស្រាវជ្រាវរបស់ក្រុមវេជ្ជបណ្ឌិតនៅសហរដ្ឋអាមេរិក កាលពីពេលថ្មីៗ។
ការពិសាស្រាក្រហមមួយកែវក្នុងមួយថ្ងៃ ជារឿយៗត្រូវបានចាត់ទុកថា ជាជម្រើសដ៏ល្អសម្រាប់សុខភាពបេះដូងរបស់អ្នក។ ជាមួយគ្នានេះ បើទោះបីមានការក្រើនរំឭកជាច្រើន ក៏ដូចជាការហាមឃាត់លើសារធាតុផ្សេងទៀត ដូចជា បារី ក៏ដោយ ប៉ុន្តែ ការពិសាគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ត្រូវបានចាត់ទុកថា មិនផ្តល់ផលប៉ះពាល់អ្វីឡើយ។ ទោះបីជាយ៉ាងណា ការយល់ឃើញបែបនេះ អាចមិនត្រឹមត្រូវឡើយ។
អង្គភាពណែនាំស្តីពីរបបអាហារសម្រាប់ពលរដ្ឋអាមេរិក ធ្លាប់លើកទឹកចិត្តឱ្យប្រជាជនរបស់ខ្លួន ជៀសវាងការពិសាគ្រឿងស្រវឹងក្នុងបរិមាណច្រើន និងណែនាំឱ្យបុរសពិសាត្រឹម២ ទៅ៣កែវប៉ុណ្ណោះក្នុង១ថ្ងៃ និង១កែវ ទៅ២កែវ សម្រាប់ស្ត្រី។
ប៉ុន្តែ លោកវេជ្ជបណ្ឌិត Vivek Murthy ប្រធាននាយកដ្ឋានសុខភាពសារណប្រចាំសហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសនាពេលថ្មីៗនេះថា សូម្បីតែការពិសាគ្រឿងស្រវឹងក្នុងកម្រិតតិចតួចក៏ដោយ ក៏អាចផ្តល់ផលប៉ះពាល់ដែរ និងអាចបង្កើនហានិភ័យនៃការវិវឌ្ឍទៅជាជំងឺមហារីក ថែមទៀតផង។
[embed-health-tool-ovulation]
លោកវេជ្ជបណ្ឌិតរូបនេះបានថ្លែងថា៖ «គ្រឿងស្រវឹង ជាដើមហេតុដែលអាចបង្ការបាននៃជំងឺមហារីក ហើយជំងឺនេះ កំពុងកើតលើមនុស្សចំនួន១០ម៉ឺននាក់ និងធ្វើឱ្យមានអ្នកស្លាប់ចំនួន២ម៉ឺននាក់ជារៀងរាល់ឆ្នាំ នៅសហរដ្ឋអាមេរិក ពោលគឺច្រើនជាងអ្នកស្លាប់ដោយសារតែគ្រោះថ្នាក់ចរចរណ៍ពាក់ព័ន្ធនឹងគ្រឿងស្រវឹងក្នុង១ឆ្នាំនៅសហរដ្ឋអាមេរិក ដល់ទៅ១៣ ៥០០នាក់។ ប៉ុន្តែ ប្រជាពលរដ្ឋអាមេរិកភាគច្រើន មិនដឹងពីហានិភ័យនេះឡើយ»។
លោកបានសង្កត់ធ្ងន់ថា ការសិក្សាជាច្រើនបានរកឃើញពីទំនាក់ទំនងយ៉ាងជាក់លាក់រវាងការពិសាគ្រឿងស្រវឹង និងហានិភ័យខ្ពស់នៃការកើតជំងឺមហារីកចំនួន៧ប្រភេទ រួមមាន ជំងឺមហារីកថ្លើម សុដន់ បំពង់ក មាត់ និងមហារីកបំពង់អាហារ។
លោកវេជ្ជបណ្ឌិត Faiz Bhora សាស្ត្រាចារ្យផ្នែកវះកាត់ និងប្រធានប្រចាំតំបន់នៅមន្ទីរពេទ្យ Hackensack Meridian Health និងមហាវិទ្យាល័យ Hackensack Meridian School of Medicine បានបញ្ជាក់ថា៖ «ពេលនេះ យើងដឹងថា មិនមានកម្រិតសុវត្ថិភាពសម្រាប់ការពិសាគ្រឿងស្រវឹងឡើយ ហើយគ្រឿងស្រវឹង គឺជាសារធាតុបង្កទៅជាជំងឺមហារីក»។
បើយោងទៅតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពប្រចាំឆ្នាំ២០២១-២០២២ ការពិសាគ្រឿងស្រវឹងនៅកម្ពុជា មានការរីករាលដាល់ខ្លាំងទូទាំងប្រទេស ដោយគ្មានភាពខុសគ្នាជាពិសេសរវាងទីក្រុង និងតាមជនបទឡើយ។ តាមការអង្កេតដដែល បុរសដល់ទៅ៧០% ពិសាគ្រឿងស្រវឹង ហើយនារី មាន១៦%។
ស្របពេលជាមួយគ្នានេះ បើយោងតាមអង្គការសុខភាពពិភពលោកក្នុងឆ្នាំ២០២២ មានករណីមហារីកថ្មីចំនួន១៩៧៩៥ ករណី នៅកម្ពុជា និងមានអ្នកស្លាប់ចំនួន១៣៧៩៩នាក់ ហើយជំងឺមហារីកដែលកើតច្រើនជាងគេ គឺមហារីកថ្លើម សួត មហារីកពោះវៀនធំ និងមហារីកសុដន់៕
ចំណុចសំខាន់
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?
- មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប