backup og meta

អា​អូន​ត្រជាក់​​​​ដៃ​ជើង​បណ្ដាល​មក​ពី​អ្វី? ​គួរ​បារម្ភ​​​​ពេល​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 30, 2021

    អា​អូន​ត្រជាក់​​​​ដៃ​ជើង​បណ្ដាល​មក​ពី​អ្វី? ​គួរ​បារម្ភ​​​​ពេល​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​ពិត​ណាស់​ ដៃ​របស់​​ទារក​​អាច​ត្រជាក់​ជាង​ផ្នែក​ផ្សេង​​ៗ​ទៀត​​នៃ​រាងកាយ​។ យ៉ាង​ណា​មិញ ទោះ​បី​ជា​វា​អាច​​កើត​ឡើង​ដោយ​សារ​តែ​កត្តា​សីតុណ្ហភាព​ខាង​ក្រៅ​ ប៉ុន្តែ​​​​​​អាការៈ​នេះ​ក៏​អាច​ជា​បញ្ហា​សុខភាព​ផង​ដែរ​។ ដៃ​ត្រជាក់​ម្ដងម្កាល​មិន​មែន​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​ឡើយ​ ប៉ុន្តែ​ប្រសិនបើ​ដៃ​​អា​អូន​ត្រជាក់​ញឹកញាប់​ ​ម៉ាក់​ៗ​គប្បី​តាមដាន​ឲ្យ​បាន​ដិតដល់​ ដើម្បី​​ស្វែង​រក​មូលហេតុ​បង្ក​ និង​ដំណោះស្រាយ​ឲ្យ​បាន​ទាន់​ពេល​វេលា​។ មូលហេតុ​ដែល​ទារក​មាន​ដៃ​ត្រជាក់?​

    ​​១​. មិន​ទាន់​ពេញ​វ័យ​ក្នុង​ការ​រក្សា​កម្ដៅ​

    ទារក​ទើប​កើត​មិន​អាច​រក្សា​សីតុណ្ហភាព​​ស្នូល​នៃ​រាងកាយ​​ ដោយ​មិន​មាន​ការ​ការពារ​កម្ដៅ​ពី​ខាង​ក្រៅ​ឡើយ​។​ ដោយ​សារ​តែ​ហេតុ​នេះ​ហើយ​ ទើប​ដៃ​ និង​ជើង​របស់​ពួក​គេ​ត្រជាក់​ជាង​​​ផ្នែក​​ដទៃ​ទៀត​។ ដូច្នេះ​ហើយ​ ទើប​ម៉ាក់​ៗ​គប្បី​រុំ​ក្បាល​ ជើង​ និង​ដៃ​របស់​ទារក​ឲ្យ​បាន​ច្រើន​ជាន់​ ដើម្បី​ការពារ​ការ​បាត់បង់​កម្ដៅ​ពី​រាងកាយ​​ដោយ​សារ​​រំហួត​។

    ​​​២. ចរន្ត​ឈាម​មិន​ទាន់​លូតលាស់

    ដោយ​សារ​តែ​​ប្រព័ន្ធ​ឈាម​រត់​របស់​ទារក​មិន​ទាន់​អភិវឌ្ឍ​ពេញលេញ​ ឈាម​មិន​អាច​​ដឹកនាំ​អុកស៊ីសែន​ទៅ​ដល់​​ដៃ​ និង​ជើង​ប្រកប​ដោយ​ប្រសិទ្ធភាព​ឡើយ។ ​បញ្ហា​កង្វះ​អុកស៊ីសែន​នេះ​ក៏​អាច​បណ្ដាល​ឲ្យ​ដៃ​​​អា​អូន​ត្រជាក់​ ហើយ​វា​ក៏​អាច​​បង្ហាញ​តាម​រយៈ​​​​ការ​ប្រែ​ពណ៌​ស្បែក​ទៅ​ជា​ពណ៌​​ស្វាយ​។ ផ្នែក​ដទៃ​ទៀត​មាន​ដូចជា​ត្រចៀក​ ច្រមុះ​ បបូរ​មាត់​ និង​​ចុង​ដោះ​។

    ៣. ការ​បង្ក​រោគ​ក្នុង​ឈាម​

    ជាមួយ​គ្នា​នេះ​ដែរ​ ការ​បង្ក​រោគ​ក្នុង​ឈាម​ គឺ​ជា​ការ​ឆ្លើយតប​ចុង​ក្រោយ​របស់​រាងកាយ​ចំពោះ​​ការ​ឆ្លង​មេរោគ​។ ការ​កំណត់​ពី​​ការ​បង្ក​រោគ​ក្នុង​ឈាម​នៅ​ដំណាក់កាល​ដំបូង​ គឺ​ជា​រឿង​សំខាន់​បំផុត​ ដើម្បី​បញ្ចៀស​ផលវិបាក​ធ្ងន់ធ្ងរ។​ ជាក់ស្ដែង​ ជំងឺ​នេះ​​កើត​ឡើង​​នៅ​ពេល​ដែល​មាន​ការ​​ឆ្លង​មេរោគ​ណា​មួយ​ ដូចជា​ ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ ឬ​ការ​ឆ្លង​មេរោគ​នៅ​ស្បែក​ ឬ​ឆ្អឹង​។

    ជាមួយ​នឹង​ដៃ​ជើង​ត្រជាក់​ ​ការ​បង្ក​រោគ​ក្នុង​ឈាម​ ក៏​អាច​សម្គាល់​ដោយ​អាការៈ​គ្រុន​ក្ដៅ​​តិចតួច ចង្វាក់​បេះដូង​លោត​ញាប់​ ដកដង្ហើម​ញាប់​ ស្បែក​ស្លេកស្លាំង​ ចង្អោរ​ ខោ​ទឹក​នោម​ស្ងួត​លើស​ពី​រយៈពេល​១២​ម៉ោង​។​ ប្រសិនបើ​​ម៉ាក់​ៗ​សង្កេត​ឃើញ​សញ្ញា​ខាង​លើ​ ចូរ​ប្រញាប់​នាំ​ចូល​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​។

    ត្រជាក់ដៃជើងទារក២

    ៤. គ្រុន​ក្ដៅ​

    ត្រជាក់​ដៃ​ក៏​អាច​ជា​សញ្ញា​នៃ​ជំងឺ​គ្រុន​ក្ដៅ​ដូច​គ្នា។​ ប្រសិនបើ​ទារក​​មាន​​សីតុណ្ហភាព​ចាប់​ពី​៣៨​អង្សា​សេ​ ពួក​គេ​អាច​មាន​​អាការៈ​គ្រុន​ក្ដៅ​។ ​ជា​ទូទៅ​ គ្រុន​ក្ដៅ​គឺ​ជា​សញ្ញា​មួយ​ដែល​រាងកាយ​ទារក​កំពុង​ព្យាយាម​ប្រយុទ្ធ​នឹង​​ការ​ឆ្លង​បាក់តេរី​ ឬ​មេរោគ។ ប្រសិនបើ​ថ្ងាស​អា​អូន​ក្ដៅ ប៉ុន្តែ​ដៃ​ពួក​គេ​ត្រជាក់​  វា​គ្រាន់​តែ​ជា​រោគ​សញ្ញា​ធម្មតា​នៃ​ជំងឺ​គ្រុន​ក្ដៅ​ប៉ុណ្ណោះ។​

    ៥. ជំងឺ​រលាក​ស្រោម​ខួរ

    ជំងឺ​រលាក​ស្រោម​ខួរ​ គឺ​ជា​ការ​រលាក​ស្រទាប់​ជុំវិញ​ខួរ​ក្បាល​ និង​ខួរ​ឆ្អឹង​ខ្នង​ ដែល​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​ ​ឬ​បាក់តេរី​។ អាការៈ​ត្រជាក់​ដៃ​ជើង​គឺ​ជា​រោគ​សញ្ញា​ដំបូង​មួយ​ ហើយ​​ការ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​នេះ​គឺ​មាន​ការ​ពិបាក​ ដោយ​សារ​តែ​វា​ស្រដៀង​ទៅ​នឹង​គ្រុន​ផ្ដាសាយ​ ឬ​គ្រុន​ក្ដៅ​ធម្មតា​។ ប្រសិនបើ​ម៉ាក់​ៗ​សង្កេត​ឃើញ​អា​អូន​មាន​រោគ​សញ្ញា​ដូចជា​ ក្ដៅ​ខ្លួន​ ងងុយ​គេង​ខ្លាំង​ ពិបាក​ដក​ដង្ហើម​ ស្រៀវស្រាញ​ខ្លាំង​ ចង្អោរ​ មិន​ញ៉ាំ​អាហារ​ និង​ឈឺ​សាច់​ដុំ​ ចូរ​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​​ជា​បន្ទាន់​។

    ​ម៉ាក់​ៗ​គួរ​ដោះស្រាយ​បែប​ណា​?

    ដើម្បី​ដោះស្រាយ​បញ្ហា​ដៃ​អា​អូន​ត្រជាក់​ ម៉ាក់​ៗ​គប្បី​អនុវត្ត​វិធីសាស្ត្រ​ទូទៅ ​ខាង​ក្រោម​នេះ​។

    • ពិនិត្យ​​ដង​ខ្លួន​ និង​បរិវេណ​ពោះ​ឲ្យ​បាន​​ដិតដល់​ ពីព្រោះ​នៅ​ពេល​ដែល​ផ្នែក​កណ្ដាល​នៃ​រាងកាយ​មាន​​កម្ដៅ ​ម៉ាក់​ៗ​មិន​ចាំបាច់​បារម្ភ​ឡើយ​។ ម៉ាក់​ៗ​គប្បី​រុំ​ក្បាល​ និង​រាងកាយ​កូន​ឲ្យ​បាន​ច្រើន​ជាន់​ ក៏​ដូចជា​ពាក់​ស្រោម​ដៃ​ និង​ស្រោម​ជើង​ឲ្យ​អា​អូន។ ចូរ​ពិនិត្យ​ដៃ​អា​អូន​​នៅ​រយៈពេល​២០​នាទី​ក្រោយ​ ដើម្បី​ឲ្យ​ដឹង​ថា​ដៃ​របស់​​ទារក​មាន​កម្ដៅ​វិញ​ហើយ​ឬ​នៅ​។
    • ពិនិត្យ​សីតុណ្ហភាព​ក្នុង​បន្ទប់​មើល​ថែ​ទាំ​កូន ។​ ជា​ធម្មតា​ សីតុណ្ហភាព​ដែល​សម​ល្មម​ គឺ​ចាប់​ពី​២០​ដល់​២២​អង្សាសេ​។​ ​បន្ទប់​ដែល​ក្ដៅ​ខ្លាំង​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​​ការ​ស្លាប់​ភ្លាម​ៗ​​របស់​ទារក​ដែរ​។​
    • ប្រសិនបើ​កូន​មាន​រោគ​សញ្ញា​មិន​ប្រក្រតី​ដូចជា​ ក្អួត​ រាករូស​ ផ្នែក​កណ្ដាល​នៃ​រាងកាយ​មាន​ភាព​ត្រជាក់​ ចេញ​កន្ទួល​​ បាត់បង់​ចំណង់​អាហារ​ ​​ឬ​ប្រកាច់​ ​​ដែល​អម​ជាមួយ​នឹង​អាការៈ​ត្រជាក់​ដៃ​នេះ​ ចូរ​​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​​ភ្លាម​ៗ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 30, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម