
ស្រីៗគ្រប់គ្នា សុទ្ធតែអាចប្រឈមនឹងមហារីកសុដន់ ជាពិសេសអ្នកធ្លាប់មានគ្រួសារកើតជំងឺនេះ។ យ៉ាងណាក៏ដោយ មានថ្នាំលេបអាចបង្ការជំងឺនេះ ដោយទាមទារពិភាក្សាជាមួយពេទ្យផ្ទាល់។ “Hello គ្រូពេទ្យ” នឹងពន្យល់ខ្លះៗពីមហារីកសុដន់ និងថ្នាំបង្ការខាងក្រោម៖
១- មហារីកសុដន់
មហារីកសុដន់ កើតឡើងដោយសារការវិវត្តលឿនខុសប្រក្រតីនៃកោសិកាសុដន់។ ប្រហែល ៨៥-៩០% ជំងឺនេះកើតឡើងដោយសារកត្តាហ្សែនខុសប្រក្រតីពេលចាស់ទៅ ហើយ ៥-១០%ប៉ុណ្ណោះ កើតឡើងដោយសារតំណពូជ។ ជំងឺនេះអាចកើតមានគ្រប់ផ្នែកនៃសុដន់ ប៉ុន្តែភាគច្រើនកើតមាននៅបំពង់ទឹកដោះ។ ពេលខ្លះ អាចជាដុំសាច់កាច រាលដាលទៅសរីរាង្គផ្សេងទៀត បើមិនទទួលការព្យាបាលត្រឹមត្រូវ។ ស្ថានភាពជំងឺ មិនត្រឹមតែប៉ះពាល់ដល់សុខភាពទូទៅប៉ុណ្ណោះ ថែមទាំងអាចប៉ះពាល់ដល់ការងារប្រចាំថ្ងៃ និងការរួមភេទទៀតផង។
យោងតាមការធ្វើតេស្តលើ Estrogen Receptor (ER) មហារីកសុដន់ ត្រូវគេចែកជា ២ ប្រភេទ៖
– មហារីកសុដន់ មាន Hormone-receptor វិជ្ជមាន
– មហារីកសុដន់ មាន Hormone-receptor អវិជ្ជមាន។
អ្នកជំនាញបានណែនាំ ករណីមហារីកសុដន់មាន Hormone-receptor អវិជ្ជមាន ព្យាបាលជាមួយសារធាតុគីមី គឺមានប្រសិទ្ធភាពខ្ពស់ រីឯប្រភេទផ្សេងៗទៀត អាចព្យាបាលដោយក្រុមថ្នាំ Selective Estrogen-receptor response modulators (SERMs) ដូចជា ពពួកថ្នាំ Tamoxifen ជាដើម។
អត្ថបទពាក់ព័ន្ធ៖ ចម្ងល់សំខាន់ៗទាំង ៦ ចាំបាច់ត្រូវដឹង ក្រោយព្យាបាលមហារីកសុដន់
២- ថ្នាំ Tamoxifen
ពពួកថ្នាំ Tamoxifen (TMX) នៅទីផ្សារមានឈ្មោះថា Nolvadex ជាថ្នាំជួយការពារស្រីៗពីជំងឺមហារីកសុដន់ និងជួយព្យាបាលមហារីកនេះ ទាំងបុរស និងស្ត្រី។ Tamoxifen ស្ថិតនៅក្នុងក្រុមថ្នាំ Antiestrogens ជួយទប់ស្កាត់សកម្មភាពអ័រម៉ូនអឺស្ត្រូហ្សែន (Estrogen) នៅក្នុងសុដន់ ជួយបញ្ឈប់ដុំមហារីកសុដន់ដែលរីកលូតលាស់ ដោយសារអ័រម៉ូនប្រភេទនេះ ពិសេស គឺមហារីកសុដន់ដែលរាលដាលទៅផ្នែកផ្សេងនៃរាងកាយ។
លើសពីនេះ Tamoxifen ជួយព្យាបាលមហារីកសុដន់ដំណាក់កាលដំបូង ក្រោយព្យាបាលដោយវះកាត់ បាញ់កាំរស្មី ឬសារធាតុគីមី។ ស្រីៗមានហានិភ័យកើតមហារីកខ្ពស់ ដោយសារកត្តាអាយុ ឬអត់មានមេជីវិតញីដើម្បីបង្កកំណើត ប៉ុន្តែចង់បានកូន ក៏គួរប្រើថ្នាំនេះដែរ។
៣- ប្រភេទថ្នាំ Tamoxifen
Tamoxifen ជាថ្នាំប្រភេទគ្រាប់ ហើយបើលេបបង្ការមហារីកសុដន់ គួរលេបឲ្យបាន ៥ ឆ្នាំ។ សម្រាប់អ្នកប្រើព្យាបាលមហារីកសុដន់ ពេទ្យនឹងណែនាំថាគួរលេបរយៈពេលប៉ុន្មាន។
ថ្នាំនេះមិនគួរលេបនៅពេលកំពុងមានផ្ទៃពោះទេ ព្រោះអាចធ្វើឲ្យលូតលាស់ខុសប្រក្រតី។ បើអាលែកហ្ស៊ីជាមួយគ្រឿងផ្សំក្នុងថ្នាំ ឬមានប្រវត្តិកំណកឈាម (ក្នុងសរសៃឈាម ឬសួត) ក៏មិនគួរប្រើថ្នាំនេះដែរ។ ការព្យាបាលដោយថ្នាំប្រភេទនេះ ពេទ្យនឹងណែនាំឲ្យយើងថតកាំរស្មី ពិនិត្យញឹកញាប់ ដើម្បីប្រាកដថា ថ្នាំគ្មានផលរំខានទៅកាន់កន្លែងផ្សេង។
គួរពិគ្រោះជាមួយគ្រូពេទ្យមុនពេលប្រើ ហើយបើមានផលរំខានអ្វីមួយ ត្រូវប្រាប់គ្រូពេទ្យឲ្យបានលឿន។
អត្ថបទពាក់ព័ន្ធ៖ ឧស្សាហ៍អស់កម្លាំងដោយសារមហារីកដោះ នេះជាវិធីដោះស្រាយ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕