backup og meta

វាចា​អ្នកនិពន្ធ៖ សុខភាព​ស្ត្រី​ជា​បញ្ហា​រួម​យើង​គួរ​រួមចំណែក​ ការលះបង់ខ្លះគួរឲ្យសរសើរណាស់

វាចា​អ្នកនិពន្ធ៖ សុខភាព​ស្ត្រី​ជា​បញ្ហា​រួម​យើង​គួរ​រួមចំណែក​ ការលះបង់ខ្លះគួរឲ្យសរសើរណាស់

តើ​មាន​ស្ត្រី​ប៉ុន្មាន​ភាគរយ ក្នុង​ចំណោម​ស្ត្រី​សរុប​លើ​ពិភពលោក​ដែល​គ្រប់​អាយុ បម្រើ​ការងារ​ក្នុង​វិស័យ​សុខាភិបាល? ឬ​ក្ដោប​តួនាទី​ធំៗ​ផ្នែក​សុខាភិបាល? មាន​ចំណេះដឹង​ផ្នែក​សុខភាព​ទូលំទូលាយ​ដើម្បី​ឈរ​នៅ​ទីតាំង​មួយ​ផុត​ពី​ទី​រងគ្រោះ​បញ្ហា​សុខភាព​ទាំង​ឡាយ​ណា​ដែល​អាច​ការពារ​បាន? ឬ​អាច​ព្យាបាល​បាន? តើ​អ្នក​បាន​ចូលរួម​ការ​យក​ចិត្ត​ទុកដាក់​​ទាំង​សុខភាព​ខ្លួន​ឯង​ និង​អ្នក​ឯទៀត​កម្រិត​ណា​ដែរ?

ខ្ញុំ​បាន​ធ្វើ​ បន្ត​ធ្វើ និង​នៅ​តែ​ធ្វើ​ទៀតពីបញ្ហាសុខភាព​ស្ត្រី ​ក្នុង​តួនាទី​ជា​អ្នក​សារព័ត៌មាន​ឌីជីថល​អាជីព ខ្ញុំ​បាន​មើល​ឃើញ​ពី​ចន្លោះ​ខ្វះខាត​ក្នុង​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​អាជីព​សារព័ត៌មាន ជាមួយ​អាជីព​វេជ្ជសាស្ត្រ។ បន្ទាប់​ពី​ចំណាយ​ពេលវេលា​រៀន​សូត្រ​ពី​សារព័ត៌មាន​ធំ​បំផុត​មួយ​នៅ​កម្ពុជា​ជិត ១០ឆ្នាំ ខ្ញុំ​ក៏​បាន​ទាក់ទង​ឲ្យ​សិក្សា​ស្វែងយល់​ពី​វត្តមាន​របស់ “Hello គ្រូពេទ្យ” ដែល​ចង់​បោះ​ទុន​វិនិយោគ​ក្នុង​ការ​សាបព្រោះ ផ្សព្វផ្សាយ​ពី​សារសំខាន់​នៃ​ចំណេះដឹង​យ៉ាង​ស៊ីជម្រៅ​ផ្នែក​សុខភាព។ ក្រៅ​ពី​ការងារ​មួយ​ដែល​យើង​ស្រលាញ់ គឺ​ការ​ប្រើប្រាស់​វិជ្ជាជីវៈ​ក្នុង​កម្រិត​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ដើម្បី​ជា​ប្រយោជន៍​សង្គម​ជាតិ និង​បងប្អូន​ខ្មែរ​យើង​ឲ្យ​ទទួល​បាន​អ្វី ដែល​ថ្មី អ្វី​ជា​ពុទ្ធិ​និង​គន្លឹះ​ចំណេះដឹង​សុខភាព​បន្ថែម​ដើម្បី​ជា​ចំណែក​មួយ​ក្នុង​ការ​សម្រេចចិត្ត​ផ្នែក​វេជ្ជសាស្ត្រ​ឲ្យ​បាន​ទាន់​ពេលវេលា និង​ត្រឹមត្រូវ​បំផុត ក្នុង​គោលបំណង​ឲ្យ​ជីវិត​រស់នៅ​កាន់​តែ​ល្អ​ប្រសើរ​ទាំង​សុខភាព​ផ្លូវ​ចិត្ត​និង​ផ្លូវកាយ តាម​រយៈ​ទម្រង់​ឌីជីថល។ ក្រៅ​ពី​ក្រុមការងារ​អ្នក​សារព័ត៌មាន យើង​មាន​វេជ្ជបណ្ឌិត វេជ្ជបណ្ឌិត​ជំនាញ​(ឯកទេស) ដើម្បី​ត្រួតពិនិត្យ​រាល់​មាតិកា​មុន​ចេញ​ផ្សាយ ឬ​ឆ្លើយ​តប​សំណួរ​បងប្អូន​អ្នក​អាន​រាប់​ពាន់​រាប់​ម៉ឺន​ក្នុង​មួយ​ខែៗ លើ​បញ្ហា​សុខភាព​ច្រើន​រាប់​មិន​អស់។ ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដូច​បងប្អូន​អ្នក​អាន​យើង ដែល​បាន​ការ​ឆ្លើយ​តប​ពី​វេជ្ជបណ្ឌិត​របស់​យើង​ដើម្បី​ជា​ដំណោះស្រាយ​ហើយ​បាន​ផល។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ពួក​យើង (Hello គ្រូពេទ្យ) មិន​មាន​តួនាទី​ចេញ​វេជ្ជបញ្ជា ឬ​ការ​ព្យាបាល​ណាមួយ​ជូន​អ្នក​អាន​ដែល​មាន​ចម្ងល់ ឬ​បញ្ហា​សុខភាព​កម្រិត​ណា​មួយ​នោះ​ទេ តែ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​គឺ​ផ្ដល់​មាតិកា​លើ​បញ្ហា​សុខភាព​ជាក់លាក់​ក្នុង​កម្រិត​ច្បាស់​លាស់​មួយ​ដែល​មាន​លំហូរ​​ត្រួតពិនិត្យ​ដោយ​ការី​និពន្ធ និពន្ធ​នាយក​និង​វេជ្ជបណ្ឌិត​នានា​ទៅ​តាម​ជំនាញ។

ប្រភព៖ ទិន្នន័យពីWHO អំពីមុខតំណែងស្ត្រីជាន់ខ្ពស់វិស័យសុខាភិបាល

ខ្ញុំ​សុំ​បញ្ជាក់​ពី​តួនាទី​របស់​វិបសាយ​សុខភាព​ Hello គ្រូពេទ្យ ប៉ុណ្ណេះ​ចុះ។ ខ្ញុំ​ចូលរួម​យុទ្ធនាការ​បង្កើត​ Hello គ្រូពេទ្យ​តាំង​ពី​ក្រុមហ៊ុន​នេះ​បោះ​ជំហាន​ក្នុង​ទីផ្សារ​កម្ពុជា​ចុង​ឆ្នាំ ២០១៨។ ចូល ២០១៩ យើង​បន្ត​ពង្រីក​ក្រុម​កាងារ ពង្រីក​វិសាលភាព​មាតិកា​លើ​ឌីជីថល​ពី​ម្នាក់​ដល់​ពេញ​រចនាសម្ព័ន្ធ​ទាំងមូល។ ជិត ៤ឆ្នាំ​នេះ បើ​ងាក​ទៅ​មើល​តួលេខ​អ្នក​អាន​វិញ យើង​ទទួល​បាន​ការ​គាំទ្រ​រាប់​លាន​នាក់​នៅ​កម្ពុជា រាល់​មាតិកា​ទាំង​ឡាយ មិន​ថា​ទម្រង់​ណា​ទេ។ បើ​គិត​តែ​អ្នក​ឆ្លើយឆ្លង​តាម​ហ្វេសបុក​វិញ មួយ​ខែៗ រាប់​ម៉ឺន​សំណួរ ដែល​ខ្ញុំ​ខ្លួន​ឯង​ក៏​មិន​នឹកស្មាន​ថា នេះ​ជា​ចំនួន​ដែល​យើង​ត្រូវ​រ៉ាប់រង​ឆ្លើយឆ្លង​ដល់​បងប្អូន​យើង​ដែរ។ ទិន្នន័យ​មួយ​ទៀត​គឺ ចំនួន​អ្នក​បាន​ឃើញ​មាតិកា​ទាំង​អស់​របស់​យើង​មាន​លើស ៥០% នៃ​អ្នក​ប្រើប្រាស់​អ៊ិនធឺណិត​ក្នុង​ស្រុក​សឹង​មិន​គួរ​ឲ្យ​ជឿ។ សឹង​មិន​គួរ​ឲ្យ​ជឿ​ត្រង់​ថា យើង​មិន​មែន​ជា​មាតិកា​កម្សាន្ត​អី​ទេ តែ​ជា​មាតិកា​សុខភាព អាច​ថា​គួរ​ឲ្យ​ធុញ​ទ្រាន់ ប៉ុន្តែ​បែរ​ជា​មាន​ការ​តាមដាន​និង​ការ​គាំទ្រ​លើស​លប់​បែប​នេះ​ទៅ​វិញ។ ពិតហើយ​មុខងារ​ហ្វេសបុក​សំខាន់​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ឆ្លើយឆ្លង​ជាមួយ​អ្នក​អាន។ បញ្ហា​សុខភាព​ពិត​ជា​សំខាន់ ទោះ​អ្នក​អាន​អ្នក​លេង​ហ្វេសបុក​ជា​ច្រើន​មិន​បង្ហាញ​ ឬ​មិន​ Engage ផ្ទាល់​ក៏​ដោយ។ មាតិកា​សុខភាព​អាជីព​ដែល​មាន​ការ​ចូលរួម​ពី​ក្រុម​គ្រូពេទ្យ បើ​គិត​ទៅ​មិន​ធំ​ទេ បើ​ធៀប​ទៅ​នឹង​វិស័យ​នានា​ដូចជា​កម្សាន្ត នយោបាយ បច្ចេកវិទ្យា កីឡា ឬ​យានយន្ត​ក្ដី ប៉ុន្តែ អ្នក​មាន​ចំណាប់​អារម្មណ៍​លើ​ផ្នែក​ធំៗ​ទាំង​នោះ ទោះ​មាន​ច្រើន​ផេក​បញ្ចូល​គ្នា​ក៏​មិន​ប្រាកដ​ថា ទទួល​បាន​សំណួរ​ដូច​រឿង​ភាគ​ឆ្លើយឆ្លង​រាប់​ពាន់​រាប់​ម៉ឺន​ដូច្នេះ​ដែរ។ នេះ​បើ​តាម​បទពិសោធន៍​ខ្ញុំ​ផ្ទាល់។

ត្រូវ​ហើយ! សំណួរ​នានា​ជា​ច្រើន​ពី​ហ្វេសបុក​ភាគច្រើន​ជា​មនុស្ស​ស្រី ជា​ស្ត្រី ហើយ​អ្នក​អាន​យើង​សរុប​ក៏​ជា​ស្ត្រី​ដែរ​ភាគ​ច្រើន។ ខ្ញុំ​បញ្ជាក់​ខាង​លើ​ថា ពេល​មាន​អ្នក​ចូល​មើល​យើង​លើស​ ៥០ភាគរយ​នៃ​អ្នក​ប្រើប្រាស់​អ៊ិនធឺណិត​ក្នុង​ស្រុក​សរុប ក៏​ភាគរយ​ច្រើន​ជា​មនុស្ស​ស្រី​ដែរ។ ក្នុង​នាម​ខ្ញុំ​ជា​ក្រុមការងារ និង​តាងនាម​ឲ្យ​ថ្នាក់ដឹកនាំ​ស្ថាប័ន សូម​សម្ដែង​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ហើយ​នេះ​ក៏​ជា​ទឡ្ហីករណ៍​វិជ្ជមាន​យ៉ាង​ប្រាកដ​ចំពោះ​អ្វី​ដែល​យើង​ខិតខំ​ហុច​ផ្លែផ្កា​ជា​ប្រយោជន៍​ដោយ​ប្រយោល​ដល់​បងប្អូន​ជន​រួម​ជាតិ​ខ្ញុំ ទាំង​អស់​ដែល​បាន​គាំទ្រ ហើយ​ជាពិសេស​ចំពោះ​បងប្អូន​ស្រីៗ ជា​ប្អូន ជា​ក្មួយ ជា​បង ជា​មីង ជា​អ៊ំ ឬ​ជីដូន មិន​ថា​ការ​តាមដាន​ដោយ​ផ្ទាល់ ឬ​តាមរយៈ​មិត្តភ័ក្ដិ ឬ​សមាជិក​ក្នុង​គ្រួសារ។ ទិន្នន័យ​ទាំង​នេះ​បង្ហាញ​ភាព​វិជ្ជមាន​ថា បញ្ហា​សុខភាព​ប្រសិន​បើ​អ្នក​អាន​ ផ្ដល់​ទំនុក​ចិត្ត យើង​ផ​្សាយ​ចំៗ​បញ្ហា​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ជំងឺ ឬ​ស្ថានភាព​សុខភាព​អត់​ស្រួល​ណាមួយ ចំណាយ​ពេល​ប្រឹក្សា ឆ្លើយឆ្លង​ ច្បាស់​ណាស់​កម្រិត​នៃ​ការ​យក​ចិត្ត​ទុកដាក់​របស់​ពួក​គាត់​កើន​ឡើង​មិន​ថា​សម្រាប់​ខ្លួន​ឯង ឬ​ដើម្បី​បាន​ចម្លើយ​ទៅ​ឲ្យ​មនុស្ស​ស្រី​ជិតស្និទ្ធ​នឹង​គាត់​ផ្សេង​ទៀត​នោះ​ទេ។

មាតិកា​ធំៗ​យើង​មាន​សរុប ២៩។ តែ​ខ្ញុំ​លើក​យក​តែ​មាតិកា​ដែល​បងប្អូន​យើង​អ្នក​អាន​ជា​ស្ត្រី​​ចុច​ចូល​អាន​ច្រើន​បំផុត​លើ​វិបសាយ ៣ប៉ុណ្ណោះ៖

  • ពពោះ ៖ ចំណេះដឹង​សុខភាព​ច្បាស់​លាស់​ទាំង​ស្រុង​របស់​ស្ត្រី ​រាប់​ចាប់​ពី​ការ​ត្រៀម​យក​កូន បញ្ហា​មាន​ផ្ទៃពោះ ការ​ថែទាំ​និង​បញ្ហា​កូន​ក្នុង​ផ្ទៃ រហូត​ដល់​សម្រាល​កូន។
  • ចិញ្ចឹម​កូន ៖ ​រាប់​ចាប់​ពី​កូន​ចាប់​កំណើត​រហូត​ដល់​វិធីសាស្ត្រ​ល្អ​បំផុត​ ឬ​គន្លឹះ​ចិញ្ចឹម​បីបាច់​កូន​រហូត​ដល់​កូន​ធំ។
  • សុខភាព​ស្ត្រី ៖ បញ្ហា​ឈាម​រដូវ បញ្ហា​ទ្វារ​មាស ស្បូន និង​ជំងឺ​មួយ​ចំនួន​ផ្សេង​ទៀត ដែល​ស្ត្រី​មួយ​ចំនួន​ព្យាយាម​តាមដាន​មាតិកា​ដែល​យើង​ចេញ​ផ្សាយ​ដោយ​យក​ចិត្ត​ទុកដាក់​សុទ្ធ​តែ​ទទួល​បាន​ចំណេះដឹង​ជាក់​ស្ដែង​ទាំង​នោះ។

ក្រៅ​ពី​បាន​សម្ភាសន៍​វាគ្មិន​ជា​អ្នក​ជំនាញ គ្រូពេទ្យ​ឯកទេស​នានា​នៅ​តាម​ស្ថាប័ន​(ពេទ្យ) ធំៗ​ជា​ច្រើន លោក​បាន​លើក​សរសើរ​ពី​កម្រិត​នៃ​ការ​ឆ្លើយតប និង​ជា​ឃ្លាំង​ផ្ដល់​ដំណឹង​សុខភាព គន្លឹះ​ចំណេះដឹង​សុខភាព​ដល់​ស្ត្រី​ជា​ច្រើន មុន​ឈាន​ដល់​ការ​រត់​ទៅ​រក​គ្រូពេទ្យ​ដោយ​ផ្ទាល់។ Hello គ្រូពេទ្យ បាន​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ផ្ដល់​ចំណេះដឹង​ទូទៅ​ក្នុង​កម្រិត​ស្រាល មិន​ចាំបាច់​រត់​ទៅ​ពេទ្យ ព្រោះ​ករណី​ខ្លះ​ជា​ម៉ាក់ ជា​មនុស្ស​ស្រី​អាច​ដោះស្រាយ​បញ្ហា​សុខភាព​មិន​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ​បាន កាត់​បន្ថយ​ចំណាយ ក្នុង​ការ​ធ្វើ​ដំណើរ ឬ​ថ្លៃ​ថ្នាំ ថ្លៃ​ព្យាបាល​ជា​ដើម។ ចំណុច​សំខាន់​មួយ​ទៀត​គឺ ទទួល​បាន​ចំណេះដឹង និង​មិន​ភ័យ​តក់ស្លុត​ពេក​ប្រសិន​បើ​ខ្លួន​ស្ថិត​ក្នុង​ស្ថានភាព​ព្រួយបារម្ភ​(ដោយ​អារម្មណ៍) ឬ​ក៏​ចំណេះដឹង​ពី​ការ​ពពោះ បញ្ហា​រោគ​ស្ត្រី បញ្ហា​ឈាម​រដូវ ការ​ចិញ្ចឹម​កូន និង​ការ​បង្ការ​គ្រោះថ្នាក់​ផ្សេងៗ​ទៀត។

ត្រូវ​ហើយ​យើង​និយាយ​ដល់​រាប់​ពាន់​រាប់​ម៉ឺន​សំណួរ​ពី​អ្នក​អាន​រាល់ៗ​ខែ ប៉ុន្តែ​ឲ្យ​ខ្ញុំ​សុំ​ទោស ខ្ញុំ​មិន​អាច​បង្ហាញ​អត្តសញ្ញាណ​អ្នក​អាន​យើង​ណា​ម្នាក់​ជា​ឧទាហរណ៍​នៅ​ទី​នេះ​បាន​ទេ ឬ​បើ​មិន​ដូច្នេះ​ទេ គ្នា​យើង​ខ្លះ​មាន​អារម្មណ៍​ថា​ដូច​ឆ្ងាយ​ពេក។ ប៉ុន្មាន​ឆ្នាំ​មក​នេះ ពេល​ដឹង​ឮ​ថា​ខ្ញុំ ឈរ​ជើង​នៅ​ស្ថាប័ន​សុខភាព​នេះ មាន​មិត្តភ័ក្ដិ មាន​បងប្អូន​យើង​ជា​ស្រី​ខ្លះ ប្រុស​ខ្លះ ច្រើន​ណាស់​ដែល​ពិភាក្សា​គ្នា ចង់​បាន​ប្រឹក្សា សួរ​នាំ​ជា​ដើម ទោះ​ដឹង​ថា​ខ្ញុំ​មិនមែន​ជា​ពេទ្យ មិនមែន​ជា​វេជ្ជបណ្ឌិត ប៉ុន្តែ​ពួក​គេ​ដឹង​ថា យើង​មាន​វេជ្ជបណ្ឌិត​ឲ្យ​ដោះស្រាយ​បញ្ហា​កម្រិត​ស្រាលៗ​ទាំង​នោះ​បាន។

ខ្ញុំ​សុំ​លើក​ឧទាហរណ៍​មួយ​ចំនួន ជាមួយ​អ្នក​ដែល​ខ្ញុំ​ស្គាល់​ជាក់ស្ដែង និងបែងចែក​ស្ថានភាព​សុខភាព​ជា ៣គឺ៖

បញ្ហា​ផ្លូវចិត្ត

អ្នក​មាន​បញ្ហា​ផ្លូវ​ចិត្ត មាន​ច្រើន​ទម្រង់ ឬ​ធ្ងន់​ស្រាល​ទៅ​តាម​សាច់​រឿង​របស់​ម្នាក់ៗ​ឆ្លង​កាត់។ បើ​គិត​ដល់​វិបត្តិ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ ឬ​យើង​ហៅ​ថា​ជំងឺ​ថប់បារម្ភ WHO បញ្ជាក់​ថា ប្រជាជន​សរុប​លើ​ពិភពលោក​មាន​បញ្ហា​ផ្លូវ​ចិត្ត​ប្រមាណ ៥%​នៃ​ប្រជាជនជាង​ ៧ពាន់​លាន​(៧ប៊ីលាន)​នាក់ ដែល​វា​ជា​ដើម​ចម​ឈាន​ទៅ​រក​ការ​ធ្វើ​អត្តឃាត ហើយ​ក្នុង​នោះ ស្ត្រី​ជា​អ្នក​ងាយ​រងគ្រោះ​ជាង​មនុស្ស​ប្រុស។ អ្នក​ខ្លះ​រកស៊ី​ខាត​បង់​អស់​ពី​ខ្លួន ជួប​បញ្ហា​អគ្គីភ័យ ជួប​រឿង​ចាញ់​បោក​គេ​ ជួប​វិបត្តិ​ក្នុង​គ្រួសារ លែងលះ បែក​បាក់​ស្នេហា បាត់បង់​មនុស្ស​ជា​ទីស្រលាញ់​ទាំង​ព្រាត់ប្រាស​ស្លាប់​និង​រស់ បញ្ហា​ការងារ បញ្ហា​សុខភាព​ផ្ទាល់​ខ្លួន មិន​អាច​មាន​កូន​បាន។ល។ សុទ្ធ​តែ​ជា​អ្នក​ស្ថិត​ក្នុង​បរិបទ​វិបត្តិ​ផ្លូវ​ចិត្ត​ធ្ងន់ ហើយ​អ្នក​ខ្លះ​ក៏​មាន​អ្នក​ជម្នះ​ឆ្លងកាត់​បាន កសាង​អ្វីៗ​ល្អ​ប្រសើរ​ជាង​ពី​មុន​ទៅទៀត។ ខ្ញុំ​និយាយ​ជារួម​ដូច្នេះ ក្នុង​នោះ​ក៏​មាន​មនុស្ស​ជុំវិញ​ខ្លួន​ខ្ញុំ​មិន​តិច​ទេ ដែល​ស្ថិត​ក្នុង​ស្ថានភាព​គិត​ថា​ខ្លួន​ដុនដាប​ធ្លាក់​ដល់​ចំណុច​សូន្យ អស់​ទី​ពឹង​ដូច​ខាង​លើ ហើយ​ខ្ញុំ​ជឿ​ថា គ្នា​យើង​ បងៗ​មួយ​ចំនួន​ក៏​អាច​កំពុង​មាន​បញ្ហា​ណាមួយ​ក្នុង​ចំណោម​ខាង​លើ​ដែរ។

អ្នក​មាន​កូន​មាន​ជំងឺ​អូទីស្សឹម – នេះ​ជា​អំណោយ​អាក្រក់​បំផុត​ប្រសិន​បើ​យើង​ជា​ប៉ា ជា​ម៉ាក់​ក្មេង។ ខ្ញុំ​ជួប​បងស្រី​ម្នាក់ គាត់​រៀបរាប់​ពន្យែរពន្យល់​ទាំង​អួល​ដើមក​ពី​អារម្មណ៍​ដែល​ពិបាក​ទទួល​យក​បំផុត ចំពោះ​កូន ចំពោះ​អ្នក​ដែល​គាត់​ហ៊ាន​លះបង់​សូម្បី​ជីវិត ដើម្បី​ផ្លាស់ប្ដូរ​សេចក្ដី​សុខ​ឲ្យ​កូន។ គាត់​ពន្យល់​ពី​ភាព​មមាញឹក​របស់​យើង​ជា​ឪពុក​ម្ដាយ ចេញ​ពី​ព្រលឹម​ចូល​ផ្ទះ​វិញ​ព្រលប់​ទាំង​ប្ដី​ទាំង​ប្រពន្ធ ក្រៅ​ពី​ការងារ​ទាំង​២នាក់ នៅ​មាន​អាជីវកម្ម​មួយ​មហាសែន​រវល់​ទៀត។ សរុប​ទៅ​យប់​ដល់​ផ្ទះ មាន​ពេល​ជាមួយ​កូន​តិចតួច​បំផុត បន្ទាប់​ពី​ឆ្ងាយ​ពី​កូន​បំពេញ​ការងារ​មិន​តិច​ជាង ១០ម៉ោង​សឹង​រាល់​ថ្ងៃ។ ដូច្នេះ​មាន​តែ​បង្ខំចិត្ត​ទុក​កូន​ចោល​ជាមួយ​អ្នក​ផ្ទះ ហើយ​បណ្ដោយ​ឲ្យ​គេ​មើល​ទូរស័ព្ទ​ម៉ាងៃៗ។ ទម្លាប់​បែប​នេះ តាំង​ពី​កូន​ជិត ១ខួប ដល់​គេ​ធំ ជាង ២ខួប ​បាន​គាត់​ចាប់​អារម្មណ៍។

លុះ​ដឹង​ខ្លួន ដឹង​ថា​កូន​កំពុង​មាន​បញ្ហា​អូទីស្សឹម មិន​ខ្វល់​នឹង​មនុស្ស​ជុំវិញ​ខ្លួន មិន​ខ្វល់​នឹង​អ្នក​ណា​ទាំង​អស់ មិន​ចង់​នៅ​លេង​ជាមួយ​ក្មេង​ដទៃ ចូល​ចិត្ត​នៅ​តែ​ឯង គឺ​កូន​ដល់​ដំណាក់កាល​រាង​ធ្ងន់​បន្តិច​ទៅ​ហើយ។ អ្វី​ដែល​គាត់​បន្ទោស​ខ្លួន​ឯង​បំផុត​គឺ​ទុក​កូន​ចោល​ពេក​ ដើម្បី​ជីវភាព ព្រោះ​ត្រូវ​រ៉ាប់រង​ច្រើន​មួយ​ខែៗ។ ត្រូវ​ហើយ​យើង​មើល​ទៅ​អ្នក​ខ្លះ​កាត់​សេចក្ដី​ថា​អាច​ជា​កំហុស​គាត់ ប៉ុន្តែ​យើង​អត់​បាន​ស្ថិត​ក្នុង​ស្ថានភាព​ជីវិត​ដូច​គាត់​ជាក់​ស្ដែង​ទេ។ ក្រោយ​ស្វែងយល់​ពី​ជំងឺ​នេះ ក្ដី​សង្ឃឹម​ចុងក្រោយ​របស់​គាត់​គឺ ព្យាបាល​កូន​ឲ្យ​ជា​ដូច​ដើម។ ស្វែងយល់​ពី​ជំងឺ ស្វែងរក​ប្រឹក្សា​ពី​មិត្តភ័ក្ដិ​អ្នក​ធ្លាប់​ជួប​រឿង​ដូច្នេះ ស្វែងរក​គ្រូ​បង្រៀន​កូន រត់​ទៅ​រក​ពេទ្យ និង​ការ​រៀបចំ​ពេលវេលា​ផ្ទាល់​ខ្លួន​ឡើង​វិញ នៅ​ជាមួយ​កូន​រាប់​ឆ្នាំ ដើម្បី​បង្រៀន​កូន បង្ហាត់​កូន​ឲ្យ​និយាយ ឲ្យ​លេង​ជាមួយ​ប៉ាម៉ាក់ ជាមួយ​បងប្អូន ឬ​ក្មេងៗ​ដទៃ ឲ្យ​ថា​តាម លើក​សរសើរ ​បន្ថយ​ការ​ឲ្យ​កូន​លេង​ជាមួយ​ឧបករណ៍​អេឡិចត្រូនិក។ បច្ចុប្បន្ន​កូន​ប្រុស​ច្បង ក្នុង​ចំណោម​កូន ៣នាក់​របស់​គាត់ ប្រសើរ​ឡើង​ខ្លាំង នឹង​ត្រឡប់​ទៅ​ដូចដើម​ដូច​គ្នា​ធម្មតា​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​ហើយ។ ការព្យាយាម​រៀបរាប់​នេះ ក៏​ជា​ការ​ចែករំលែក​របស់​គាត់ ឲ្យ​ម៉ាក់ប៉ា​គ្រប់​គ្នា កុំ​ឲ្យ​ទទួល​បទពិសោធន៍​ជូរចត់​បំផុត​សឹង​មិន​អាច​ទទួល​យក​បាន​ដូច​គាត់​បែប​នេះ។

បញ្ហា​អូទីស្សឹម កើន​ឡើង​សព្វ​ថ្ងៃ​គឺ​ស្រដៀង​គ្នា​ភាគ​ច្រើន​ដូច​បញ្ហា​បងស្រី​ខាង​លើ ដូច​សារ​តែ​ភាព​មមាញឹក​ខ្លាំង​ពេក សម័យ​កាល​ឧបករណ៍​អេឡិចត្រូនិក​ច្រើន​ពេក។ មាន ២ករណី​ផ្សេង​ទៀត​ដែល​សុទ្ធ​តែ​មាន​កូន​ប្រុស ជួប​បញ្ហា​កូន​មាន​ជំងឺ​អូទីស្សឹម ប៉ុន្តែ​ដោយ​សារ​តាមដាន​ អង្កេត​ដឹង​ថា កូន​ទើប​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង ម៉ាក់ប៉ា​របស់​គេ បាន​ប្រឹក្សា​ជាមួយ​គ្រូបង្រៀន ឬ​ពេទ្យ​រួច​ជា​ស្រេច​ដើម្បី​ដោះស្រាយ​ឲ្យ​ទាន់​ពេល។

ស្វែងយល់បន្ថែមពីបញ្ហាអូទីស្សឹម៖

ផ្លូវកាយ

បើ​និយាយ​ដល់​ជំងឺ ឬ​រោគ​ស្ត្រី​មាន​ច្រើន​រាប់​មិន​អស់​ទេ។ ខ្ញុំ​សូម​លើក​យក​ឧទាហរណ៍ តែ​ប៉ុន្មាន​ទេ មក​ចែក​រំលែក។ បញ្ហា​ចម្បងៗ​របស់​ស្ត្រីៗ​គឺ ការ​រៀបចំ​ផែនការ​គ្រួសារ យក​កូន​តាម​ចំនួន​និង​បំណង ការ​ពពោះ​ គ្រោះថ្នាក់​របស់​កូន​ក្នុង​ផ្ទៃ និង​បញ្ហា​១ ឬ ២ផ្សេង​ទៀត។

គ្រួសារ​មួយ រៀបការ​ហើយ ចូល​ ៥ឆ្នាំ​អត់​មាន​កូន​តាម​បំណង ទោះ​ព្យាយាម​ ទោះ​ជា​តាមដាន​វដ្ដ​រដូវ ថ្ងៃ​មេ​ជីវិត​ញី​ធ្លាក់​មក​បង្ក​កំណើត​យ៉ាង​ណា​ក៏​នៅ​តែ​អត់។ ៥ឆ្នាំ គិត​មើល​ទៅ មិនមែន​រលូត​ទេ គឺ​អត់​មាន​តែ​ម្ដង។ ទាំង​ប្ដីប្រពន្ធ​ក៏​សម្រេច​ចិត្ត​ទៅ​ពិនិត្យ​សុខភាព និង​សុខភាព​មេ​ជីវិត​ទាំង​សង្ខាង ដើម្បី​រក​មូលហេតុ​ពិត ក្រៅ​ពី​ការ​ព្យាយាម។ ក្រោយ​ពិនិត្យ​លទ្ធផល​បង្ហាញ​ថា មេ​ជីវិត​ឈ្មោល​ខាង​ប្ដី ខ្សោយ​ខ្លាំង ឬ​សឹង​មិន​អាច​បង្ក​កំណើត​បាន។ ដល់​ចំណុច​នេះ ជា​កាតព្វកិច្ច​របស់​ពេទ្យ បូករួម​នឹង​ការ​ខិតខំ​របស់​សាមីខ្លួន។ មក​ទល់​ពេល​នេះ គ្រួសារ​នេះ បាន​កូន ២ហើយ សុទ្ធ​តែ​ស្រីៗ គួរ​ឲ្យ​ស្រឡាញ់។ បញ្ហា​កាន់​តែ​ពិបាក​ប្រសិន​បើ​ម៉ោ​ពី​ខាង​ស្រី គឺ​កត្តា​អាយុ លើស ៣៥​ឆ្នាំ។ ជនជាតិ​បរទេស​ម្នាក់ ឆាត​មក​ទាំង​ក្ដុលក្ដួល មានកូន​ហើយ​មិននៅ (រលូត)។ ក្រោយ​មាន​បញ្ហា​នេះ គាត់​ព្យាយាម​មិនបោះបង់ ហើយ​បច្ចុប្បន្ននេះ​កូន​ជិត​គ្រប់ខែហើយ។

ស្វែងយល់បន្ថែម​ពី​បញ្ហា​រលូតកូន៖

[embed-health-tool-ovulation]

មាន​ករណី​ច្រើន​រឿង​មិន​អាច​មាន​កូន​នេះ ក្រោយ​ចាប់​ដៃ​សាង​គ្រួសារ ហើយ​ចុងក្រោយ​ក៏​សម្រេច​ចិត្ត​លែង​លះ ព្រោះ​មិន​សមបំណង​តាម​ច្បាប់​ធម្មជាតិ។ អ្នក​ស្គាល់​មួយ​ចំនួន​ទៀត ក៏​ស្រុះស្រួល​គ្នា​សម្រេច​ចិត្ត​យក​កូន​ចិញ្ចឹម ដើម្បី​បន្ត​វង្សត្រកូល​ទៅ​មុខ​ទៀត។

ឧបសគ្គ​មាន​កូន ឬ​បញ្ហា​អាអត់​កូន អាចមក​ពី​មូលហេតុ​ច្រើន​យ៉ាង។ យោងតាម​ការ​បញ្ជាក់​ពី​ខាង​គ្រូពេទ្យ​បានបង្ហាញ​ថា ស្រីៗមានបញ្ហាសុខភាព ៧មុខនេះ អាចពិបាកមានកូន មានដូចជា៖

១. អូវែបញ្ចេញមេជីវិតញីមិនទៀងទាត់

២. ជំងឺរលាកអាងត្រគាក

៣. ក្រពេញទីរ៉ូអ៊ីតអសកម្ម

៤. ការរលាក

៥. ជំងឺគីសលើក្រពេញអូវែ

៦. ជំងឺរលាកពោះវៀន

៧. ជំងឺប្រព័ន្ធភាពសុំា (លម្អិត)

ផុត​ចប់​ពី​បញ្ហា​អា​អត់​មាន​កូន ចូល​ដល់​ដំណាក់​កាល​ដំបូង​បំផុត​ក្នុង​ជីវិត​របស់​មនុស្ស​ស្រី​គឺ ការ​មាន​ផ្ទៃ​ពោះ។ មាន​កូន​ជា​កាដូ​ជីវិត​ដ៏​ធំ ដែល​គ្រប់​គ្នា​ស្រមៃ​ចង់​បាន ហើយ​តួនាទី​ជា​ម្ដាយ​គឺ បីបាច់​ថែទាំ​កូន ប៉ូវ​សព្វគ្រប់​ឲ្យ​តែ​ឮ​គេ​ថា​ល្អ ហើយ​មិន​ប៉ះពាល់​កូន តាំង​ពី​ដឹង​ថា​មាន រហូត​ដល់​ថ្ងៃសម្រាល​កូន​ចេញ​មក​ឃើញ​ផែនដី ប៉ាម៉ាក់​បាន​ឃើញ​មុខ។ ប៉ុន្តែ​តាំង​ពី​មាន មិន​ស្រួល​ឯណា ព្រោះ​ក្នុង​ពោះ មាន​ជីវិត​ម្នាក់​ទៀត។ ដូច្នេះ​រាល់​សកម្មភាព រាល់​ការញ៉ាំ​ចំណីចំណុក ឥរិយាបថ បូករួម​ទាំង​ការ​វិវត្ត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​របស់​កូន​ក្នុង​ពោះ​មិន​មែន​សុទ្ធ​តែ​លូតលាស់​ទៅ​រលូន​មិន​មាន​បញ្ហា​ ១០០% ទាំង​អស់​ទេ។ កូន​ក្រៅ​ស្បូន ទង​សុក​រំ​ក​កូន កូន​ខ្សោយ កូន​កើត​មុន​ខែ រលូត​កូន កូន​ស្លាប់​ក្នុង​ពោះ…សុទ្ធ​តែ​ជា​បញ្ហា​គួរ​ព្រួយ​បារម្ភ យក​ចិត្ត​ទុកដាក់​ខ្ពស់ តាមដាន ព្រោះ​អាច​មាន​ផល​ប៉ះពាល់​ដល់​អាយុ​ជីវិត​កូន​និង​ម្ដាយ​បាន​គ្រប់​ពេល ជា​ពិសេស​ពេល​សម្រាល។ ប៉ុន្មាន​ចំណុច​ខាង​លើ មិន​ថា​បងប្អូន​យើង​ជា​ម្ដាយ​ថ្មីថ្មោង កូន​ដំបូង ជួប​ផល​លំបាក​ផ្ញើសារ​មក​សួរ​នាំ​យើង​ទេ សូម្បី​អ្នក​ក្បែរ​ខ្លួនៗ​ខាងក្រៅ​ឯណេះ ក៏​មាន​បញ្ហា​ទាំង​នេះ​ដូច​គ្នា។ កូន​ក្រៅ​ស្បូន ជា​បញ្ហា​ធំ​បំផុត​មួយ​ដែល​អាច​គំរាមកំហែង​ដល់​អាយុ​ជីវិត​ម្ដាយ ហើយ​ទាមទារ​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់ ពិនិត្យ​ ពិគ្រោះ​និង​តាមដាន​រាល់​ការវិវត្តន៍​របស់​កូន។ ករណី​ធ្ងន់ធ្ងរ​ខ្លះ គ្រូពេទ្យ​មិន​ឲ្យ​ទុក​កូន​ទេ តែ​អ្នក​នៅ​ក្បែរ​ខាង​ខ្ញុំ​ស្គាល់ សម្រាល​​វះកាត់​ដោយ​ជោគជ័យ។

ប៉ុន្មាន​ថ្ងៃ​មុន​នេះ រឿង​ទងសុក​រុំ​ក​កូន។ ស្ថានភាព​នេះ វា​អាច​មាន​កម្រិត​គ្រោះ​ថ្នាក់​ពី​ទាប​ទៅ​ខ្ពស់​ដូច​គ្នា​ដែរ។ ដោយ​សារ​ប្រវែង​ទងសុក​វែង បើ​រុំ​មួយ​ជាន់​មិន​អី​ទេ តែ​បើ​ចាប់​ពី​ ២ជាន់ ៣ជាន់​ឡើង​ទៅ បូករួម​ជាមួយ​អាយុ​របស់​គភ៌ សុទ្ធ​តែ​ទាមទារ​ការ​តាមដាន​ខ្ពស់។ ចម្លើយ​ពី​អ្នក​ស្គាល់​គ្នា​ទៅ​ផ្ញើ​ពោះ​នៅ​សម្ភព។

ស្វែងយល់បន្ថែមពីបញ្ហាទងសុក៖

រឿង​ជំងឺ​ទឹកនោមផ្អែម​របស់​មនុស្ស​ចាស់ សុទ្ធ​តែ​ទាមទារ​ការ​ថែទាំ​ខ្ពស់។ ជំងឺទឹកនោមផ្អែម​អំឡុង​ពេល​ពពោះ ក៏​ជា​បញ្ហា​ដែរ។ ការគ្រប់គ្រង​ជាតិ​ស្ករ តាមរយៈ​ចំណីចំណុក​ក៏​យើង​ជា​កូន​ត្រូវ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ចៀសវាង​ផលវិបាក​នានា​ជា​ច្រើន​ដែរ ដើម្បី​ធ្វើ​យ៉ាង​ណា​រក្សា​តុល្យភាព​សុខភាព​អ្នក​ជំងឺ ឲ្យ​រស់​នៅ​ល្អ​ប្រក្រតី​ដូច​អ្នក​មិនមាន​ជំងឺ​ទឹកនោមផ្អែម​អ៊ីចឹង​ដែរ។ គិតតែ២០១៩ កម្ពុជា​ចំណាយ​​ថ្លៃព្យាបាលជំងឺទឹកនោមផ្អែមជាង​ ១០០​លាន​ដុល្លារ​ (លម្អិត)។

អ្នក​ជំងឺ​មហារីក​សុដន់​ម្នាក់​ទៀត។ គាត់​អាយុ​ស្របាល​ម្ដាយ ឬ​ជីដូន​ខ្ញុំ​ទៅ​ហើយ។ ខ្ញុំ​ក៏​ទើប​តែ​ទទួល​បាន​ដំណឹង​ថា ស្ត្រី​ដែល​ធ្លាប់​តែ​ជជែក​លេង​ជាមួយ​ខ្ញុំ​នោះ​ទើប​ទទួល​បាន​ការ​ព្យាបាល​ដោយ​គីមី លើ​ដំណាក់កាល​ទី១ ឬ​ទី២​របស់​គាត់។ ខ្ញុំ​ឃើញ​សក់​គាត់​ចាប់​ផ្ដើម​ប្រែប្រួល ប្ដូរ​ពណ៌ និង​ជ្រុះ ពេល​គាត់​កំពុង​ស្រោច​ផ្កា ស្រោច​សួន​ច្បារ​គាត់ ក្នុង​ទឹកមុខ​ស្រស់ស្រាយ មិន​បាក់​ទឹក​ចិត្ត មិន​អស់​សង្ឃឹម។ ខ្ញុំ​ក៏​បន្ត​ជជែក​លេង​ជាមួយ​គាត់​ដូច​ធម្មតា ជម្រាប​សួរ​គាត់ ទាំង​ដែល​ដៃ​គាត់​កាន់​ទុយយោ​ទឹក​ស្រោច​កូន​ឈើ​បណ្ដើរ​ថា សុខសប្បាយ​ទេ​អ៊ំ? យ៉ាង​ម៉េច​ហើយ​សុខភាព​អ៊ំ? គាត់​ញញឹម​ពព្រាយ​តប អ៊ំ​អត់​អី​ទេ? ជជែក​ច្រើន ទើប​ខ្ញុំ​ដឹង​ថា​គាត់​ជា​មនុស្ស​ស្រី​ដ៏​រឹងមាំ​ម្នាក់ មិន​បាក់ស្បាត មិន​ចុះ​ញ៉ម។

ករណី​កោសិកាជំងឺ​មហារីក​មួយ​ទៀត ជា​មនុស្ស​ស្រី​ម្នាក់​ដែល​ដឹង​ថា​ក្នុង​គ្រួសារ​មាន​ហ្សែន​មហារីក ព្រោះ​ប្រវត្តិ គ្រួសារ​ធ្លាប់​មាន​អ្នក​ឈឺ​ជំងឺ​មហារីក។ ដូច្នេះ​ស្ត្រី​ម្នាក់​នោះ​ដែល​ដើរ​តួ​ជា​ឪពុក​ផង ជា​ម្ដាយ​ផង​មើល​ថែ​ប្អូន​ប្រុស​ម្នាក់​សព្វគ្រប់ ក៏​បង្កើត​ទម្លាប់​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ក្នុង​ការ​ទៅ​ពិនិត្យ​សុខភាព​ទៀងទាត់​រៀងរាល់ ៦ខែ​ម្ដង។ ជា​លទ្ធផល​ប្អូន​របស់​គាត់​ពេទ្យ​រក​ឃើញ​ដុំ​សាច់​កាច​ក្នុង​ពោះវៀន​ធំ ដែល​ទាមទារ​ការ​វះកាត់​និង​ព្យាបាល​បន្ទាន់។ ការ​ចាត់​ចែង​សព្វ​បែប​យ៉ាង​មិន​ចាញ់​មនុស្ស​ប្រុស បញ្ជូន​ប្អូន​ប្រុស​ខ្លួន​ទៅ​បរទេស​ដើម្បី​ព្យាបាល រហូត​ជា​សះស្បើយ​ធម្មតា និង​បង្កើត​បាន កូន​ស្រី២។ លទ្ធភាព សមត្ថភាព ការ​រៀបចំ ចាត់ចែង ហ៊ាន​ប្រឈម​មុខ ហ៊ាន​ដោះស្រាយ ហ៊ាន​ទទួល​យក​លទ្ធផល ហ៊ាន​សម្រេច​ចិត្ត ជា​អ្វី​ដែល​ខ្ញុំ​ចង់​លើក​យក​មក​បង្ហាញ​ជូន​បងប្អូន​អ្នក​អាន​នៅ​ទី​នេះ។ ព្រោះ​សាក​ស្រមៃ​មើល៍​ថា បើ​គាត់​មិន​បង្កើត​ទម្លាប់​ពិនិត្យ​សុខភាព​ទៀងទាត់ ឬ​ចាត់​ចែង​ដូច​រៀបរាប់​ខាង​លើ ក្រៅ​ពី​សមត្ថភាព​លុយ​កាក់ ​តើ​អាយុ​ជីវិត​ប្អូន​តែ​ម្នាក់​នឹង​ទៅ​ជា​យ៉ាង​ណា?

ផ្លូវ​ភេទ

សុខភាព​ផ្លូវ​ភេទ បញ្ហា​បន្ត​ពូជ គន្លឹះ​សុខភាព​ផ្លូវ​ភេទ ជំងឺ​ឆ្លង​តាម​ការ​រួមភេទ ជំងឺកាមរោគ ជំងឺ​លើ​ប្រដាប់​ភេទ ឈាម​រដូវ បញ្ហា​មាត់​ស្បូន គីស​មាត់​ស្បូន ធ្លាក់​ស អនាម័យ។ល។ ច្រើន​ណាស់ សូម្បី​មាតិកា​របស់​យើង​ដែល​បាន​ចេញ​ផ្សាយ​ពី​បញ្ហា​អស់នេះ មាន​រាប់​រយ​រាប់​ពាន់​អត្ថបទ។

ឧទាហរណ៍​ពេល​មនុស្ស​ស្រី​ចាប់​ផ្ដើម​ពេញវ័យ​ មក​រដូវ។ តើ​គេ​បាន​ចំណេះដឹង​ឯកជន​បំផុត​របស់​គេ​ពី​ណា​ម៉ោ? ធ្លាប់​អាន ធ្លាប់​រៀន​ពី​ការ​អប់រំ​សុខភាព​បន្ត​ពូជ? បងប្អូន​ស្រី​ មិត្តភ័ក្ដិ​ប្រាប់ ណែនាំ អប់រំ ឬ​ក៏​ម៉ាក់​ក្នុង​ផ្ទះ​មាន​ទំនាក់ទំនង​ល្អ​បាន​ណែនាំ បាន​ពន្យល់​ឲ្យ​កូន​ស្រី​បើក​ចិត្ត​ហ៊ាន​បើក​ចំហ​និយាយ​ រាយការណ៍​ប្រាប់​ម៉ាក់ រាល់​បញ្ហា​ទាំង​អស់​នេះ។ ចាត់​ទុក​ថា​មាន​ចុះ តើ​អ្នក​គិត​ថា​មាន​ប៉ុន្មាន​នាក់​ដែល​មាន​ការ​គាំទ្រ​បែប​នេះ? មាន​ប៉ុន្មាន​គ្រួសារ​ដែល​កូន​ស្រី​មិន​អៀន ហ៊ាន​ជជែក​ជាមួយ​ម្ដាយ​បែប​នេះ? អ៊ីចឹង រឿង​អនាម័យ គេច​ឆ្ងាយ​ពី​ជំងឺ​ឆ្លង ការ​ញ៉ាំ​ចំណីចំណុក ការ​ប្រើប្រាស់​សំឡី​អនាម័យ ផ្លាស់ប្ដូរ កាយវិការ​មិន​សម​ប្រកប​ច្រើន​ទៀត​ពេលនេះ​សុទ្ធ​តែ​មិន​ដូច​ពេល​ផុត​ខែ​ថ្ងៃ ដែល​គួរ​ចៀសវាង ឬ​កាត់​បន្ថយ។ ឈប់​អៀន​ខ្មាស ហើយ​ទទួល​ការ​យល់​ដឹង​ច្បាស់​ពី​រឿង​សុខភាព​ផ្លូវ​ភេទ ពី​មនុស្ស​ទុក​ចិត្ត​បំផុត ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​គួរ​ឲ្យ​ទុក​ចិត្ត​បំផុត បន្ត​ជជែក​ជាមួយ​មនុស្ស​ស្រី​ដូច​គ្នា ឬ​ម៉ាក់ ពិសេស​គ្រូពេទ្យ​ជំនាញ ក៏​គួរ​តែ​ហ៊ាន​បើក​ចំហ​ដែរ បើ​ករណី​ចាំបាច់។

បញ្ហា​ផ្លូវ​ភេទ ឬ​ជំងឺ​ឧស្សាហ៍​កើត​មាន​លើ​ប្រដាប់​ភេទ​ស្ត្រី​មាន​ដូចជា៖

១- ឈឺនៅមាត់ទ្វារមាស

២- មានដុំពក ឡើងប៉ោងទ្វារ​មាស

៣- ឆ្លងមេរោគក្នុង​ទ្វារមាស

៤- ធ្លាក់សខុសធម្មតាតាមទ្វារមាស

៥- ជំងឺ​បង្ក​ដោយ​មេរោគទ្រីកូមីណាស់ (Trichomoniasis)

៦- ជំងឺ Vaginismus (លម្អិត)

គួរ​ដល់​ពេល​បើក​ចិត្ត​ឲ្យ​ទូលាយ ហើយ​ចាប់​ផ្ដើម​ស្រឡាញ់​សុខភាព​ខ្លួន​យើង​ហើយ កុំ​ចាំ​ដល់​ពេល​ឈឺ បាន​រត់​ទៅ​រក​ពេទ្យ។ ការពារ​តែងតែ​ល្អ​ជា​ការ​ព្យាបាល គួរ​ធ្វើ​ជា​អ្នក​សម្រេចចិត្ត ហើយ​បើ​យើង​ឈឺ​ហើយ​ គួរ​កុំ​បាក់​ទឹកចិត្ត ធ្វើ​ជា​មនុស្ស​រឹងមាំ​បំផុត​សម្រាប់​ខ្លួន​ឯង ធ្វើ​ដើម្បី​ខ្លួន​ឯង ស្វែងរក​ជំនួយ​គ្រប់​រូបភាព​ពិសេស​គ្រូពេទ្យ​ជំនាញ អ្នក​ធ្លាប់​ឆ្លងកាត់ ប្រឹក្សា ដើម្បី​ការ​សម្រេចចិត្ត​ដ៏​ល្អ​បំផុត​ដើម្បី​ខ្លួន​ឯង។

សន្សំ​ចំណេះដឹង គន្លឹះ​សុខភាព ពី​ប្រភព​ព័ត៌មាន​គួរ​ឲ្យ​ទុក​ចិត្ត​បំផុត ពី​ស្ថាប័ន​ឬ​បុគ្គល​ដែល​យើង​ទទួល​ព័ត៌មាន​នានា​ហើយ អាច​យក​ទៅ​អនុវត្ត​ក្នុង​ជីវភាព​ជីវិត​ប្រចាំ​ថ្ងៃ​យើង​បាន។ ចូលរួម​ដើម្បី​ខ្លួន​ឯង និង​ស្ត្រី​ជុំវិញ​ខ្លួន​ឯទៀតចាប់​​​ពី​ថ្ងៃ​នេះ កុំ​ចាំ​ស្អែក៕

ចូលរួម​ដើម្បី​ខ្លួន​ឯង និង​ស្ត្រី​ជុំវិញ​ខ្លួន​ឯទៀតចាប់​​​ពី​ថ្ងៃ​នេះ កុំ​ចាំ​ស្អែក

ជីព ចិត្ត

បង្កើត ទម្លាប់ ស្វែងយល់ បន្ថែម មិន ថា គន្លឹះ សុខភាព ដែល ពាក់ព័ន្ធ ឬ គ្រាន់ តែ ជា ចំណេះដឹង បន្ថែម

  • បង្កើត​ទម្លាប់​ស្វែងយល់​បន្ថែម​មិន​ថា​គន្លឹះ​សុខភាព​ដែល​ពាក់ព័ន្ធ​ឬ​គ្រាន់​តែ​ជា​ចំណេះដឹង​បន្ថែម
  • បង្កើត​ទម្លាប់​ចែករំលែក​ចែក​រំលែក​មិន​ថា​ទាំង​លើ​បណ្ដាញ​សង្គម ឬ​សមាជិក​ជិតស្និទ្ធ​បំផុត​ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​ទទួល​បាន​ចំណេះដឹង​មាន​ប្រយោជន៍​ថ្មី​ៗ​ក្រៅ​ពី​ការ​កម្សាន្ត
  • ចេះ​វាយតម្លៃ​ ស្ថាប័ន គ្រូពេទ្យ ឬ​ប្រភព​ផ្សព្វផ្សាយ​ផ្លូវការ ដែល​លោក​អ្នក​ជឿជាក់​បំផុត បែងចែក​ឲ្យ​ដាច់​ប្រភព​ព័ត៌មាន​លំៗ មិន​ច្បាស់​ការណ៍ មុន​ជឿ មុន​ចែករំលែក មុន​យក​ទៅ​អនុវត្ត
  • បង្កើត​ទម្លាប់​តាមដាន​សុខភាព និង​យក​ចិត្ត​ទុកដាក់​ខ្ពស់​ទាំង​ការ​តាមដាន​ខ្លួន​ឯង ឬ​ការ​ទៅ​ធ្វើ​តេស្ដ​សុខភាព ចៀសវាង​បញ្ហា​មួយ​ចំនួន​ពី​ស្រាល​ទៅ​ធ្ងន់ ពី​តិច​ទៅ​ជា​ទុំជោរ​
  • បង្កើត​ទម្លាប់​ចូលចិត្ត​ពេទ្យ ដើម្បី​អាច​ពិភាក្សា ឬ​សួរ​សំណួរ​ដែល​ខ្លួន​កំពុង​ឆ្ងល់ កំពុង​សង្ស័យ​បាន​ខ្លះ
  • ឈប់​ខ្មាសអៀន ព្រោះ​រាល់​ចំណេះដឹង​សុខភាព​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត ត្រូវ​ហ៊ាន​សួរ ហ៊ាន​ប្រឹក្សា ហ៊ាន​ទៅ​ពិនិត្យ​តាមដាន ដោយ​ផ្ទាល់
  • បង្កើត​ទម្លាប់​ឈប់​ស្មាន។ គ្នា​យើង​ខ្លះ ភាគ​ច្រើន​តាម​គ្នា។ យក​ល្អ​គួរ​កុំ​ធ្វើ​បែប​នេះ ព្រោះ​ស្ថានភាព​ជំងឺ​និមួយៗ ដាច់​ខាត​ត្រូវ​តែ​គ្រូពេទ្យ​ជំនាញ គ្រូពេទ្យ​ឯកទេស​ជា​អ្នក​ពិនិត្យ​និង​វាយតម្លៃ។ គ្រប់​យ៉ាង​ត្រូវ​ដែល​បញ្ជាក់​ដោយ​គ្រូពេទ្យ សូម​ដាក់​ការ​ជឿជាក់​ទាំង​ស្រុង​ទៅ​លើ​ពេទ្យ កុំ​សន្មត កុំ​សន្និដ្ឋាន ព្រោះ​​បញ្ហា​ខ្លះ​អាច​បង្ក​ជា​ធ្ងន់​បើ​អែអង់
  • គួរ​បង្កើត​ទម្លាប់​នៅ​ឲ្យ​ឆ្ងាយ​ពី​ការ​ធ្វើ​អី​ដោយ​គ្មាន​វេជ្ជបញ្ជា ពិសេស​ទាក់ទង​ការ​ទិញ​ថ្នាំ​សង្កូវ​មួយ​ចំនួន​ដែល​អាច​បង្ក​គ្រោះថ្នាក់ ប្រសិន​បើ​ឱសថ​ទាំង​នោះ​ទាមទារ​វេជ្ជបញ្ជា​ដាច់​ខាត ដូចជា ពពួក​ថ្នាំ​ផ្សះ ឬ​ហៅ​ឧស្សាហ៍​ហៅ​ថា ថ្នាំ​អង់ទីប៊ីយ៉ូទីក
  • កុំ​បង្កើត​ទម្លាប់​ស្ដាយ​លុយ។ ចំណុច​នេះ លុយ​ពិត​ជា​សំខាន់​ រាល់​ការ​ចំណាយ​ដាច់​ខាត​ត្រូវ​តែ​ស្រប​ទៅ​តាម​ខ្ទង់​ចំណាយ ឬ​កម្រិត​ជីវភាព។ ចំណុច​នេះ ខ្ញុំ​ចង់​លើក​តែ​លទ្ធភាព​មាន មិន​ដល់​ថ្នាក់​លក់​របស់​ទ្រព្យ ឬ​ខ្ចីបុល​ទ្រង់ទ្រាយ​ធំ​ទេ ប៉ុន្តែ​បែរ​ជា​ទិញ​ថ្នាំ​ធូរ​ថ្លៃ​មិន​មាន​ស្លាក មិន​មាន​យីហោ មិន​មាន​កាល​បរិច្ឆេទ ឬ​ចាស់ៗ​មួយ​ចំនួន​ពូកែ​ទ្រាំ សុខ​ចិត្ត​សម្ងំ​ឈឺ​សិន ព្រោះ​គិត​ថា​ខ្លួន​មិន​ធ្ងន់ ឬ​មិន​ទាន់​ដំណាក់កាល​ត្រូវ​ចំណាយ​លុយ​កាក់​ទៅ​ពេទ្យ​ជា​ដើម
  • សូម​ធ្វើ​ចិត្ត​ឲ្យ​នឹងន​ ហ៊ាន​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​ខ្លួន​ប្រសិន​បើ​មាន​បញ្ហា​សុខភាព​កម្រិត​ណា​មួយ និង​ព្យាយាម​ស្វែងយល់​បន្ថែម​ជុំវិញ​បញ្ហា កាត់​បន្ថយ​ហានិភ័យ អនុវត្ត​ខ្ពស់​បំផុត​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ជំនាញ​ដែល​លោក​ទៅ​ព្យាបាល។ កុំ​ធ្វើ​តាម​តែ​ពេល​ឈឺ ធូរ​ស្រាក​ស្រាន្ត​បន្តិច​ធ្វើ​ហី
  • ត្រូវ​បែងចែក​ឲ្យ​ដាច់​ថា តើ​ស្ថានភាព​ណា​ធ្ងន់ មួយ​ណា​ស្រាល។ ជា​អ្នក​ជំងឺ គួរ​ដឹង​ពី​ស្ថានភាព​ជំងឺ ដំណោះស្រាយ និង​លទ្ធផល​ក្រោយ​ការ​ព្យាបាល។

និព្ធននាយក

ជីព ចិត្ត

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.who.int/news/item/08-06-2021-new-policy-action-paper-highlights-feasible-policy-interventions-for-addressing-the-underrepresentation-of-women-in-global-health-and-care-leadership#:~:text=Women%20comprise%20almost%2070%25%20of,25%25%20of%20senior%20leadership%20positions

https://www.ncbi.nlm.nih.gov/pmc/articles/PMC6796343/

https://www.who.int/news-room/fact-sheets/detail/depression

8 Health Problems That Can Make It Harder To Get Pregnant
https://www.bustle.com/p/8-health-problems-that-can-make-it-harder-to-get-pregnant-17899457

Pre-Pregnancy Health and Planning
https://www.plannedparenthood.org/learn/pregnancy/pre-pregnancy-health

5 health problems that could be affecting your fertility
https://www.todaysparent.com/getting-pregnant/trying-to-conceive/health-problems-that-could-be-affecting-your-fertility/

Trouble Getting Pregnant
https://www.cdc.gov/pregnancy/trouble.html

កំណែ​ប្រែបច្ចុប្បន្ន

13/05/2022

អត្ថបទ​ដោយ ជីព ចិត្ត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Billy Tran


អត្ថបទពាក់ព័ន្ធ

ស្រីៗគួរពិនិត្យ ៥ ចំណុចនេះ ជាប្រចាំដើម្បីការពារបញ្ហារោគស្រ្តី

មូលហេតុចម្បងនាំឲ្យមានបញ្ហារោគស្ត្រី ស្រីៗគួរតែដឹង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ជីព ចិត្ត · កែ May 13, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម