១- ប្រើថ្នាំ
គ្រូពេទ្យអាចនឹងដាក់បញ្ចូលថ្នាំគ្រាប់ ឬជែល ចូលទៅក្នុងទ្វារមាស ឬចាក់តាមសរសៃ ដើម្បីជួយឲ្យមាត់ស្បូនបើកធំជាងមុន ងាយឲ្យកូនក្នុងផ្ទៃសម្រាលចេញមកក្រៅ ដោយថ្នាំទាំងនោះរួមមាន៖
– ថ្នាំ Oxytocin៖ តាមធម្មជាតិ រាងកាយនឹងបង្កើតអ័រម៉ូនអុកស៊ីតុស៊ីន (Oxytocin) ដើម្បីជួយពន្លឿនការកើត។ Pitocin និង Syntocinon ជាម៉ាកយីហោរបស់ថ្នាំដែលមានជាតិ Oxytocin នេះ អាចត្រូវចាក់តាមសរសៃក្នុងកម្រិតទាប ដើម្បីជំរុញការកន្ត្រាក់។
– ថ្នាំ Prostaglandin៖ ជាថ្នាំម្យ៉ាងត្រូវបញ្ចូលតាមទ្វារមាសនៅពេលល្ងាច ដើម្បីជំរុញឲ្យស្បូនបើកនៅព្រឹកបន្ទាប់។ អត្ថប្រយោជន៍ពីវិធីមួយនេះ គឺជួយឲ្យម៉ាក់អាចដើរបានធម្មតានៅក្នុងបន្ទប់សម្រាល។
២- វិធីសាស្ត្រចោះបំបែកថង់ទឹកភ្លោះ (AROM)
វិធីនេះគេស្គាល់ថា Artificial rupture of membranes ជាការចោះបំបែកថង់ទឹកភ្លោះ(Amniotomy) ធ្វើឡើងដោយឆ្មប ឬគ្រូពេទ្យឯកទេសផ្នែកសម្ភព ដើម្បីបង្កើនល្បឿនឲ្យឆាប់សម្រាល។ ពេលថង់ទឹកភ្លោះបែក ឬដាច់ ការផលិតអ័រម៉ូន Prostaglandin កើនឡើង ល្បឿនកន្ត្រាក់ក៏កើនឡើងដូចគ្នា។ ក្នុងករណីភាគច្រើន ទាមទារជំរុញឲ្យឆាប់សម្រាល គ្រូពេទ្យប្រហែលជាស្នើចោះបំបែកថង់ទឹកភ្លោះ។