ដុំស្បូន ជាការលូតលាស់មិនប្រក្រតីនៅក្នុង និងជុំវិញស្បូនរបស់ស្ត្រី។ ដុំប្រភេទនេះ អាចរីកធំខ្លាំង និងបង្កឲ្យមានការឈឺចាប់ធ្ងន់ធ្ងរនៅក្នុងពោះ ព្រមទាំងបណ្ដាលឲ្យយើងមករដូវច្រើនជ្រុល។ យ៉ាងណាមិញ ក្រុមអ្នកជំនាញនៅមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការលូតលាស់មិនប្រក្រតីនៃដុំស្បូននេះនៅឡើយទេ។
ជាទូទៅ ដុំស្បូនអាចមានប្រវែងប្រហែល១មិល្លីម៉ែត្រ ទៅ២០សង់ទីម៉ែត្រ និងអាចដុះនៅក្នុងជញ្ជាំង ឬខាងក្រៅជញ្ជាំងស្បូន ហើយភាគច្រើនមិនមែនជាប្រភេទដុំមហារីកទេ ព្រមទាំងមិនបង្ហាញរោគសញ្ញាណាមួយផងដែរ។
ដុំសាច់ប៉ះពាល់ដល់ការពពោះយ៉ាងម៉េចខ្លះ?
បញ្ហាដុំសាច់អាចបង្កឲ្យមានផលវិបាកមួយចំនួន អំឡុងពេលពពោះ ដែលរួមមាន៖
- ប៉ះពាល់ដល់ការលូតលាស់របស់ទារកក្នុងផ្ទៃ
- កូនមិនគ្រប់ខែ
- រលូតកូន។
ការព្យាបាលនៃដុំស្បូនអំឡុងពេលពពោះ
ប្រសិនបើដុំសាច់មានទំហំធំ នោះនឹងអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដែលតម្រូវឲ្យយើងធ្វើការវះកាត់អំឡុងពេលពពោះ។ ប៉ុន្តែ នេះជាករណីកម្រ ហើយក៏អាចបង្កជាផលវិបាកផ្សេងៗដូចគ្នា។ វិធីសាស្ត្រដ៏មានសុវត្ថិភាពបំផុតក្នុងការយកដុំសាច់ចេញ គឺគួរតែរង់ចាំរហូតដល់ពេលសម្រាលកូនរួច ទើបជាការប្រសើរ។