ទន្ទឹមនឹងមានទំនោរលើការសម្រាលកូនដោយវះកាត់ ម៉ាក់ៗគួរស្វែងយល់សិនថាការសម្រាលតាមវិធីនេះមានគុណសម្បត្តិ និងផលរំខានអ្វីខ្លះ។ ការដឹងច្បាស់ពីគុណសម្បត្តិ និងកត្តាប្រឈមនេះ អាចធ្វើឲ្យម៉ាក់ៗងាយស្រួលក្នុងការសម្រេចចិត្តជ្រើសរើសវិធីសម្រាលកូនបានច្បាស់លាស់ ដោយមិនគ្រាន់តែធ្វើតាមគ្នា ឬចិត្តចង់។
ការសម្រាលកូនដោយវះកាត់ភាគច្រើនធ្វើឡើងក្រោមហេតុផលសុខភាពម្ដាយ ឬកូន ពេលគ្រូពេទ្យរកឃើញថាអាចមានគ្រោះថ្នាក់បើសម្រាលតាមធម្មជាតិ។ យ៉ាងណា បច្ចុប្បន្នក៏មានដែរម៉ាក់ៗខ្លះចង់បានថ្ងៃកើតរបស់កូនល្អ យកហុងស៊ុយ ឬពេលខ្លះម៉ាក់ៗ មួយចំនួនមិនចង់មានការឈឺចាប់ខ្លាំងពេលសម្រាល។ បើអ៊ីចឹងមុនសម្រេចចិត្តជ្រើសរើសការសម្រាលកូនដោយវះកាត់ម៉ាក់ៗ ក៏ដូចជាប៉ាៗគួរដឹងរឿងទាំងនេះសិន។
មន្ទីរពេទ្យកាល់ម៉ែតបានចុះផ្សាយលើវិបសាយរបស់ខ្លួនថាក្នុងមួយឆ្នាំ ផ្នែកសម្ភពរបស់មន្ទីរពេទ្យនេះបានសម្រាលកូនឲ្យស្រ្តីចំនួន ១ម៉ឺននាក់ ក្នុងនោះមាន ២ ៧០០នាក់បានសម្រាលដោយវះកាត់ ឬស្មើនឹង២៧ភាគរយនៃអ្នកសម្រាលកូនសរុប។ ដូចគ្នាដែរ នៅចក្រភពអង់គ្លេស ស្រ្តីម្នាក់ក្នុងចំណោមបួននាក់ បានសម្រាលកូនដោយវះកាត់ដែរ។
គណនាថ្ងៃសម្រាលកូន
គណនាទម្ងន់ស្ត្រីអំឡុងពពោះ
១. គុណសម្បត្តិ
ការសម្រាលកូនដោយវះកាត់ដែលមានផែនការទុកមុន អាចជួយម៉ាក់ៗកាត់បន្ថយហានិភ័យមួយចំនួនដូចជា៖
- កាត់បន្ថយការឈឺចាប់អំឡុងពេលសម្រាល
- មិនមានរបួសត្រង់ទ្វារមាស
- កាត់បន្ថយហានិភ័យលេចនោមក្រោយសម្រាល
- កាត់បន្ថយហានិភ័យបញ្ហាស្រុតស្បូន
កត្តាប្រឈមមួយចំនួនក្នុងចំណោមកត្តាប្រឈមខាងលើនៅតែអាចកើតឡើងបានដែរ ប៉ុន្តែគ្រាន់តែមានកម្រិតទាបជាងការសម្រាលតាមធម្មជាតិ។ យ៉ាងណាមិញបញ្ហាពិបាកបត់ជើង ឈឺចាប់ពេលរួមភេទ ថប់បារម្ភ និងបញ្ហាពិបាកបំបៅដោះកូន អាចកើតមានឡើងដូចគ្នាទៅនឹងអ្នកសម្រាលកូនតាមធម្មជាតិ។
ទោះបីជាមានគុណសម្បត្តិច្រើនបែបនេះក្ដី វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីមន្ទីរពេទ្យបង្អែកកម្ពុជា-ចិន សែនសុខ មានប្រសាសន៍ថា ជាធម្មតាគ្រូពេទ្យតែងណែនាំស្រ្តីឲ្យសម្រាលកូនតាមធម្មជាតិ លើកលែងតែក្នុងករណីសុខភាពម្ដាយ ឬកូនមានបញ្ហា ដែលមិនអាចសម្រាលដោយធម្មជាតិបាន ទើបគ្រូពេទ្យណែនាំ ឬតម្រូវឲ្យសម្រាលដោយវះកាត់។
គួរអាន៖
![វះកាត់សម្រាលកូន](https://cdn.hellokrupet.com/wp-content/uploads/2022/03/shutterstock_1943162956.jpg)
២. បញ្ហាប្រឈមអាចកើតមានលើការសម្រាលដោយវះកាត់
ការសម្រាលកូនដោយវះកាត់អាចបង្កើនហានិភ័យមួយចំនួនដល់ម៉ាក់ៗ និងកូន តែនេះមិនមែនមានន័យថាម៉ាក់ៗ និងកូន ត្រូវតែកើតមានបញ្ហាទាំងនេះនោះទេ ដោយថានេះគ្រាន់តែជាអ្វីដែលអាចកើតឡើង និងមានលទ្ធភាពកើតឡើងខ្ពស់ជាងអ្នកម៉ាក់ៗសម្រាលកូនតាមធម្មជាតិ។ មុននឹងសម្រេចដាក់ផែនការសម្រាលដោយវះកាត់ម៉ាក់ៗ គួរពិភាក្សាឲ្យបានល្អិតល្អន់ពីបញ្ហានេះជាមួយគ្រូពេទ្យ។
កត្តាប្រឈមដែលអាចកើតមានគឺ៖
- អាចឆ្លងរោគក្នុងទឹកនោម ស្បូន ឬមុខរបួស គ្រូពេទ្យអាចផ្ដល់ថ្នាំផ្សះឲ្យម៉ាក់ៗមុនពេលវះកាត់ដើម្បីបង្ការបញ្ហានេះ
- ត្រូវសម្រាកពេទ្យយូរជាង អ្នកសម្រាលតាមធម្មជាតិ
- ត្រូវការការជាសះពីមុខរបួសយូរ
- អាចមានការហូរឈាមច្រើន នាំឲ្យត្រូវការបញ្ចូលឈាម
- មានកំណកឈាម
- កូនអាចមានរបួសស្បែកតិចតួចពេលវះកាត់សម្រាល តែនឹងជាសះស្បើយវិញក្នុងរយៈពេលខ្លី
ចំណុចសំខាន់
ទោះបីជាលើកទីមួយម៉ាក់ៗសម្រាលកូនដោយវះកាត់ ប៉ុន្តែមិនមែនមានន័យថាការសម្រាលកូនលើកទីពីរម៉ាក់ៗត្រូវតែសម្រាលដោយវះកាត់នោះដែរ។ ម៉ាក់ៗមួយចំនួន បើមិនមានបញ្ហាសុខភាពទេ គឺអាចសម្រាលកូនទីពីរតាមធម្មជាតិបាន ប៉ុន្តែគ្រាន់តែត្រូវការការតាមដានដោយយកចិត្តទុកដាក់ពីគ្រូពេទ្យបន្តិច ដើម្បីធានាថាចាប់ពីការមានផ្ទៃពោះ រហូតដល់ពេលសម្រាលគឺម៉ាក់ៗមានសុខភាពល្អជាធម្មតា។