៥. មេរោគប្រមេះទឹកបាយ – ក្នុងករណីស្ត្រីមានផ្ទៃពោះឆ្លងមេរោគប្រមេះទឹកបាយ ត្រូវបានផ្សារភ្ជាប់ទៅនឹងការរលូតកូន ការកើតមិនគ្រប់ខែ កូនកើតមកទម្ងន់ទាប ការដាច់រលាត់នៃភ្នាសជុំវិញទារកក្នុងស្បូន និងការឆ្លងមេរោគដល់ទឹកភ្លោះ។ ជំងឺប្រមេះទឹកបាយក៏អាចឆ្លងដល់ទារកក្នុងពេលសម្រាលដែរ នៅពេលដែលវាឆ្លងតាមផ្លូវសម្រាលចេញមក។
៦. បាក់តេរី Streptococcus (GBS) – អាចបណ្ដាលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរចំពោះទារក។ ប៉ុន្តែ ការផ្ដល់ថ្នាំអង់ទីប៊ីយូទិច អំឡុងពេលសម្រាលអាចការពារការរីករាលដាលនៃបាក់តេរីនេះបាន ហេតុនេះហើយ ទើបវាសំខាន់ក្នុងការធ្វើតេស្ដរកការឆ្លងមេរោគអំឡុងពេលមានផ្ទៃពោះ។
៧. ជំងឺរើម – ស្ត្រីមានផ្ទៃពោះដែលឆ្លងវីរុស Herpes ឬរើម មានហានិភ័យខ្ពស់ក្នុងការឆ្លងដល់ទារកក្នុងផ្ទៃ។ ក្នុងករណីវាឆ្លងទៅដល់ទារកទើបកើត កូននឹងប្រឈមបញ្ហាធ្ងន់ធ្ងរ រហូតអាចគំរាមកំហែងដល់ជីវិត។ ទារកដែលឆ្លងជំងឺនេះ អាចនាំឲ្យខូចខួរក្បាល ពិការភ្នែក និងខូចខាតដល់សរីរាង្គដទៃទៀត។
៨. ជំងឺរលាកថ្លើម B – ប្រសិនបើស្ត្រីឆ្លងមេរោគនេះអំឡុងពេលមានផ្ទៃពោះ នោះអាចចម្លងទៅដល់ទារកក្នុងផ្ទៃ។ ប៉ុន្តែ ភាគរយនៃការឆ្លងដល់កូននោះ ក៏អាស្រ័យទៅលើថា តើម្ដាយឆ្លងមេរោគរលាកថ្លើម B នៅពេលពពោះដំបូងៗ ឬក្នុងត្រីមាសទី២ ឬទី៣។ បើម្ដាយឆ្លងមេរោគពេលកូនចាស់ខែហើយ អត្រានៃការឆ្លងដល់កូនគឺ ខ្ពស់។ ចំពោះមេរោគរលាកថ្លើមប្រភេទ C ក៏ដូចគ្នា។
៩. មេរោគអេដស៍ (HIV) – មេរោគអេដស៍អាចឆ្លងពីម្ដាយទៅទារកអំឡុងពេលមានផ្ទៃពោះ មុនពេលសម្រាល និងក្រោយពេលសម្រាល។ មិនតែប៉ុណ្ណោះ អំឡុងពេលបំបៅដោះកូន ក៏អាចចម្លងមេរោគទៅកូនបានដែរ។
អត្ថបទគួរអាន៖
១០. បាក់តេរី Listeriosis – ជាការឆ្លងមេរោគធ្ងន់ធ្ងរ ដែលជាធម្មតាបណ្ដាលមកពីការញ៉ាំអាហារមានផ្ទុកបាក់តេរីនេះដូចប្រភេទអាហារឆៅជាដើម។ ការញ៉ាំអាហារឆៅ ឬចម្អិនមិនល្អ ក៏អាចបណ្ដាលឲ្យម៉ាក់ៗឆ្លងមេរោគ Toxoplasmosis ដែលបាក់តេរីទាំង ២ នេះ អាចបណ្ដាលឲ្យកូនស្លាប់ក្នុងផ្ទៃ កូនកើតមិនគ្រប់ខែ និងការឆ្លងមេរោគដែលគំរាមកំហែងដល់ទារកទើបកើត។
១១. ឆ្លងវីរុស Rubella – វីរុសនេះបង្កឲ្យកើតជំងឺស្អូច ហើយបើម៉ាក់ៗឆ្លងវីរុសនេះអំឡុងពេលមានផ្ទៃពោះអាចបណ្ដាលឲ្យមានបញ្ហាមួយចំនួនដល់ការពពោះ ក៏ដូចជាពិការភាពពីកំណើតដល់ទារកក្នុងផ្ទៃផងដែរ។
១២. មេរោគស្វាយ – ជំងឺស្វាយអាចឆ្លងពីម្ដាយទៅគភ៌អំឡុងពេលពពោះ ហើយជំងឺនេះក៏អាចបណ្ដាលឲ្យកូនកើតមិនគ្រប់ខែ កូនស្លាប់ក្នុងផ្ទៃ ឬកូនស្លាប់ភ្លាមក្រោយសម្រាល។
១៣. ជំងឺ Zika – ជំងឺនេះបង្កឡើងដោយមូសខាំ ហើយវាក៏អាចឆ្លងតាមរយៈផ្លូវភេទផងដែរ។ ការឆ្លងជំងឺនេះអំឡុងពេលមានផ្ទៃពោះអាចបណ្ដាលឲ្យប៉ះពាល់ដល់ការពពោះ។ ម៉្យាងវិញទៀត ទារកដែលឆ្លងជំងឺ Zika ក្នុងផ្ទៃបណ្ដាលឲ្យទំហំក្បាលកូនតូចជាងធម្មតា និងមានហានិភ័យខ្ពស់ក្នុងការកើតជំងឺស្វិតសាច់ខួរក្បាល។
ចំណុចសំខាន់
- អំឡុងពេលមានផ្ទៃពោះ ការឆ្លងមេរោគទូទៅមួយចំនួនដូចជំងឺផ្ដាសាយធម្មតា ឬការឆ្លងមេរោគលើស្បែក ជាធម្មតាមិនបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរនោះទេ។
- បើម៉ាក់ៗថែខ្លួនបានល្អ នោះអាអូនក្នុងផ្ទៃក៏ទទួលបានឥទ្ធិពលល្អ បើថែមិនបានល្អ នោះផលអាក្រក់ក៏អាចកើតឡើងលើកូន ពិសេសបើម៉ាក់ៗឆ្លងជំងឺផ្សេងៗ។
- ពេលពពោះ បើឆ្លងជំងឺ ១៣ យ៉ាងនេះ អាចចម្លងដល់កូនក្នុងផ្ទៃ បង្កជាបញ្ហាបាន។