រឿងមករដូវមានតែស្រីៗយើងទេដឹងច្បាស់ ប៉ុន្តែមួយចំនួននៅតែមិនដឹងពីមូលហេតុរដូវមកមិនទៀងទាត់។ ម្ដងមកមុន ម្តងលើសមកលើស។ បើអ៊ីចឹង ចម្ងល់ទាំងនេះទុកឲ្យ “Hello គ្រូពេទ្យ” ពន្យល់គ្នាយើង។
អ្វីទៅជាការមករដូវមិនទៀង?
ជាទូទៅ ស្រីៗមានវដ្ដរដូវចន្លោះពី ១១-១៣ ដងក្នុងមួយឆ្នាំ ប៉ុន្តែគ្នាយើងខ្លះអាចមកតិចដង និងខ្លះទៀតមកច្រើនជាងនេះ។ ដើម្បីដឹងថារដូវមកទៀងទាត់ ឬអត់ គួរចំណាំការមករដូវយើងខ្លួនឯង ប្រសើរជាងប្រៀបធៀបជាមួយនរណាផ្សេង។
អំឡុងពេលប៉ុន្មានឆ្នាំដំបូងស្រីៗទើបមានរដូវ អាចនឹងមករដូវមិនទៀងទាត់ ដោយសារអ័រម៉ូននៃវដ្តរដូវត្រូវការពេលដើម្បីបង្កើតតុល្យភាព ហើយបើយើងឈានដល់វ័យត្រូវអស់រដូវ ក៏អាចជួបប្រទះនឹងបញ្ហានេះដូចគ្នា។ នៅមានមូលហេតុជាច្រើនទៀតនាំឲ្យយើងមានរដូវមិនទៀងដូចជា៖
១- អត់តុល្យភាព
នៅពេលទម្ងន់ឡើងចុះ នាំឲ្យតុល្យភាពអ័រម៉ូនក្នុងខ្លួនងាយចុះខ្សោយ ដែលជាហេតុប៉ះពាល់ដល់ការមករដូវប្រចាំខែ។ ធ្វើការងារធ្ងន់ៗ ឬអារម្មណ៍តានតឹង ក៏ជាមូលហេតុនាំឲ្យមករដូវមិនទៀងដែរ។
២- ពន្យារកំណើត
គ្នាយើងច្បាស់ជាធ្លាប់សង្កេតឃើញមានឈាមធ្លាក់បន្ទាប់ពីរដូវ ពេលយើងប្រើថ្នាំគ្រាប់ពន្យារកំណើត ឬកងដាក់ក្នុងស្បូន។ បើទោះករណីដាក់កងក្នុងស្បូនកម្រធ្វើឲ្យរដូវមកមិនទៀងមែន ប៉ុន្តែការប្រើកង អាចជួបបញ្ហាមួយចំនួន ដូចជា រដូវធ្លាក់ខ្លាំង ឬឈឺចាប់ខ្លាំងពេលមករដូវម្តងៗ។
មួយវិញទៀត ធ្លាក់ឈាមតិចៗជារឿងធម្មតា បើទើបតែចាប់ផ្ដើមប្រើថ្នាំគ្រាប់ពន្យារកំណើត ហើយវានឹងបាត់ទៅវិញប៉ុន្មានខែក្រោយ។
៣- ដុំគីសទឹកក្នុងដៃស្បូន
ដុំគីសក្នុងដៃស្បូន ជាជំងឺម្យ៉ាងកើតមាននៅពេលដុំគីសផ្ទុកដោយទឹកវិវត្តនៅក្នុងដៃស្បូន។ រោគសញ្ញាជំងឺនេះបង្កភាពមិនប្រក្រតីការមករដូវ ដូចជា មករដូវមិនទៀងទាត់ រដូវមកតិច ឬរាំងរដូវតែម្តងក៏មាន។ មូលហេតុ គឺក្នុងជំងឺដុំគីសដៃស្បូនមានការវិវត្តអូវុលមិនប្រក្រតី ជាហេតុនាំឲ្យប៉ះពាល់វដ្ដរដូវ។
៤- រោគស្ត្រី
ករណីមានផ្ទៃពោះឥតព្រាងទុក រលូតកូន និងបញ្ហាផ្សេងទៀតក្នុងស្បូន ឬដៃស្បូន អាចបង្កឲ្យធ្លាក់ឈាមដូចគ្នា។ ជាទូទៅ ពេលយើងមានបញ្ហាមករដូវមិនទៀងទាត់ គួរទៅជួបជាមួយគ្រូពេទ្យឯកទេស រោគស្ត្រី ដើម្បីពិនិត្យ ប្រឹក្សាយោបល់ និងព្យាបាលឲ្យបានត្រឹមត្រូវ។
[embed-health-tool-ovulation]
៥- ជំងឺទាក់ទងនឹងក្រពេញទីរ៉ូអ៊ីត
អាចជារឿងកម្រ តែបើយើងមានបញ្ហាក្រពេញទីរ៉ូអ៊ីត អាចនឹងជួបប្រទះបញ្ហាមករដូវមិនទៀងទាត់ ព្រោះក្រពេញទីរ៉ូអ៊ីតស្ថិតនៅនឹងក មានតួនាទីផលិតអ័រម៉ូនបំបែកចំណីអាហារ។ ម្ល៉ោះហើយ យើងគួរពិនិត្យឈាមដើម្បីដឹងពីកម្រិតអ័រម៉ូនក្រពេញទីរ៉ូអ៊ីត ពេលណាមករដូវមិនទៀង។
៦- កត្តាផ្សេងទៀតអាចនាំឲ្យរដូវមិនទៀងទាត់
អ្វីដែលធ្វើឲ្យរដូវមិនទៀង មិនមែនមានតែប៉ុន្មានចំណុចរៀបរាប់ខាងលើទេ ប៉ុន្តែខាងក្រោមនេះ ក៏អាចជាឫសគល់ដែរ៖
– បំបៅដោះ
– ប្រើថ្នាំញៀន
– ព្យាបាលដោយគីមី និងកាំរស្មី
– ជំងឺពោះវៀនធំ របេង ថ្លើម និងទឹកនោមផ្អែម
– សន្ទះព្រហ្មចារីបិទមិនជិតពីកំណើត
– អាសន្នរោគ (Asherman’s syndrome)។
ចាំថា បើទោះជាយើងមិនមករដូវក៏ដោយ ក៏អាចមានផ្ទៃពោះដែរ អ៊ីចឹងគួរប្រើថ្នាំពន្យារកំណើត ចៀសវាងការមានផ្ទៃពោះឥតព្រាងទុក។ ករណីបាត់រដូវ ២-៣ ដង ក៏មិនមានបញ្ហាធ្ងន់ធ្ងរដែរ។ ការរៀបចំជីវិតយើងឲ្យល្អទាំងផ្លូវចិត្ត និងផ្លូវកាយ អាចជួយដោះស្រាយបញ្ហានេះបានច្រើន។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី